Wednesday, February 07, 2018

អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់​រដ្ឋបាលខេត្តព្រះវិហារ

ព្រះវិហារ៖ នា​រសៀល​ថ្ងៃ​អង្គារ ០៦រោច ខែ​មាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក ងី ចន្រ្ទផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក ស ខេង ក្នុង​​ឱកាស​លោក​អញ្ជើញ​ជា​អធិ​បតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ​២០១៨ របស់​រដ្ឋ​បាល​ខេត្ត​ព្រះវិហារ។ ​ជា​មួយគ្នា​នេះដែល​ក៏​មានការ​ចូល​រួម​ពីលោក អ៊ុន ចាន់ដា អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ព្រះវិហារ លោក ទែន សារ៉ុម ប្រធាន​ស្តី​ទី​ក្រុម​ប្រឹក្សា​ខេត្ត ព្រម​ទាំង​ លោក លោក​ស្រី មន្ត្រី​​រាជ​​ការ កង​កម្លាំង អង្គ​ភាព​ពាក់​ព័ន្ធ​ប្រមាណ​ជាង៤០០នាក់ ក៏​​បាន​​អញ្ជើញ​​ចូល​​រួម​ផង​ដែរ។

អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ​២០១៨ របស់​រដ្ឋ​បាល​ខេត្តព្រះវិហារ បានធ្វើឡើងដើម្បីស្វែងរកចំណុចខ្លាំង និង​ចំណុច​ខ្សោយ​របស់​រដ្ឋ​បាល​ខេត្ត ធ្វើ​យ៉ាង​ណា​អោយ​មូល​ដ្ឋាន​ខេត្ត​ទាំង​មូល​មាន​ការ​អភិវឌ្ឃ និង​​រីក​ចម្រើន រួម​ទាំង​កិច្ច​ការ​ពារ​សន្តិ​សុខជូនប្រជាពលរដ្ឋ អោយ​ទទួល​បាន​ភាព​ល្អ​ប្រសើរ។

ប្រសាសន៍របស់លោក ងី ចន្រ្ទផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែង​ទៅ​កាន់​រដ្ឋ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ មន្ទីរ អង្គភាព និង​កង​កម្លាំង​សមត្ថ​កិច្ច​នា​នា​ទូទាំង​ខេត្ត​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ចំនុច​សំខាន់ទាំង​៧ រួមមាន៖ ទី១-ធានាការពារសន្តិភាព ស្ថេរភាព និង​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរីព​ហុ​ប​ក្ស ដែល​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​ជាតិ ទី២-​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​សាធា​រណៈ និង​ការ​អនុ​វត្ត​ច្បាប់​ស្រប​តាម​គោល​ការណ៍​នីតិ​រដ្ឋ រក្សា​បាន​របៀប​រៀប​រយ​ក្នុង​សង្គម ទី៣-​ពង្រឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិ​ព្រឹទ្ធ​សភា និង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ទី៤-​ពង្រឹង និង​បន្ត​អនុ​វត្តឱ្យ​មាន​ប្រសិទ្ធ​ភាព​នូវ​កំណែ​ទម្រង់​វិមជ្ឈ​ការ និង​វិស​ហ​មជ្ឈការ ផែន​ការ​កម្ម​វិធី​រយៈ​ពេល​១០ឆ្នាំ ទី៥-​ធា​នា​បាន​នូវ​ការ​ផ្តល់​សេវា​សាធា​រណៈ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព តម្លាភាព និង​យុត្តិធម៌ ទី៦-​បន្ត​​រក្សា​​កា​រ​​ពារ​​បាន​បូរណ​ភាព​ទឹក​ដី អធិ​បតេយ្យ​ជាតិ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ មិត្ត​ភាព​តាម​​បណ្តោយ​​​ព្រំ​ដែន ទី៧-​ការ​​ពង្រឹង​របៀប​​របប​ទំនាក់​​ទំនង​​ការ​​ងារ ពង្រឹង​​ប្រសិទ្ធ​ភាព​​ដឹក​​នាំ​គណ​​នេយ្យ​​ភាព​​តម្លា​ភាព​​ក្នុង​​បម្រើ​ផល​​ប្រ​យោ​ជន៍​​ប្រជា​​ពល​​រដ្ឋ​​មូល​​ដ្ឋាន៕







No comments:

Post a Comment