Friday, November 24, 2017

ហេតុអ្វីបានជាចិន​ចាំបាច់ត្រូវតែ​ធ្វើកំណែទម្រង់​ហិរញ្ញវត្ថុរបស់ខ្លួន​ ស៊ីជម្រៅ​នាពេល​បច្ចុប្បន្ននេះ?​

​​​​​​​​​​​​​​​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​ក្នុង​ប្រ​ទេស​ចិន​មាន​ការ​យឺត​យ៉ាវ​ជាង​ការ​ធ្វើ​កំណែទម្រង់​លើ​វិ​ស័យ​ដទៃ​ទៀត។ មាន​ការ​រីក​ចម្រើន​មួយ​ចំនួន​ដែរ​ក្នុង​ការ​បើក​ចំហ​វិស័យ​ហិរញ្ញ​វត្ថុ​ ប៉ុន្តែ​វា​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​ឧប​សគ្គ​ជា​ច្រើន។

ទោះ​បី​ជាប្រ​ព័ន្ធ​អត្រា​ប្តូរ​ប្រាក់​របស់​ចិន​បាន​កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ប្រ​ព័ន្ធ​កំណត់​តាម​ទី​ផ្សារ​ក៏​ដោយ ក៏​វា​នៅ​តែ​ខ្វះ​ភាព​បត់​បែន​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​ក្លាយ​ទៅ​ជា​ប្រ​ព័ន្ធ​ដំណើរ​ការ​ល្អ​ពិត​ប្រា​កដ។ ស្រ​ដៀង​គ្នា​នេះ​ដែរ ចិន​បាន​ធ្វើ​ឱ្យ​មាន​ភាព​រីក​ចម្រើន​ដ៏​សំខាន់​លើ​ក​សេរីកម្ម​ផ្នែក​​ដើម​ទុន​ និង​អន្តរ​ជាតិ​តូប​នីយ​កម្ម​លើ​ប្រាក់​យន់ (RMB) ប៉ុន្តែ​ដំណើរ​ការ​នេះ​បាន​ធ្វើ​មាន​ការ​ធ្លាក់​ចុះ​មួយ​ចំនួន​ផង​ដែរ ដែល​មួយ​ផ្នែក​ដោយ​សារ​តែ​ស្ថាន​ភាព​ម៉ាក្រូសេដ្ឋ​កិច្ច​កាន់​តែ​អាក្រក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ហើយ​ការ​វិ​និយោគ​ទុន​នៅ​ក្រៅ​ប្រ​ទេស​ដែល​មាន​ទំហំ​ដ៏​ធំធេង​របស់​ចិន​ត្រូវ​បាន​រាំង​ស្ទះ​ដោយ​សារ​តែ​ការ​រឹត​ត្បិត​ហិរញ្ញ​វត្ថុ​ឆ្លង​​ដែន​របស់​ខ្លួន។

ចំពេល​ដែល​មាន​ភាព​ប្រ​ឈម​ទាំង​អស់​នេះ តើ​ចិន​គួរ​តែ​បន្ត​បើក​ចំហ​វិ​ស័យ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ឬ​ទេ?

