Friday, November 24, 2017

រដ្ឋសភា នឹងប្រកាសសុពលភាព តំណាងរាស្រ្តថ្មី៤៤រូប ដែលទៅកាន់អាសនៈទំនេរ នៅសប្តាហ៍ក្រោយ

រដ្ឋសភា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មីចំនួន៤៤រូប មកពីគណបក្សចំនួន៣ ដែលស្នើដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើតាម លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
លោក ឈាង វុន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា នៅថ្ងៃសុក្រនេះថា នេះគឺជាការប្រកាស សុពលភាពរបស់តំណាងរាស្រ្តថ្មី តាមការបែងចែកអាសនៈរបស់គ.ជ.បក្នុងជុំទី១។ បន្ទាប់ពីប្រកាសសុពលភាពរួចនោះ តំណាងរាស្រ្តថ្មីទាំង៤៤រូប នឹងត្រូវចូលស្បថនៅក្នុងព្រះបរមរាជវាំង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤ រួមមាន៖
១៖ ការពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនជាប់ឆ្នោតចំនួន ៤៤រូប ដែលសម្រេចដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
២៖ ការពិនិត្យសំណើសុំលាលែងពីតួនាទី និងតំណែងជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
៣៖ ការពិនិត្យសេចក្តីព្រាង សេចក្តីសម្រេចស្តីពី ការកំណត់បែបបទនីតិវិធីនៃការជ្រើសរើសបេក្ខជន សមាជិកគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត។
៤៖ ការពិនិត្យ និងសម្រេច លើសេចក្តីព្រាងរបៀបវារៈទី ១៧ របស់សម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី ៥ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី ៩ នីតិកាលទី៥។
ការពិភាក្សានេះ ធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត ៤៤រូប មកពីគណបក្សចំនួន៣ ដើម្បីទៅកាន់អាសនៈរដ្ឋសភាដែលនៅទំនេរ។ ជាមួយគ្នានេះ គ.ជ.ប ក៏កំពុងរៀបចំ បែងចែកអាសនៈដែលនៅទំនេរចំនួន១១ទៀត ដែលគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ ប្រកាសមិនទទួលយក៕


No comments:

Post a Comment