Wednesday, July 05, 2017

ព្រឹត្តិការណ៍នៅថ្ងៃ៥-៦ កក្កដា មិនមែនជារដ្ឋប្រហារទេ ជាការបង្រ្កាបចលនាបះបោរនាំខ្មែរក្រហមចូលភ្នំពេញ និងនាំអាវុធខុសច្បាប់

នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០​១៧នេះ បានច្រានចោល នូវការចោទប្រកាន់ថា កងទ័ពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចក្រុមព្រះ ក្នុងព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ប៉ុន្តែលោកថា ព្រឹត្តិការណ៍នោះ គឺជាការបង្រ្កាបចលនាបះបោរ ដែលសម្តេចក្រុមព្រះបានទិញអាវុធទំ​នើប ហើយនាំកងកម្លាំងខ្មែរក្រហមចូលមករាជធានីភ្នំពេញ ដោយខុសច្បាប់ ដើម្បីបង្កសង្រ្គាមជាថ្មី នៅក្នុងប្រទេសកម្ពុជា។

ការចេញមុខច្រានចោលនូវការចោទប្រកាន់នេះ បានធ្វើឡើងចំថ្ងៃខួបទី២០ឆ្នាំ នៃព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ដែលជាការប៉ះទង្គិចគ្នារវាងកងទ័ពលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ និង កងទ័ពរ​បស់គណបក្សហ៊្វុនស៊ិនប៉ិចរបស់ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធ នាយករដ្ឋមន្រ្តីទី១ សម័យនោះ ហើយដែលធ្វើឡើងក្រោយពីមានការចុះផ្សាយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលថ្លែងទាមទារឱ្យអាជ្ញាធរ ស្វែងរកយុត្តិធម៌សម្រាប់មន្ត្រីជាន់ខ្ពស់ និងកងកម្លាំងរបស់បក្សរាជានិយមដែលត្រូវបានស​ម្លាប់ក្នុងព្រឹត្តិការណ៍ថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។

លោក ឈុំ សុជាតិ បានអះអាងថា ព្រឹត្តិការណ៍ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ បើសិនជាកងទ័ពដ៏ស្មោះត្រង់របស់លោក ហ៊ុន សែន ទប់ស្កាត់មិនទាន់វេលាទេនោះ កម្ពុជាក៏មិនមានសុខសន្តិភាព និងការអភិវឌ្ឍដល់ពេលបច្ចុប្បននេះដែរ ហើយក៏ប្រហែលជាធ្លាក់ទៅក្នុងសង្រ្គាមដ៏រ៉ាំរ៉ៃថែមទៀតផង។ លោក បានចាត់ទុក ការនាំទាហានខ្មែរក្រហមចូលទីក្រុងភ្នំពេញ និងការនាំចូលអាវុធខុសច្បាប់យ៉ាងច្រើន​មកកម្ពុជារបស់គណបក្សហ៊្វុនស៊ិនប៉ិច សម័យនោះ គឺជាទង្វើរមួយដែលមិនអាចអត់ឱនឱ្យបានឡើយ ហើយកម្លាំងទ័ពដែលស្មោះត្រង់ជាមួយលោក ហ៊ុន សែន ត្រូវតែចេញអន្តរគមន៍ដោះស្រាយឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ គឺជាខួប ២០ឆ្នាំ (៥ កក្កដា ១៩៩៧-៥ កក្កដា ២០១៧) ដែលកម្លាំងទ័ពគ្រប់គ្រង​ដោយនាយករដ្ឋមន្រ្តីទី១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងកម្លាំងទ័ពគ្រប់គ្រងដោយ​នាយករដ្ឋមន្រ្តីទី២ លោក ហ៊ុន សែន បានប៉ះទង្គិចគ្នានៅកណ្តាលរាជធានីភ្នំពេញ។ ការសាកកម្លាំងមួយប្រាវធ្វើឱ្យកងទ័ពរបស់សម្តេចក្រុមព្រះ ដែលមានការចូលរួមពីកងទ័ពខ្មែរក្រហមតាមជាយដែនផងនោះ បានចាញ់យ៉ាងដំណំ និងមន្រ្តីជាន់ខ្ពស់ របស់សម្តេចក្រុមព្រះមួយចំនួនត្រូវបានស្លាប់ផងដែរ។ ការផ្ទុះសង្រ្គាមមួយដង្ហើម​ចង្រិតនេះ ធ្វើឱ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលអារម្មណ៍នៅដិតដាមជាមួយភ្លើងសង្រ្គាមនៅឡើយនោះ ត្រូវព្រលឹងចុងសក់ ព្រួយបារម្ភខ្លាចទុក្ខវេទនាដោយសារភ្លើងសង្រ្គាមវិលត្រឡប់មកជាថ្មី។

ប្រជាពលរដ្ឋលើកឡើងថា សំណាងដែរ ដែលចម្បាំងពេលនោះ (១៩៩៧) មិនអូសបន្លាយពេលយូរ បើមិនដូច្នោះទេរាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលទើបងើបពីសង្រ្គាម ប្រហែលជាត្រូវជួបទុក្ខវេទនាធ្ងន់ធ្ងរទៀតហើយ៕





No comments:

Post a Comment