Friday, November 24, 2017

លោក​ Vladimir Putin​ ប្រាប់ក្រុមហ៊ុន​ផលិតអាវុធ​ របស់រុស្ស៊ី​ឱ្យត្រៀមខ្លួន​សម្រាប់សង្រ្គាម​

លោក Vladimir Putin បានព្រមានដល់ក្រុមធុរកិច្ចរុស្ស៊ីថា ពួកគេគួរត្រៀមខ្លួនបង្វែការផលិតទៅជាផលិតកម្មយោធាវិញដើម្បីត្រៀមខ្លួនសម្រាប់សង្រ្គាម។

ប្រធានាធិបតីរុស្ស៊ីបានប្រាប់មន្រ្តីក្រសួងការពារជាតិថា ឧស្សាហកម្មផលិតកម្មអាវុធ ទាំងឯកជន និងរដ្ឋ ចាំបាច់ត្រូវត្រៀមខ្លួនដើម្បីបង្កើនការផលិតនៅពេលចាំបាច់ណាមួយ។

លោក Putin បាននិយាយថា “សមត្ថភាពសេដ្ឋកិច្ចក្នុងការបង្កើនទំហំផលិតកម្ម និងសេវាកម្មលើវិស័យការពារជាតិនៅពេលសមស្របណាមួយ គឺជាលក្ខខណ្ឌដ៏មានសារៈសំខាន់បំផុតដើម្បីធានាដល់សន្តិសុខជាតិ។

“ដើម្បីសម្រេចបាន សហគ្រាសខ្នាតធំគួរត្រៀមខ្លួន មិនថាសហគ្រាសនោះជារបស់រដ្ឋ ឬជារបស់ឯកជននោះទេ។

គាត់បន្ថែមថា “សេចក្តីណែនាំសំខាន់ៗ ត្រូវបានធ្វើឡើងដើម្បីជំរុញការផលិតសម្ភារៈយោធា បង្កើនវត្ថុធាតុដើម និងធនធានបច្ចេកទេស និងធានាដល់ការដឹកជញ្ជូនកងទ័ព។

ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ក៏បានបកស្រាយយ៉ាងទូលំទូលាយលើបទបញ្ជាររបស់លោក Putin សម្រាប់ឧស្សាហកម្មនេះ ថា “ត្រូវត្រៀមខ្លួនសម្រាប់សង្រ្គាម។”

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា បច្ចេកវិទ្យាយោធារបស់រុស្ស៊ីចាំបាច់ត្រូវដើរឱ្យទាន់ និងឈានមុខជាប្រទេសលោកខាងលិច។

គាត់បាននិយាយថា “កងទ័ពជើងទឹក និងកងទ័ពជើងអាកាសរបស់យើង ត្រូវតែមានសម្ភារៈទំនើបៗបំផុត គឺត្រូវល្អជាងរបស់បរទេស។ “ប្រសិនបើយើងចង់ឈ្នះ យើងត្រូវតែឈានមុខគេ។”

វិមានក្រឹមឡាំបានវិនិយោគយ៉ាងច្រើនលើសម្ភារៈយោធា និងបច្ចេកវិទ្យាក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។

សមយុទ្ធយោធា Zapad ឆ្នាំ ២០១៧ នេះ គឺជាសមយុទ្ធយុទ្ធសាស្រ្តរួមគ្នាមានរយៈពេល ៦ ថ្ងៃជាមួយនឹងប្រទេស Berlarus ដែលអ្នកវិភាគខាងយោធារបស់លោកខាងលិចបានអះអាងថា គឺជាសមយុទ្ធដ៏ធំបំផុតរបស់រុស្ស៊ីចាប់តាំងពីសង្រ្គាមត្រជាក់មក។

ក៏ប៉ុន្តែ ទាំងប្រទេស Belarus និងប្រទេសរុស្ស៊ី បានបដិសេធ ដែលថា ចំនួនកងទ័ពចូលរួមក្នុងសមយុទ្ធនេះ មានរហូតដល់ ១០០.០០០នាក់។

ពីរបីឆ្នាំកន្លងទៅ លោក Putin បានវិនិយោគ ២៥៤ ពាន់លានផោន ដើម្បីផ្លាស់ប្តូរសម្ភារៈយោធាចាស់ៗក្នុងសម័យសហភាពសូវៀត ៧០ ភាគរយចេញ ត្រឹមឆ្នាំ ២០២០។

ភាគច្រើននៃសម្ភារៈយោធាថ្មីៗ ត្រូវបានប្រើប្រាស់អំឡុងពេលសមយុទ្ធ Zapad នេះ រួមទាំងកាំជ្រួចស្វ័យនាំផ្លូវ(Cruise Missile) ដែលអាមេរិកមានការព្រួយបារម្ភផងដែរនោះ៕

ប្រភព : Sky News ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment