Friday, November 24, 2017

អង្គការពាណិជ្ជកម្មពិភពលោក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពរឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជា

ហ្សឺណែវ, ស្វីស៖ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពរឹងមាំ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសការបំពេញតួនាទីបានយ៉ាង ល្អក្នុងនាម ជាសមាជិករបស់អង្គការ WTO រយៈពេលប្រមាណ១៣ឆ្នាំនេះ។

ការវាយតម្លៃនេះបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី២របស់កម្ពុជានៅអង្គការពាណិជ្ជកម្មពិភពលោក ដែលបានធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាំណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូតំណាង រាជរដ្ឋាភិបាលកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ។

លោក ប៉ាន សូរស័ក្តិ បានថ្លែងពីទីក្រុងហ្សឺណែវ ប្រទេសស្វីសថា កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជាសមាជិក WTO។

លោកបានឱ្យដឹងដែរថា ក្នុងកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្ម លើកទី២ របស់កម្ពុជា​​​ មានប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមទាំងតំណាងប្រទេសអាស៊ាន តំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងតំណាងអង្គការអន្តរជាតិនានា បានកត់សម្គាល់ និងសំដែងការ កោតសរសើរចំពោះវឌ្ឍនភាព របស់កម្ពុជា ក្នុងការសម្រេចបាននូវកំណើនសេដ្ឋកិច្ច និងការរក្សាបាន ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក្នុងអំឡុងពេលត្រួតពិនិត្យទ្បើងវិញ នូវគោលនយោបាយ ពាណិជ្ជកម្មលើក ទី២របស់កម្ពុជា​​​។

លោក Juan Carlos Gonzalez អគ្គរដ្ឋទូតប្រទេសកូឡុំប៊ី និងជាប្រធានអង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការសម្រេចបានជាវិជ្ជមាននៃវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជាកន្លងមក។ ទន្ទឹមនឹងនេះ លោកប្រធាន អង្គប្រជុំក៏ជំរុញឱ្យកម្ពុជាបន្តកិច្ចការដែលកំពុងធ្វើ និងបំពេញកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ពិសេសតាម ការស្នើសុំរបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីលើកកម្ពស់តម្លាភាព ក្នុងរបបពាណិជ្ជកម្ម និងអនុលោមភាពស្របតាមគោលការណ៍ ដែលមានចែងក្នុងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានចូល ជាភាគីហត្ថលេខា។

បន្ថែមលើសពីនេះ ប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោកជាច្រើនដែលចូលរួម បានសំដែងការ សារទរចំពោះសមិទ្ធផលរបស់កម្ពុជា ដែលកើតចេញពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តនានា រួមមាន គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ២០១២-២០២០ជាដើម។

តំណាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក៏បានទទួលស្គាល់ចំពោះការរីកចម្រើន នៃសេដ្ឋកិច្ចដ៏រឹងមាំ របស់កម្ពុជា ព្រមទាំងបង្ហាញការកោតសរសើរចំពោះការខិតខំរបស់កម្ពុជា ក្នុងការអនុវត្តច្បាប់ ទាក់ទងកម្ម សិទ្ធិបញ្ញា ព្រមទាំងការបន្តអនុម័ត និងអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិនានា។

នៅក្នុងកិច្ចប្រជុំនោះលោក ប៉ាន សូរស័ក្តិ បានអរគុណចំពោះលោកស្រី Frances Mary Lisson អគ្គរដ្ឋទូត អូស្ត្រាលីដែលជា Discussant បណ្តាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ ដែលតែងតែជួយជ្រោមជ្រែងកម្ពុជា​ ក្នុងកិច្ចការអភិវឌ្ឍន៍ និងការរក្សាទំនាក់ទំនងល្អរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកបានធ្វើកិច្ចអន្តរាគមន៍ចំពោះបញ្ហាមួយចំនួន ដែលលើកឡើងដោយ ប្រទេសសមាជិក អង្គការពាណិជ្ជកម្មពិភពលោក រួមមាន ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការបង្កើន ភាពប្រកួតប្រជែង កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អ ការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់កម្ពុជា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច (​ដូចជាអត្រាពន្ធគយ ការធ្វើលទ្ធកម្មសាធារណៈ និងបំណុលសាធារណៈ ជាដើម) និងវឌ្ឍនភាពនៃការបង្កើតបទប្បញ្ញត្តិច្បាប់មួយចំនួន ដែលជាការសន្យារបស់កម្ពុជា ស្របតាម អភិក្រមអង្គការពាណិជ្ជកម្មពិភពលោក។

លោកក៏បានលើកឡើងថា គំនិតផ្តួចផ្តើមនៃការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ ពាណិជ្ជកម្មពិភពលោក​ ជាសក្ខីភាពបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងក្របខ័ណ្ឌអង្គការ ពាណិជ្ជកម្មពិភពលោក ដែលនឹងជួយជ្រោមជ្រែងបន្ថែមដល់ការចូលរួម របស់កម្ពុជាក្នុងកិច្ចការ អន្តរជាតិ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ពិសេសការបំពេញតួនាទីរបស់កម្ពុជា​ ជាប្រធានសម្រប សម្រួលប្រទេស អភិវឌ្ឍន៍តិចតួច ៕









No comments:

Post a Comment