Wednesday, February 07, 2018

អភិបាលខេត្តប៉ៃលិន សំណូមពរដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវយកចិត្តទុក​ដាក់​​ថែរក្សាវប្បធម៌ប្រពៃណីជាតិឱ្យបានគង់វង្ស ដើម្បីឱ្យយុវជនជំនាន់ក្រោយស្គាល់

ប៉ៃលិន៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកមហោស្រពសិល្បៈល្ខោន និង​របាំ​សម្រាប់យុវជនថ្នាក់ខេត្តលើកទី៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលរៀប​ចំ​ឡើង​ដោយមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក កើត សុធា អភិបាលខេត្តប៉ៃលិន សំណូមពរដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីអោយគង់វង្ស ដើម្បីអោយក្មេងៗ​ជំនាន់​​ក្រោយ​បានស្គាស់ពីតម្លៃនៃវប្បធម៌ជាតិយើង ជាពិសេសត្រូវជំរុញដល់​សិស្សានុសិស្ស​អោយ​បាន​យល់ដឹងពីសារៈសំខាន់ នៃល្ខោនខោល និង របាំរែងត្បូង ព្រមទាំងវប្បធម៌ផ្សេងៗ​ទៀត ក្នុងន័យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជាក៏ដូចក្រ​សួងវប្បធម៌​និង​វិចិត្រ សិល្បៈក្នុងការពង្រឹងធនធានវប្បធម៌ជាតិអោយមានការរីកចំរើនជាបន្តបន្ទាប់ និងថែរក្សាការពារ​កុំអោយបាត់បង់។

លោក កើត សុធា បានបន្តថា មហោស្រពថ្ងៃនេះពិតជាមានសារៈ​សំខាន់ណាស់សំរាប់​ខេត្តប៉ៃលិន​របស់យើង ដែលផ្អែកទៅលើមូលដ្ឋានធនធានមនុស្សដែលមានស្រាប់នៅខេត្តតែម្តង ជាពិសេសដើម្បីរំលឹកដល់គុណនុបការៈ ដ៏សំបូរបែបរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ព្រម​ទាំងលើកកម្ពស់នៃការបណ្តុះស្មារតីអោយកូនខ្មែរគ្រប់រូបចូលរួមសកម្មភាពថែរក្សាការពារមរតកវប្បធម៌អរូបីអោយបានគង់ វង្ស រុងរឿង ថ្កើងថ្កានជាឧត្តមដើម្បីជាប្រយោជន៍​ប្រទេសជាតិ​យើង​ជារៀង​រហូត។ លោកក៏បានសំណូមដល់​ក្រុមសីល្បៈសម្តែងទាំ​ងអស់ត្រូវខិតខំបញ្ចេញ​អោយ​អស់ពីសមត្ថភាពដើម្បីទទួលបានលំដាប់ថ្នាក់ទៅធ្វើការប្រកួតប្រជែងនៅថ្នាក់ជាតិបន្តទៀត ។

នាឱកាសនោះដែរ លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានឱ្យ​ដឹង​ថាការរៀបចំមហាស្រ​ពនៅពេលនេះដើម្បីជ្រើសរើសក្រុម​ដែលទទួលបាន​ជំណាប់ថ្នាក់យក​ទៅ​ប្រកួត​​​ថ្នាក់​ជាតិក្នុ​ងឆ្នាំ២០១៨ខាងមុខនេះ ក្នុងការបង្កើតព្រឹត្តិការណ៍អបអរសារទរទិវាវ​ប្បធម៌​ជាតិ ៣មិនា លើកទី២០ ឆ្នាំ២០១៨ និងបំផុសចលនាចូលរួមសកម្មភាពវប្បធម៌​របស់​យុវជន​ជំនាន់​​ថ្មី ជាពិសេសបន្តការបណ្តុះបណ្តាលអប់​រំចំណេះដឹងអំពីសិល្បៈវប្បធម៌ដើម្បី​អោយយុវជន​យុវនារី​ខ្មែរ​បានយល់ដឹងពីសារៈប្រយោជន៍ និងតម្លៃនៃសិល្បៈវប្បធម៌របស់ដូនតាខ្មែរយើង ក្នុងការរួម​ចំណែក​ថែរក្សាការពារអោយបានគង់វង្ស និងអភិវឌ្ឍន៍អោយ​បានរុងរឿងនូវបេតិក​ភណ្ឌវប្ប​ធម៌​ទាំងនោះនៅ​ក្នុងសកលភាវូបនីយកម្មទំនើបជឿនលឿន ព្រមទាំងធ្វើការបំផុសស្មារតី​​ស្នេហាវប្បធម៌​ជាតិ បន្តវេន និងជម្រុញការបង្កើតស្នាដៃថ្មីៗ​ដើម្បីលើក​ស្ទួយ​អត្តសញ្ញាណវប្បធម៌​ជាតិស្រប​តាមគោលនយោបាយយុទ្ធសាស្រ្តរបស់​ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈសំដៅទប់ស្កាត់​ការហូរចូល​វប្បធម៌​អវិជ្ជមានពី​ខាងក្រៅ។

សូមបញ្ជាក់ថា ការបើកមហោស្រពសិល្បៈយុវជនថ្ងៃនេះ គឺមានចំនួន២ក្រុម ដូចជា ក្រុមទី១-ក្រុមសិល្បៈសិស្សថ្នាក់មធ្យម មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ សម្តែងល្ខោន​ខោលក្នុងឈុត (ចម្បាំងពេលយប់)។ ក្រុមទី២- ក្រុមសិល្បៈសិស្សថ្នាក់មធ្យម មកពីវិ​ទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន សម្តែង(របាំរែងត្បូង) ហើយនៅក្នុង​ឱកាស​នោះ​លោក កើត សុធា ក៏បានប្រគល់បាច់ផ្កា និងឧបត្ថម្ភថវិការចំនួន១លាន​រៀលដល់ក្រុមទាំង២ និងថវិកាចំនួន ៥០ម៉ឺនរៀល ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈផងដែរ៕



No comments:

Post a Comment