Wednesday, February 07, 2018

កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាំយកអំណោយមនុស្សធម៌ ជូន​គ្រួសារ​រង​គ្រោះ​ដោយគ្រោះអគ្គិភ័យ ១៤​គ្រួសារ

រតនគិរី៖ នៅរសៀល ថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះ​ដោយគ្រោះអគ្គិភ័យ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ នៅភូមិយ៉ែម ឃុំស៊ឺង ស្រុកបរកែវ ខេត្តរតនគិរី។

ក្នុងឱកាសនោះលោក ថង សាវុន ប្រធានសាខាបានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ព្រមនឹងសេចក្ដីសោកស្ដាយជាខ្លាំងជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ បណ្តាលអោយបាត់បង់ ផ្ទះសម្បែង និងសំភារៈយ៉ាងច្រើន ហើយប៉ះពាល់ដល់ការសិក្សារបស់កូនៗផងដែរ។ លោកបានបន្តថា សូម​បង​ប្អូនកុំអស់សង្ឃឹម អោយតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ហើយសូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងចង្រ្កាន និងភ្លើងឆេះព្រៃជាដើម ដែល​​ជាប្រភពនៃគ្រោះថ្នាក់ ធ្វើអោយមានគ្រោះអគ្គិភ័យកើតឡើងជាយថា​ហេតុ ព្រោះនេះមិនមែនជាករណីទី មួយ​ទេ ដែល​មាន​ការ​ឆេះផ្ទះដែលបណ្តាលមកពីភ្លើងចង្រ្កានដាំបាយ ដោយខ្វះការប្រុងប្រយ័ត្ន។

លោក ប្រធានសាខា ក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសា​សន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។

អំណោយមនុស្សធម៌ក្នុង ១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម កៅស៊ូតង់១ កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ ឆ្នាំងបាយ២ ចាន១០ ស្លាបព្រា១០ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា២លីត្រ អំបិល២កញ្ចប់ និងសាប៊ូម្សៅ១គីឡូក្រាម ថវិកា៤ម៉ឺនរៀល រួមនឹងសាលាស្រុកបរកែវ អង្ករ៥០គីឡូក្រាម ក្នុង​១​គ្រួសារ សឹករងស្រុក ទឹកត្រី៤ដប ក្នុង១គ្រួសារ អធិការនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក ថវិកា​៥​ម៉ឺន​រៀល ក្នុង១គ្រួសារ៕





No comments:

Post a Comment