Wednesday, July 05, 2017

នៅថ្ងៃស្អែកនេះ លោក ហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី នៅទីក្រុងសេអ៊ូល

នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំ​សន្និសីទ​អន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties – ICAPP) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសកិច្ចប្រជុំនេះ នឹងមានកិច្ច​ប្រជុំ​វេទិកាសំខាន់ៗចំនួនបីដូចជា៖ ទី១ កិច្ចប្រជុំលើកទី៣ នៃវេទិកាសារព័ត៌មានអាយកាប់ ដែលផ្តោតសំខាន់លើ «តួនាទីរបស់សារព័ត៌មានក្នុងការជំរុញនយោបាយប្រជាធិបតេយ្យ» និង​ «តួនាទីរបស់សារព័ត៌មានក្នុងការកសាងសហគមន៍អាស៊ី»។

ទី២ កិច្ចប្រជុំលើកទី២៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់ ដែលមានប្រទេសជាសមាជិកចំនួន២១ ក្នុងចំណោមសមាជិកចំនួន២៣ ប្រទេសនៅអាស៊ី នឹងចូលរួម។ កិច្ចប្រជុំនឹងផ្តោតទៅលើ៖ អនុម័តសំណើរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ អាយកាប់ ឱ្យលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជាអនុប្រធានអាយកាប់ ជំនួសសម្តេចវិបុលបញ្ញា សុខ អាន, កិច្ចប្រជុំនានារបស់ អាយកាប់ នៅឆ្នាំ២០១៧ និង២០១៨, អនុម័តឯកសារគោល សំរេចបង្កើតក្រុមប្រឹក្សាវប្បធម៌អាយកាប់ ដែលលោក ហោ ណាំហុង បានស្នើរ និងធ្វើជាប្រធានដែលមានប្រទេសចិន ប្រទេសរុស្ស៊ី និងប្រទេសនេប៉ាល់ ជាអ​នុប្រធាន។

ទី៣ កិច្ចប្រជុំលើកទី១ នៃវេទិកានយោបាយអាស៊ី អឺរ៉ុប ដែលក្នុងឱកាសនោះ លោក ហោ ណាំហុង នឹងត្រូវបានស្នើធ្វើជាសហប្រធាននៃវេទិកានយោបាយអាស៊ី អឺរ៉ុប ជាមួយលោក Geoffrey Van Orden មកពីចក្រភពអង់គ្លេស ជាសហប្រធានវេទិកានយោបាយអាស៊ី អឺរ៉ុប។

ក្នុងឱកាសកិច្ចប្រជុំនេះដែរ លោក ហោ ណាំហុង នឹងស្នើរប្រធានបទ «ការតភ្ជាប់អាស៊ី អឺរ៉ុប» បន្ថែមលើប្រធានបទពីរផ្សេងទៀត ដែលអង្គប្រជុំបានលើក៖ «បំរែបំរួលអាកាសធាតុ» និង «នយោបាយប្រជាកលនិយម និងនយោបាយ»៕






No comments:

Post a Comment