Wednesday, July 05, 2017

ដើម្បីសុខភាពប្រជាពលរដ្ឋ សាខាកាំកុងត្រូលខេត្តស្វាយរៀង បានបន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្ស

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង និងក្រុមការងារ ដោយមានកិច្ចសហការពី អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ បាទី ស្ថិតក្នុងក្រុងបាវិត ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលា សរុបជាង ១០០ នាក់។
ការផ្សព្វផ្សាយនូវចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាបចំណេះដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។
ការទទួលខុសត្រូវលើ«សុវត្ថិភាពម្ហូបអាហារ» គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។
ចុងបញ្ចប់នៃកម្មវិធីក៏មានការឆ្លើយនូវសំណួរពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ១២៥ ផ្ទាំង ផងដែរ៕





No comments:

Post a Comment