មាន​ហេតុ​ផល​បី​ដែល​ចិន​​គួរ​តែ​ធ្វើ។ ទី​១ ការ​បើក​ចំហ​ហិរញ្ញ​វត្ថុ​ គឺ​ជា​លក្ខខណ្ឌ​ដ៏​សំខាន់​ដែល​អាច​សម្រេច​បាន​ដោយ​កំណើនប្រ​កប​ដោយ​ចីរភាព​។ ការ​បើក​ចំហ​ហិរញ្ញ​វត្ថុ​ គឺ​មាន​លក្ខណៈអំណោយ​ផល​ចំពោះ​ការ​ច្នៃ​ប្រ​ឌិត​ផ្នែក​ហិរញ្ញ​វត្ថុ​ដែល​ជួយ​សម្រប​សម្រួល​ដល់​កំណើន​សេដ្ឋ​កិច្ច។ ទី២ ការ​បើក​ចំហ​ហិរញ្ញ​វត្ថុ គឺ​ជា​មធ្យោ​បាយ​ដ៏​សំខាន់​ដែល​ប្រ​ទេស​មួយ​អាច​ទប់​ស្កាត់​ហានិភ័យ​ហិរញ្ញ​វត្ថុ​ជា​លក្ខណៈ​ប្រ​ព័ន្ធ​មិន​ឱ្យ​កើត​ឡើង។ នេះ​ក៏​ដោយ​សារ​តែ​ការ​បើក​ចំហ​ហិរញ្ញ​វត្ថុ​អាច​ដាក់​ចេញ​នូវ​គំនិត​រីក​ចម្រើន​បន្ថែម​ទៀតសម្រាប់​ការ​គ្រប់​គ្រង បច្ចេក​វិទ្យា និង​វិធាន​ផ្សេងៗ។ ទី​៣ ការ​បើក​ចំហ​ហិរញ្ញ​វត្ថុ​ គឺ​ជា​មធ្យោ​បាយ​ដ៏​សំខាន់​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរ​ការ​កែ​លម្អរ​អភិ​បាល​សេដ្ឋ​កិច្ច​សកល។ របៀប​វារៈ​សំខាន់ៗ​ទាំង​អស់​នេះដែល​ចិន​ចង់​អនុវត្ត​ន៍ គឺ​តម្រូវ​ឱ្យ​ចិន​ធ្វើ​ឱ្យ​ប្រ​ព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​កាន់​តែ​ប្រ​សើរ​ឡើង​ជា​មួយ​នឹង​ប្រ​ព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ។

មាន​ដំណោះ​ស្រាយ​គោល​នយោ​បាយ​មួយ​ចំនួន​ដែល​​អាច​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើ​ង​នូវប្រ​ព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​ចិន។

ទី​១ ចិន​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ការ​សម្រប​សម្រួល​រវាង​កំណែ​ទម្រង់​ហិរញ្ញ​វត្ថុ និង​មិន​មែន​ហិរញ្ញវត្ថុ។ អត្រា​ការ​ប្រាក់​អាច​កំណត់​ទៅ​តាម​ទី​ផ្សារ​តែ​ម្យ៉ាង​គត់ ប្រ​សិន​បើ​មាន​កំណែ​ទម្រង់​បំពេញ​បន្ថែម​នៅ​លើ​វិស័យ​ដទៃទៀត​ ដូច​ជា​សហគ្រាស​របស់​រដ្ឋ​។ ស្រដៀង​គ្នា​នេះ​ដែរ ភាព​ជោគ​ជ័យ​នៃ​ការ​បើក​ចំហ​ហិរញ្ញ​វត្ថុ​​អាស្រ័យ​ថា​តើ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​នៅ​ក្រៅ​ប្រ​ទេស​អាច​ត្រូវ​បាន​គេផ្តល់​ជា​ប្រ​យោជន៍​ជាតិ​ពិត​ប្រាកដ​ ឬ​យ៉ាង​ណា។​

ទី​២ ចិន​ចាំ​បាច់​ត្រូវ​ការ​​កម្លាំង​ទី​ផ្សារ​ធ្វើ​ការ​បន្ថែម​ទៀត​ក្នុង​ការ​កំណត់​សញ្ញាតម្លៃ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​។ ទី​ក្រុង​ប៉េ​កាំង​មាន​ឱកាស​នឹង​ធ្វើ​ដូច្នេះ​នា​ពេល​ឥឡូវ​នេះ ជា​មួយ​នឹង​អត្រា​ប្តូរ​ប្រាក់​ ខណៈ​ដែល​សេដ្ឋ​កិច្ច​មាន​ស្ថិរ​ភាព​ និង​ការ​រំពឹង​ទុក​សម្រាប់​ការ​ធ្លាក់​ចុះ​ប្រាក់​យន់​រហូត​ដល់​បំណាច់​ឆ្នាំ​២០១៦។

ទី៣ ចិន​ចាំបាច់​ត្រូវ​តែ​បង្កើត និង​អភិវឌ្ឍ​ន៍​ផែន​ការ​សម្រាប់​គ្រប់​គ្រង​លំហូរដើមទុន​ឆ្លង​ដែន​ទាំង​កម្រិត​មីក្រូ និង​ម៉ា​ក្រូ។

