Wednesday, February 07, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យត្រួតពិនិត្យការអនុវត្តអនុសាសន៍៨ចំណុចរបស់លោក ជុំវិញការផ្តល់ និងធានាផលប្រយោជន៍ជូនកម្មករ

ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធធ្វើការត្រួតពិនិត្យតាមដានទៅលើការដាក់ចេញនូវអនុសាសន៍៨ចំណុច ដែលលោកបានដាក់ជូននាពេលកន្លងមក ដើម្បីឱ្យក្រសួងពាក់ព័ន្ធអនុវត្តន៍ឱ្យមានប្រសិទ្ធភាពសំដៅធានាផលប្រយោជន៍របស់កម្មករ-និយោជិតនាពេលកន្លងមក។

អនុសាសន៍ទាំង៨ចំណុចដែលត្រូវធ្វើការត្រួតពិនិត្យតាមដាននោះរួមមាន៖
១- ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២- ការចុះពិនិត្យ និងព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋ ដល់កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវអនុវត្តន៍ឱ្យបានដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឱ្យបានម៉តចត់។
៣- ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះ សំរាលកូនគឺទទួលបានពេលវេលាឈប់សម្រាករយៈពេល៣ខែ ទទួលបានប្រាក់ខែ១២០% នៅពេលលំហែមាតុភាព (៥០% ចេញដោយក្រុមហ៊ុន និង៧០%ចេញដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឱ្យបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។
៤- ចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។
៥- ថ្លៃសេវារបបសន្តិសុខសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មករិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦- ត្រូវតាមដានមើលបញ្ហា ទឹក ភ្លើង ដោយត្រូវខិតខំបន្ត តទឹក តភ្លើង ដល់ផ្ទះរបស់កម្មករដែលនៅឆ្ងាយ មិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ-កម្មការិនីកុំឱ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមក យើងបានកំណត់រួចរាល់ហើយ។
៧- ត្រូវអនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ក្មួយៗកម្មករ នឹងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឱ្យហើយ ដើម្បីឱ្យដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។
៨- ត្រូវចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ របស់បងប្អូនពលករនៅក្រៅប្រទេស ជួយសម្រួលបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ៕




No comments:

Post a Comment