Wednesday, July 05, 2017

ប្រធានអង្គការសហ​ប្រជាជាតិ​ថ្កោលទោស​កូរ៉េខាងជើង​ ដែលកាន់​តែធ្វើឱ្យ​មានស្ថានភាព​ដ៏គ្រោះថ្នាក់​

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ទី៥ ខែកក្កដា អំពីការបាញ់មីស៊ីលកូរ៉េខាងជើង ដែលក្រុងព្យុងយ៉ាងអះអាងថា គឺជាការសាកល្បងដ៏ជោគជ័យលើកទីមួយនៃការបាញ់មីស៊ីលឆ្លងទ្វីប។​

លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «នេះគឺជាទង្វើដែលជាការរំលោភបំពានដ៏គឃ្លើន ទៅលើសេចក្តីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏ជាការបង្ហាញនូវស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរឡើង»។​

គាត់បាននិយាយបន្ថែមថា «មេដឹកនាំកូរ៉េខាងជើងត្រូវតែបញ្ឈប់សកម្មភាពបង្កហេតុ ហើយត្រូវតែគោរពយ៉ាងពេញលេញទៅនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន»។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវបានរំពឹងទុកថា នឹងជួបប្រជុំគ្នានៅថ្ងៃពុធសម្រាប់កិច្ចប្រជុំបិទទ្វារជាបន្ទាន់មួយ បន្ទាប់ពីក្រុងព្យុងយ៉ាងប្រកាសថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលបាញ់ឆ្លងទ្វីបលើកដំបូង។​

ឯកអគ្គរដ្ឋទូតអាមេរិក Nikki Haley កាលពីថ្ងៃអង្គារបាននិយាយតាមទូរស័ព្ទជាមួយឯកអគ្គរដ្ឋទូតចិនលោក Liu Jieyi ដែលជាអ្នកកាន់តួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខនៅខែនេះ ដើម្បីពាំនាំសំណើររបស់អាមេរិកឱ្យមានកិច្ចប្រជុំបន្ទាន់មួយ។​

លោក Guterres បាននិយាយសង្កត់ធ្ងន់ថា «សារៈសំខាន់នៃការរក្សាបាននូវឯកភាពរបស់សហគមន៍អន្តរជាតិនៅក្នុងការលើកមកដោះស្រាយ ចំពោះភាពប្រឈមដ៏ធ្ងន់ធ្ងរនេះ» នេះជាការនិយាយទៅដល់ភាពមិនចុះសម្រុងគ្នាងរវាងអាមេរិក និងចិន។​

ចិនកំពុងតែជម្រុញឱ្យមានការជួបពិភាក្សារវាងមហាអំណាចពិភពលោក និងកូរ៉េខាងជើងស្តីពីការលុបំបាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ក៏ប៉ុន្តែអាមេរិកនៅតែរក្សាគោលជំហរថា ក្រុងព្យុងយ៉ាងត្រូវតែបញ្ឈប់ជាមុនសិននូវការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។​

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un បានឈរពិនិត្យមើលការបាញ់មីស៊ីលឆ្លងទ្វីបដែលគេហៅឈ្មោះថា Hwasong-14 missile ដែលអ្នកជំនាញនិយាយថា សព្វាវុធបែបនេះអាចបាញ់ដល់កោះ Alaska របស់អាមេរិក។

វិទ្យាស្ថានវិទ្យសាស្រ្តការពារជាតិកូរ៉េខាងជើងបាននិយាយថា សព្វាវុធប្រភេទនេះអាចបាញ់ដល់រយៈកម្ពស់ ២,៨០២ គីឡូម៉ែត្រ ហើយអាចហោះបានរយៈចម្ងាយ ៩៣៣ គីឡូម៉ែត្រ។

មេបញ្ជាការអាមេរិកប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វិកនិយាយបញ្ជាក់ពីការសាកល្បងនេះ ហើយនិយាយថា មីស៊ីលបាញ់ឆ្លងទ្វីបនេះបានហោះរយៈពេល ៣៧ នាទី មុនពេលធ្លាក់ទៅក្នុងសមុទ្រជប៉ុន។ ខ្លួនបាននិយាយថា ការបាញ់សព្វាវុធនេះមិនបានគំរាមដល់អាមេរិកខាងជើងទេ។​

ការសាកល្បងបាញ់សព្វាវុធនេះ បានកើតមានឡើងចំពេលដែលអាមេរិកប្រារព្ធថ្ងៃឯករាជ្យជាតិរបស់ខ្លួន ដែលធ្វើឱ្យប្រធានាធិបតី Donald Trump ទាមទារចិនដែលជាសម្ព័ន្ធមិត្តការទូតដ៏ចម្បងរបស់កូរ៉េខាងជើង ដើម្បីឱ្យបញ្ចប់នូវទង្វើមិនបានការនេះ៕

ប្រភព: AFP/ Channel News Asia ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment