Friday, November 24, 2017

អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងប៉ៃលិន សុរប៥នាក់ របស់គណបក្សសង្គ្រោះជាតិ​ បានប្រកាសចុះចូល​រួមជីវភាពនយោបាយ​ជាមួយគណបក្ស​ប្រជាជនកម្ពុជា​

ប៉ៃលិន៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ ក្នុងក្រុងប៉ៃលិន សុរប៥នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ទាំង៥រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ទាំង៥រូប រួមមាន៖ ទី១- ឈ្មោះ ប្រាក់ ទ្រី ភេទប្រុស អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ទី២- ឈ្មោះ សែម វុទ្ធី ភេទប្រុស អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ទី៣- ឈ្មោះ ឈុំ នេត ភេទស្រី អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់ទួលល្វា ក្រុងប៉ៃលិន ទី៤- ឈ្មោះ ស្រី យឿន ភេទប្រុស អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន និងទី៥- ឈ្មោះ ស៊ីវ ប៉ាវ អតីតបេក្ខជនក្រុមប្រឹក្សាសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។

លោក កើត សុធា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានប្រកាសស្វាគមន៍ និងទទួលសមាជិក សមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ ទាំង៥រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសតាមបណ្តាញសារព័ត៌មាន ថា «ការស្ម័គ្រចិត្តចុះចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ. ប៕


















No comments:

Post a Comment