Wednesday, July 05, 2017

លោក Xi Jinping លើកឡើងកត្តាអវិជ្ជមាននៅក្នុងការហៅទូរស័ព្ទជាមួយលោក Trump

ប្រធានាធិបតីចិនលោក Xi Jinping បានប្រាប់សមភាគីអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទថា ទំនាក់ទំនងអាមេរិកចិនបានរងផលប៉ះពាល់ ដោយសារតែកត្តាអវិជ្ជមាននៅក្នុងការ​ហៅ​ទូរស័ព្ទប៉ុន្មានថ្ងៃ បន្ទាប់ពីទង្វើអាមេរិកធ្វើឱ្យចិនខឹងសម្បា។

ទង្វើរបស់អាមេរិកមួយចំនួន ហើយនិងការឆ្លើយតបដោយខឹងសម្បារបស់ចិនបានធ្វើឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតជាមិត្តភាព ដោយសារតែសម្តីរបស់លោក Trump ចាប់តាំងពីការជួបរបស់គាត់ជាមួយលោក Xi នៅរដ្ឋ Florida កាលពីខែមេសា។ លោក Trump បានធ្វើឱ្យក្រុង​ប៉េកាំង​ខឹងកាលពីសប្តាហ៍មុន នៅពេលដែលគាត់យល់ព្រមលក់សព្វាវុធឱ្យតៃវ៉ាន់ មានតម្លៃ ១៣០០ លានដុល្លារជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលនៅផ្តាច់ខ្លួនមួយរង់ចាំការបង្រួបបង្រួមគ្នា។

រដ្ឋបាលអាមេរិកក៏ដាក់ទណ្ឌកម្មលើធនាគារចិន ដោយចោទប្រកាន់ថា បានទទួលលាងលុយកូរ៉េខាងជើង ហើយបានបញ្ចេញនូវកង្វល់អំពីសេរីភាពនៅក្នុងទឹកដីហុងកុងពាក់កណ្តាលស្វយ័ត ហើយ​បានដាក់ប្រទេសចិននៅក្នុងបញ្ជីដែលមានការជួញដូរមនុស្សដ៏អាក្រក់នៅក្នុងពិភព​លោក​។ ស្ថានភាពដ៏ខ្វល់ខ្វាយនៅពេលចុងក្រោយបង្អស់នេះ បានកើតមានឡើងកាលពីថ្ងៃអាទិត្យ ខណៈដែលក្រុងប៉េកាំងបានវាយប្រហារយ៉ាងធ្ងន់ៗអំពីការបង្កហេតុបែបយោធា និងនយោបាយ ដ៏ធ្ងន់ៗ បន្ទាប់ពីនាវាចម្បាំងអាមេរិកបានបើកទៅជិតកោះមួយ ដែលចិនអះអាងថា ជារបស់ខ្លួន និងតៃវ៉ាន់ ហើយនិងវៀតណាមផងដែរ។

វាគឺជាការដើរល្បាត ស្តីពីសេរីភាពនាវាចរណ៍របស់អាមេរិកលើកទីពីរ នៅសមុទ្រចិនខាងត្បូងចាប់​តាំងពីលោក Trump ចូលកាន់តំណែងកាលពីខែមករា។ អ្នកនាំពាក្យក្រសួងការពារចិន ឈ្មោះ Wu Qian បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនបានបញ្ជូននាវាចម្បាំង ៣ គ្រឿង និងយន្តហោះចម្បាំង ពីរគ្រឿងដើម្បីព្រមាននាវាអាមេរិកឱ្យ ចាកចេញឆ្ងាយ។ លោក Wu បានហៅស្ថានភាពនោះថា ជាទង្វើខុសច្បាប់ ហើយព្រមានថា ចិន និងពង្រឹងការសាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធសម្រាប់ការការពារផ្សេងៗ ពង្រឹងការយាមល្បាតផ្លូវអាកាស និងផ្លូវទឹក ហើយការពារយ៉ាងរឹងមាំនៅអធិបតេយ្យ និងសន្តិសុខ អាស្រ័យទៅលើកម្រិតនៃការគំរាមកំហែង។

ប៉ុន្តែលោក Xi បានព្រមានថា ទំនាក់ទំនងប្រទេសទាំងពីរនេះបានប៉ះទង្គិច ដោយសារតែកត្តាអវិជ្ជមានមួយចំនួន ហើយគាត់សង្ឃឹមថា ប្រធានាធិបតីអាមេរិក និងដោះស្រាយបញ្ហាតៃវ៉ាន់ ដោយ​សមរម្យ យោងទៅតាមគោលការណ៍ចិនតែមួយ។ ការគំរាមកំហែងរបស់កូរ៉េខាងជើងកាន់​តែកើនឡើង។ សេតវិមានបានលើកឡើងថា ការគំរាមកំហែងកាន់តែកើនឡើងពីកម្មវិធីសព្វាវុធ​មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាននិយាយ​ថា «មេដឹកនាំទាំងពីរបានគូសបញ្ជាក់សារជាថ្មីនៅការប្តេជ្ញាចិត្តរបស់ពួកគេ ដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េគ្មានសព្វាវុធនុយក្លេអ៊ែរ។

យោងតាមសេតវិមានបាននិយាយថា តាមរយៈការសន្ទនាតាមទូរស័ព្ទរវាងលោក Trump និងលោក Abe ក៏បានពិភាក្សាពីការយល់ស្របរបស់ពួកគេទាក់ទងទៅនឹងការដាក់សម្ពាធកាន់តែខ្លាំងឡើងទៅលើរបបកូរ៉េខាងជើង ដើម្បីផ្លាស់ប្តូរផ្លូវដ៏គ្រោះថ្នាក់របស់ខ្លួន។ លោក Trump ក៏បានដាក់សម្ពាធទៅលើលោក Xi ដើម្បីឱ្យប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច និងការទូតរបស់ចិនទៅលើកូរ៉េខាងជើង ដើម្បីឱ្យកូរ៉េខាងជើងទម្លាក់ចោលកម្មវិធីសព្វាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមេដឹកនាំអាមេរិកបាននិយាយកាលពីខែមុនថា ការខិតខំរបស់ចិនបានទទួលបរាជ័យ។

លោក Michael Cole អ្នកសិក្សាស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ ធ្វើការនៅវិទ្យាស្ថាន​នយោបាយចិននៃសាកលវិទ្យាល័យ Nottingham បាននិយាយថា លោក Trump ហាក់ដូចជាដឹងលឿនជាងប្រធានាធិបតីអាមេរិកមុនៗថា ក្រុងប៉េកាំងនឹងមិនជួយដោះស្រាយបញ្ហាកូរ៉េខាងជើងនោះទេ។ លោក Michael Cole បានប្រាប់ទីភ្នាក់ងារ AFP ថា ចិនប្រហែលជាឆ្លើយតបជាបណ្តោះអាសន្ន តាមរយៈការផ្អាក់ទំទាក់ទំនងពីយោធាទៅយោធា ដាក់កំហិតទៅលើក្រុមហ៊ុនអាមេរិក ហើយថែមទាំងដាក់សម្ពាធទៅលើតៃវ៉ាន់។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang និយាយថា ប្រទេសទាំងពីរសម្រេច​ចិត្តដើម្បីឆ្ពោះទៅមុខនូវទំនាក់ទំនងរបស់យើង បើទោះបីជាជួបប្រទះបញ្ហាមួយចំនួនក៏ដោយ៕

(ប្រភព : AFP ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧)


No comments:

Post a Comment