ទី៤ ចិន​គួរ​តែ​ផ្តល់​​ទៅ​ឱ្យ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​បរ​ទេសដែល​ជា​ផល​ប្រ​យោ​ជន៍​ជាតិ​ មុន​ពេលឈានចូល​ទៅ​ដល់​ ក៏​ដូច​ជាការ​សម្រួល​ដល់​ភាគ​ហ៊ុន​ស្ថាប័ន​បរ​ទេស​នៅ​ក្នុង​ស្ថាប័ន​ជាតិ​ដែល​ផ្តល់​ទុន​បរ​ទេស​នូវ​ស្ថាន​ភាព​ប្រ​កួត​ប្រ​ជែង​ដោយ​ចំហ និង​យុត្តិ​ធម៌។

ទី​៥ ចិន​គួរ​តែ​បើក​ចំហ​ទី​ផ្សារ​ដើម្បី​វាយ​តម្លៃ​អត្រា​ឥណ​ទាន​ ធ្វើ​ឱ្យ​ច្បាស់​លាស់​នូវ​បញ្ហា​ពន្ធ​ដារសម្រាប់​អ្នក​វិ​និយោគិន​បរ​ទេស​ដែល​វិ​និ​យោគ​នៅ​ក្នុង​ទី​ផ្សារ​មូល​ប័ត្រ​របស់​ចិន​ និង​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ហេ​ដ្ឋា​រច​នាសម្ព័ន្ធ​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​។ ការ​ដែល​ធ្វើ​បែប​នេះ​នឹង​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​បទ​បញ្ញត្តិ​គ្រប់​គ្រង​ និង​ការ​អនុវត្ត​ទី​ផ្សារ​​នៅ​ក្នុង​ប្រ​ទេស​ចិន​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ស្តង់​ដា​អន្តរ​ជាតិ។

ទី៦ ចិន​គួរ​តែ​បង្កើត និង​អភិវឌ្ឍ​ប្រ​ព័ន្ធ​ឱ្យ​បាន​ទូលំ​ទូលាយ​សម្រាប់ការ​​ផ្តល់​សេ​វា​កម្ម​ហិរញ្ញ​វត្ថុ​ ដែល​ទាញ​ផល​ប្រ​យោជន៍​ពី​ឱកាស​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​ផ្នែក​ឧស្សាហ​កម្ម​ក្នុង​ស្រុក​ និង​គំនិត​ផ្តួច​ផ្តើម​ផ្លូវ​មួយ​ ខ្សែ​ក្រវ៉ាត់​មួយ។ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​វិ​សាល​ភាព​ និង​ភាព​ស៊ី​ជម្រៅ​នៃ​ការ​ធ្វើ​ប្រតិ​បត្តិ​ការ​ និង​កិច្ច​សហ​ប្រ​តិ​បត្តិ​ការ​ហិរញ្ញ​វត្ថុ​ឆ្លង​ដែន​របស់​ចិន​ រួម​មាន​ទាំង​ទី​ផ្សារ​មូល​ធន​នៅ​ក្នុង​ប្រ​ទេស​អភិ​វឌ្ឍន៍ និង​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ។

ទី​បំផុត កម្លាំង​ទី​ផ្សារ​ធ្វើ​ការ​យ៉ាង​មាន​ប្រ​សិទ្ធិ​ភាព​នៅ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​ ដែល​ចិន​ចាំបាច់​ត្រូវ​តែ​ដោះ​ស្រាយ​បញ្ហា​នៃ​ភាព​រង្គោះ​រង្គើរ​ទី​ផ្សារ​ហិរញ្ញ​វត្ថុ​ដោយ​ការ​ដាក់​បញ្ចូល​គ្នានូវ​វិស័យ​ហិរញ្ញវត្ថុ​ផ្លូវ​ការ និង​ក្រៅ​ផ្លូវ​ការ។ ភាព​ខុស​គ្នា​ដ៏​ចម្បង​នេះនៅ​តែ​បន្ត​កើតមាន​ឡើង​រវាង​អត្រា​ការ​ប្រាក់​ដែល​អ្នកឱ្យ​​ខ្ចី​ផ្លូវ​ការ និង​ក្រៅ​ផ្លូវ​ការ​ រួម​គឺ​​រវាង​អ្នក​ខ្ចី​ឯក​ជន និង​រដ្ឋ​​​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ៕

ប្រភព: East Asia Forum ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧


No comments:

Post a Comment