Friday, November 24, 2017

កម្ពុជាស្នើនិងជំរុញធនាគារពិភពលោក ពន្លឿនកិច្ចសហប្រតិបត្តិការវិនិយោគ សម្រាប់ការអនុវត្តគម្រោងធារាសាស្រ្ត និងកសិកម្ម

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារអប្សារាអង្គរ ខេត្តសៀមរាប លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ និងជាសហប្រធានក្រុមការងារបច្ចេកទេសកសិកម្មនិងទឹក បានស្នើ និងជំរុញឲ្យភាគីដៃគូធនាគារពិភពលោក (World Bank) ពន្លឿនកិច្ចសហប្រតិបត្តិការវិនិយោគលើថវិកាជំនួយសម្រាប់ការអនុវត្តគម្រោងធារាសាស្រ្ត និងកសិកម្ម ដែលគ្រោងនឹងដំណើរការនៅឆ្នាំ២០១៨ ខាងមុខ។ ជាងនេះទៀត លោកបានគៀងគរដៃគូអភិវឌ្ឍន៍បន្តជួយធ្វើការគាំទ្រផ្នែកថវិកា ដើម្បីឲ្យលេខាធិការដ្ឋានកសិកម្ម និងទឹកក៏ដូចជាអនុក្រុមការងារអាចដំណើរការការងារប្រចាំថ្ងៃរបស់ខ្លួនផងដែរ។នេះជាការលើកឡើងរបស់លោកក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធវិស័យទឹក និងកសិកម្ម មានដូចជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងធនាគារពិភពលោក តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ តំណាងអង្គការស្បៀង និងកសិកម្ម តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតផងដែរ ។

សូមជម្រាបផងដែរថា គោលបំណងនៃកិច្ចប្រជុំគឺផ្តោតលើគោលដៅសំខាន់ៗចំនួន៤រួមមាន៖
១-ធ្វើការត្រួតពិនិត្យអំពីវឌ្ឍនភាពរបស់អនុក្រុមការងារបច្ចេកទេសចំនួន ៣ផ្សេងគ្នា គឺ អនុក្រុម ការងារបច្ចេកទេសគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត អនុក្រុមការងារផ្សព្វផ្សាយកសិកម្ម និងអនុក្រុមការងារបច្ចេកទេសបសុសត្វ ។
២-ធ្វើការពិភាក្សា និងត្រួតពិនិត្យអំពីវឌ្ឍនភាពពីផែនការអភិវឌ្ឍន៍វិស័យកសិកម្ម។
៣-ធ្វើការអភិវឌ្ឍសមត្ថភាពសមាជិកក្រុមការងារបច្ចេកទេស។
៤-ធ្វើការពង្រឹង និងបង្កើនកិច្ចការទំនាក់ទំនងរវាងសមាជិកក្រុមការងារបច្ចេកទេស និងបណ្តាដៃគូអភិវឌ្ឍន៍នានា៕




No comments:

Post a Comment