Wednesday, February 07, 2018

លិខិតផ្ញើជូនលោក បណ្ឌិត ឡៅ ម៉ុងហៃ

ក្នុងនាមខ្ញុំជាពលរដ្ឋសមាញ្ញម្នាក់តែងតែបានស្តាប់ការវិភាគជាច្រើនរបស់លោកបណ្ឌិត អំពី​បញ្ហា​សង្គម​​កម្ពុជា​បច្ចុប្បន្ន តាមរយៈបណ្តាញសារព័ត៌​មានជាតិ និងអន្តរជាតិខ្លះ ហើយលោកបណ្ឌិត តែង​តែ​បាន​ចែករំលែង​ការចេះ​ដឹងដ៏ជ្រាលជ្រៅរបស់​លោក​បណ្ឌិដល់ប្រជា​ពល​រដ្ឋខ្មែរទូទៅឱ្យបានយល់ដឹង អំពី​បញ្ហា​សង្គម សេដ្ឋ​​កិច្ច និងនយោបាយក្នុងស្រុកជាច្រើន។ ប៉ុន្តែ ថ្មីៗនេះ តាមរយៈការផ្សាយរបស់​វិទ្យុអាស៊ីសេរី ក្នុង​ថ្ងៃ​ទី​០៤ ​ខែកុម្ភៈ ឆ្នាំ២០១៨ កន្លង​ទៅ លោកបណ្ឌិត ហាក់​ដូច​​ជា​បាន​ធ្វើ​ការ​អធិប្បាយ​ហួស​ពី​ខ្សែ​បន្ទាត់​នៃ​ភាព​ត្រឹម​ត្រូវ សុច្ចរិតភាព និងយុត្តិធម៌ សម្រាប់មហាជនទូទៅដែលស្រឡាញ់សន្តិភាព ស្ថេរភាពនយោ​បាយ និង​ស្រឡាញ់លទ្ធិប្រជាធិបតេយ្យដែរនោះ មិនអាចទទួលយកបានក្នុងន័យដែលលោក​បណ្ឌិត​បានអះអាងថា «អ្នក​លែង​គោរព​រដ្ឋធម្មនុញ្ញ អ្នក​លែង​គោរព​ច្បាប់​អី​ហ្នឹង គឺ​ គេ​ចាត់ទុកថា ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ហើយ​ធ្វើ​អ៊ីចឹង​គេ​ថា ទៅ​ជា​ឧទ្ទាម» ដែលលោកបណ្ឌិតសំដៅដល់រាជរដ្ឋាភិបាលថា ជា​ក្រុម​ឧទ្ទាម ឬ​ជា​សត្រូវ​នៃ​រដ្ឋធម្មនុញ្ញ ជា​សត្រូវ​នៃ​នីតិរដ្ឋ និង​ជា​សត្រូវនឹង​លទ្ធិប្រជាធិបតេយ្យ។ ក្នុង​ទស្សនៈ​របស់​លោក​បណ្ឌិត តើ​មាន​រដ្ឋា​ភិបាល​ជ្រើស​តាំងដោយការបោះ​ឆ្នោតជាសា​កល​ណាខ្លះក្នុងលោកនេះត្រូវបានគេចាត់ទុក​ថា ជា​រដ្ឋា​ភិបាល​​ឧទ្ទាម? តើប្រជាជនអ្នក​បោះ​​ឆ្នោតភាគច្រើនអាចចាត់ទុក រដ្ឋាភិបាលដែលខ្លួន​បានបោះឆ្នោត និង​បាន​​ផ្តល់​សេច​ក្តី​ទុកចិត្តថា ជារដ្ឋា​ភិបាលដែលកំពុងបានដឹកនាំប្រទេស រក្សាការពារជ្រោងទង់សន្តិភាព ស្ថេរ​ភាព និងការអភិវឌ្ឍដើម្បីវិបុល​ភាព និងឥស្សរភាព​ថា ជាឧទ្ទាម​បានឬទេ?

ទី១ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ក៏ដូចពលរដ្ឋខ្មែរទូទៅ ខ្ញុំមានការសោកស្តាយបំផុតចំពោះការ​អធិ​ប្បា​យ​​ដ៏​អយុត្តិធម៌ គ្មានសុច្ចរិតភាព និងគ្មានភាពត្រឹមត្រូវរបស់លោកបណ្ឌិត ដែល​បាន​ចាត់​​ទុក​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់មួយថា ជាក្រុមឧទ្ទាម ដែលការអធិប្បាយរបស់លោកបណ្ឌិត គឺ​ជា​ការ​ប្រមាថ​ដល់​ម្ចាស់​ឆ្នោត​ដែល​បាន​ផ្តល់សេចក្តីទុកចិត្តដោយសម្លេងភាគច្រើន ហើយ​ក៏​ជា​ការ​រដៀល​ត្មេះ​យ៉ាង​ធ្ងន់​ធ្ងរ​មួយ​ទៅ​នឹង​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ្ញ ដែលបានកំណត់ឱ្យរាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹ​ទ្ធស​ភា ត្រូវធ្វើសច្ចា​ប្រណិ​ធាន មុន​ចូល​កាន់​តំណែង នៅចំពោះព្រះភ័ក្រ្តព្រះ​មហា​ក្សត្រ ព្រះភ័ក្រ្តនៃសម្តេចព្រះសង្ឈរាជ និងទេវ​តា​រក្សាស្វេតច្ឆត្រ ដោយ​សច្ចា​ប្តេ​ជ្ញាដាច់​ខាត ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងឯកភាពជាតិខ្មែរ ប្រ​ឆាំង​​​នឹង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស តាមគ្រប់រូបភាព និងដើម្បីតម្កល់​ផលប្រយោជន៍ជាតិ និងប្រជា​​ជនជាធំ។

ទី២ ខ្ញុំយល់ថា រដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ ហើយ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​មាន​កាត​ព្វ​កិច្ច​តាម​ច្បាប់​ក្នុង​អាណត្តិត្រូវអនុវត្តនីតិរដ្ឋ ដើម្បីរក្សាការពារសន្តិភាព ស្ថេរភាព សន្តិ​សុខ​សណ្តាប់​សង្គម​ដែល​ជា​មូល​ដ្ឋាន​គ្រឹះសំខាន់បំផុត ដើម្បីធានាដល់​ការកសាង និងអភិវឌ្ឍជាតិ ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឈរលើមូលដ្ឋាននៃការពង្រឹងការអនុវត្តនីតិរដ្ឋផងដែរ។

ទី៣ ខ្ញុំបានដឹងយ៉ាងច្បាស់ថា រាជ​រដ្ឋា​ភិបាល​បាន​ប្រកាស​គូស​បញ្ជាក់​នូវ​ជំហរ​ឥត​ងាក​រេ​ក្នុង​ការ​គោ​រព និងអនុវត្តការដឹកនាំប្រទេសតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះ​ឆ្នោតសាកល និង អសា​កល​យ៉ាង​ទៀង​ទាត់តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ខណ្ឌ ស្រុក ឃុំ សង្កាត់។

