Wednesday, February 07, 2018

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនៅសឹង្ហបូរី ផ្តោតការយកចិត្តទុកដាក់ទៅលើការប្រឆាំងភេរវកម្មដើម្បីការពារ សន្តិសុខ ស្ថេរភាព នៅក្នុងតំបន់

សឹង្ហបូរី៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) ដែលបានរៀបចំ​ដោយ​ក្រសួងការពារជាតិសឹង្ហបូរី ធ្វើជាម្ចាស់ផ្ទះនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រមុខការពារជាតិ​អាស៊ាន​ទាំង​អស់បានធ្វើការពិភាក្សាគ្នា ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការប្រឆាំងភេរវកម្ម ដើម្បីការពារ​សន្តិសុខ ស្ថេរភាព នៅក្នុងតំបន់។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​បញ្ជាក់ថា៖ តំបន់អាស៊ាននៅតែរក្សាបាននូវស្ថិរភាព និង ឯកភាពគ្នាទោះជាពិភពលោក​ទាំងមូលស្ថិត​ក្នុងការគំរាមកំហែងផ្សេងៗក៏ដោយ។ លោកបន្តថា យន្ដការសហប្រតិបត្តិការក្នុង​តំបន់ក្នុងវិស័យជាច្រើន​ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីការគម្រាមកំហែងសន្តិសុខប្រពៃណី និងមិនមែន​ប្រពៃណីជាច្រើន។ លោកឧបនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា តំបន់របស់យើងនៅតែរងផល​ប៉ះពាល់​អំពី​បញ្ហាប្រឈមចំនួន២សំខាន់ជាងគេ គឺបញ្ហាភេរវកម្ម និងបញ្ហាគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ។

លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បញ្ជាក់បន្ថែមថា បើទោះបីជាប្រទេសកម្ពុជា មិនបានទទួលការគម្រាម​កំហែងដោយផ្ទាល់ពីក្រុមភេរវជនធំៗ ដែលបង្កើតឡើងនៅក្នុងប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាល​កម្ពុជានៅ​តែរក្សា​ជំហរប្រុងប្រយ័ត្ន ចំពោះការគម្រាមកំហែងក្នងតំបន់ ហើយបានចាត់ថ្នាក់អំពើភេរវកម្មជាក្ដីបារម្ភផ្នែក សន្តិសុខឆ្លងដែនមួយក្នុងចំណោមក្ដីបារម្ភផ្នែកសន្តិសុខធំៗ។ ទន្ទឹមនឹងនេះផងដែរ យើងទាំងអស់​គ្នា​ក្នុងក្រប​ខណ្ឌអាស៊ាន មិនគួរមើលរំលងបញ្ហានេះឡើយ​ហើយត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ​ឱ្យបានទូលំ​ទូលាយ​ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចបង្កាបញ្ហាមុននឹងកើតមានឡើង។

លោកឧបនាយករដ្ឋមន្រ្ដី ក៏បានសំដែងនូវសេចក្ដីសោមនស្សរីករាយចំពោះកិច្ចប្រឹងប្រែង រួមរវាងបណ្ដាប្រទេស​សមាជិក​អាស៊ានទាំងអស់ ដែលបានរៀបចំយ៉ាងខ្នះខ្នែង និងដោយជោគជ័យនូវសមយុទ្ធ ADMM-Plus ស្ដីពី​សន្តិសុខផ្លូវសមុទ្រនិងការប្រឆាំងភេរវកម្ម ក៏ដូចជាសមយុទ្ធផ្នែកប្រតិបត្តិការមនុស្សធម៌​ និងការសង្គ្រោះពី​គ្រោះមហន្តរាយ ដែលបានធ្វើកន្លងមក។

សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីការប្រឆាំងភេរវកម្ម​ក្នុង​អាស៊ាន បានថ្កោលទោសដាច់អហង្ការនូវការវាយប្រហារដោយក្រុមភេរវករ នៅតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញ​ពិភពលោក និងសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់គ្រួសារជនស្លូតត្រង់ដែលរងគ្រោះថ្នាក់ ដោយការ​វាយប្រហារភេរវកម្មនេះ។

ក្នុងន័យនេះរដ្ឋមន្ត្រីការពារជាតិអាស៊ានបានព្រមព្រៀងគ្នា ដើម្បីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ប្រឆាំង​ភេរវ​កម្ម​ក្នុងចំណោមគ្រិះស្ថានការពារជាតិអាស៊ាន និងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ។ អាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈលំហាត់ និងការបណ្តុះបណ្តាលរួមគ្នា ការចែករំលែក​ព័ត៌មាន និងបង្កើនកិច្ចសន្ទនា និងការចែករំលែកនូវបទពិសោធន៍ល្អៗ ទទូទាំងរដ្ឋជាសមាជិកអាស៊ាន ។

សេចក្តីថ្លែងការណ៍រួមបានចាត់ទុក ភេរវកម្ម និងហឹង្សាជ្រុលនិយម គឺជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះវឌ្ឍនភាព វិបុលភាព និង ការរស់នៅរបស់អាស៊ាន។ អាស៊ាននៅតែប្តេជ្ញាប្រឆាំងការគំរាមកំហែងនេះ ដើម្បីផល​ប្រយោជន៍​​ប្រជាជនអាស៊ានទាំងមូលផងដែរ ៕





No comments:

Post a Comment