លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដែលហៅថាថៅកែបានលុះត្រាតែមានកម្មករ បើមានតែរោងចក្រគ្មានកម្មករ គេមិនហៅថៅកែទេ គេហៅម្ចាស់ឃ្លាំង។ ប៉ុន្តែបកមកវិញកម្មករ បើគ្មានរោងចក្រទេ ក៏គេមិនហៅកម្មករដែរ ហើយបើខ្លួនកាន់ឧបករណ៍កសិកម្មវិញនោះគេហៅថាកសិករទេ។ ដូចនេះទាំងអស់គ្នាត្រូវរួមគ្នាដើម្បីការពារនូវឆ្នាំងបាយរបស់ខ្លួនគឺរោងចក្រដែលខ្លួនកំពុងតែមាននេះ ធ្វើយ៉ាងម៉េចឱ្យរោងចក្រនេះមានដំណើរការទៅមុខស្រួល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរថា ទំនាក់ទំនងនៅក្នុងវិស័យការងារ រវាងអ្នកគ្រប់គ្រងជាមួយនឹងកម្មករ ត្រូវតែទំនាក់ទំនងឱ្យបានល្អប្រសើរ ដោយគ្មានការប្រមាថណាមួយចំពោះកម្មករទេដោយត្រូវគិតគូរពិចារណាថាជីវិតយើង ជីវិតគេ គ្រាន់តែខ្លួនមានឋានៈខ្ពស់ជាងគេបន្តិច ខ្លួនមិនអាចយកការប្រមាថណាមួយចំពោះកម្មករបានទេ បើទោះបីខ្លួនមានប្រាសកាក់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែត្រូវដឹងថាមនុស្សកើតឡើង គ្មាននរណាកើតមកមានទ្រព្យសម្បត្តិមកជាមួយនោះឡើយ។ លោកចង់ឱ្យរោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា បណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់ ក៏ដូចជាសិប្បកម្មទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យក្លាយទៅជាសហគមន៍នៃការផលិតដើម្បីការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែល្អប្រសើរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពិតហើយដែលនៅសល់បញ្ហាខ្លះៗតិចតួច ក៏ប៉ុន្តែបើប្រៀបធៀបជាមួយបញ្ហាដែលមានកាលពីអតីតកាល ក៏អាចចាត់ទុកថាជាផ្នែកដ៏សំខាន់នៃការដោះស្រាយបញ្ហានៅក្នុងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហាទាំងឡាយផងដែរ។ យើងមិនចាំបាច់ក្នុងការបង្កើតតុលាការការងារទេ ដោយសារតែយន្តការត្រីភាគី និងបញ្ហាបទពិសោធន៍នៃការដោះស្រាយ រយៈពេលកន្លងទៅតាមរយៈការសម្របសម្រួល គឺបានគ្រប់គ្រាន់ណាស់ទៅហើយ៕

No comments:
Post a Comment