ទី៤ ក្នុងទស្សនៈទូលាយ ខ្ញុំយល់ថា លោក​បណ្ឌិត​គួរ​គប្បី​សម្លឹង​មើល​ក្នុង​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​ក្នុង​ផ្លូវ​វិជ្ជ​មាន ដើម្បីឱ្យប្រជាជន និងប្រជាជាតិមួយ​នេះ បាន​ដើរ​ចាក​​ឆ្ងាយ​ពី​ស្រមោល​អតីត​កាល​ដែល​បាន​ផ្តល់​ឱ្យ​​បរ​ទេស​ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ធ្វើឱ្យប្រជាជាតិខ្មែរស្គាល់​តែការបែកបាក់ និង​បាន​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្រ្គាមអស់ជាងពីរទសវត្ស ធ្វើឱ្យប្រជា​ជនខ្មែររាប់លាននាក់បានស្លាប់បាត់ជីវិត និង​បង្ករ​ឱ្យ​ប្រទេស​ជាតិរងនូវក្តីវិនាសអន្តរាយដ៏​គួ​ឱ្យ​សោកស្តាយបំផុត។ ជា​ការ​ពិត​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ បាន​ផ្តល់​នូវ​មូល​ដ្ឋាន​​រូម​នៃ​ដំណោះ​ស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ដែល​បាន​នាំ​មក​នូវ​ការ​បោះ​ឆ្នោត​ជាតិ​លើក​ដំបូង​ក្នុង​ឆ្នាំ១៩៩៣ ជា​មួយ​នឹងការបង្កើតឡើងនូវរដ្ឋធម្ម​នុញ្ញ​ឆ្នាំ១៩៩៣។ ហើយ​ក៏​ជា​ភ័ព្វ​សំណាង​ផង​ដែរ​សម្រាប់​​ប្រជាជន និងប្រជាជាតិខ្មែរដែលបានទទួលសុខសន្តិភាព និង​ការ​ឯក​ភាព​ទឹក​​ដី​ពេញ​​លេញ​ក្នុង​ឆ្នាំ​១៩៩៨ ដែលជាមូល​ដ្ឋាន​គ្រឹះសម្រាប់ស្ថិរភាព និងការ​កសាងកម្ពុជារហូតមកដល់បច្ចប្បន្ន។

ជារួមក្នុងរយៈពេលប្រហែល២០ឆ្នាំប៉ុណ្ណោះ ដែលប្រជាជន និងប្រជាជាតិមួយនេះ បាន​និង​កំពុង​ហែល​ឆ្លង​កាត់លើវិថីប្រជាធិបតេយ្យដ៏​ផុយ​ស្រួយមួយ អាស្រ័យ​ដោយ​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ខ្លះ​ចូល​ក្នុង​​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា និង​ការ​ប៉ុន​ប៉ង​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​មួយ​តាម​រយៈ​ការ​ធ្វើ​បដិ​វត្ត​ពណ៌​រៀប​ចំឡើង​ដោយ​អតីតបក្សសង្រ្គោះជាតិ។ ការអនុវត្តនីតិរដ្ឋ និង​វិធាន​ការ​ទាំង​ឡាយ​កន្លង​មក​របស់​រាជ​រដ្ឋា​ភិបាល ដើម្បី​ទប់​ស្កាត់​មហិច្ចតា​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​ដោយ​អតីត​បក្ស​សង្រ្គោះ​ជាតិ​ គឺ​ពិត​ជា​ភ័ព្វ​សំ​ណាង​របស់​ប្រជាជន និង​ប្រជា​ជាតិ​កម្ពុជា​ទាំង​មូល​ដែល​មិន​ត្រូវ​បាន​ទាញ​ធ្លាក់​ចូល​ក្នុង​ភ្នក់​ភ្លើង​សង្រ្គាម​ស៊ីវិល​​ដូច​ប្រទេស​ទុយណេហ្ស៊ី អេហ្ស៊ីប លីប៊ី និងស៊ីរ៊ី។ល។ ហើយខ្ញុំសង្ឃឹមថា លោក​​បណ្ឌិត​ មិន​គួរ​ធ្វើ​ការ​វិនិឆ្ឆ័យ​ដោយខ្វះភាពត្រឹមត្រូវ សុច្ចរិតភាព និងភាពយុត្តិ​ធម៌ថា រាជ​រដ្ឋា​ភិបាល​​ស្រប​ច្បាប់​មួយ​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ផ្តល់សេចក្តីទុកចិត្តដោយអ្នក​បោះ​ឆ្នោតភាគច្រើនជារដ្ឋា​ភិបាល​ឧទ្ទាម​នោះ​ទេ។

ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨

ភឿង សុផល ពីខេត្តកណ្តាល


No comments:

Post a Comment