Wednesday, July 05, 2017

ខេត្តសៀមរាប​រៀបចំ​ពិធីប្រកាស​សុពលភាព ​សមាជិកក្រុម​​ប្រឹក្សាឃុំ​​ និងប្រកាស​ឈ្មោះ​ប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ និងជំទប់ទី២ អាណត្តិទី៤

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាឃុំ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ ជំទប់ទី១ និងជំទប់ទី២ ក្នុងអាណត្តិទី៤ នៃរដ្ឋបាលឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់។

លោកអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំប្រកាសសុពលភាពនាថ្ងៃនេះទៅ កិច្ចការជាចម្បងរបស់ក្រុមប្រឹក្សាឃុំ អាណត្ដិថ្មី គឺត្រូវរៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុង ដើម្បីកំណត់នូវវិធានចាំបាច់នានា សម្រាប់កិច្ចប្រជុំ និងរបៀបរបបធ្វើការងាររបស់ខ្លួនស្របតាមសេចក្ដីណែនាំលេខ ០១៤ សណន ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ របស់ ក្រសួងមហាផ្ទៃស្ដីពីការរៀបចំបទបញ្ជាផ្ទៃ ក្នុងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់។

លើសពីនេះទៀត លោក ឃឹម ប៊ុនសុង បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាឃុំ ត្រូវយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ។ គណនេយ្យភាព និងតម្លាភាព គឺជាកត្ដាគនឹ្លះនៅក្នុងអភិបាលកិច្ចល្អ ដើម្បីឆ្លុះបញ្ចាំងនូវភាពសុច្ចរិត និងភាពត្រឹមត្រូវប្រាកដប្រជា នៅក្នុងការអនុវត្ដគម្រោងអភិវឌ្ឍការអនុវត្ដថវិកា និងការចាត់ចែងការងារនានា ដែលធ្វើឡើងដោយក្រុមប្រឹក្សាឃុំ ។

លោក ឃឹម ប៊ុនសុង បានឲ្យដឹងទៀតថា ក្រុមប្រឹក្សាឃុំ ត្រូវបន្ដ និងរក្សាឲ្យបាននូវវប្បធម៌សាមគ្គីភាពសម្របសម្រួល មិនបែងចែកនិន្នាការនយោបាយ និងស្ថានភាពក្នុងសង្គម ដោយខិតខំលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុមក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំ ទាំងអស់ដើម្បីធ្វើជាតំណាងឲ្យសាមគ្គីភាព ក្នុងចំណោមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងឃុំ-សង្កាត់ និងជំរុញការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែប្រសើរឡើងថែមទៀត។

លើសពីនោះ អភិបាលខេត្តសៀមរាប បានស្នើឱ្យសមាជិកក្រុមប្រឹក្សាឃុំថ្មី យកចិត្ដទុកដាក់អនុវត្ដឲ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល និងត្រូវបំពេញការងារចំពោះមុខឲ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នានៅក្នុងកិច្ចការរបស់ខ្លួន៕








No comments:

Post a Comment