Wednesday, July 05, 2017

រដ្ឋមន្ត្រី​ក្រសួងសុខាភិ​បាល ចុះត្រួត​ពិនិត្យការផ្ត​ល់សេវាជូនអ្នក​ជម្ងឺ និងការ​រៀបចំអគារ​ថ្មីរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងពិនិត្យការផ្តល់សេវាជូនអ្នកជម្ងឺ និងពិនិត្យការរៀបចំអគារថ្មីដែលជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីពង្រីកសេវាពិនិត្យ ព្យាបាលជូនប្រជាជនអោយកាន់តែល្អប្រសើរឡើងថែមទៀត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
នាឱកាសនោះ លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះបង្ហាញពីការរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតលើការពង្រីកអគារថ្មី ដែលជាថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យទទួលបាននូវការថែទាំ ព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវពង្រីកពី៥០០គ្រែ ទៅ៦០០គ្រែ សម្រាប់មន្ទីរពេទ្យរដ្ឋមួយនេះ។ លោកសង្ឃឹមថា អគារថ្មីនេះអាចគ្របដណ្តប់លើជម្ងឺភ្នែក ជម្ងឺត្រចៀកច្រមុះ ជម្ងឺបំពង់ក សសៃប្រាសាទ សើស្បែកដែលរំលោះពីអគារធំដែលអាចផ្តល់សេវាពេញលេញស្របតាមមន្ទីរពេទ្យថ្នាក់ជាតិ កាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនេះបាន និងកំពុងផ្តល់សេវាពិនិត្យ និងព្យាបាលដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់។ លោកបន្តថាមន្ទីរពេទ្យបានពង្រីកសេវាកម្មទាំងនេះ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ លោក ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានទទួលការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ចន្លោះពី៦០០ទៅ៧០០នាក់ ក្នុងមួយថ្ងៃជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ប្រមាណជា៦០ភាគរយបានប្រើប្រាស់មូលនិធិសមធម៌របស់រាជរដ្ឋាភិបាល ដោយពិនិត្យនិងព្យាបាលជំងឺមិនគិតថ្លៃ។ លោកបន្តថា អគារថ្មីដែលនឹងសម្ពោធដាក់ប្រើប្រាស់ក្នុងពេលឆាប់ៗនេះ នឹងជួយពង្រឹងសេវាកម្មឲ្យកាន់តែល្អប្រសើរ ជាមួយនឹងការបំពាក់ឧបករណ៍ពិនិត្យនិងព្យាបាលកាន់តែទំនើប ព្រមទាំងមានការបណ្តុះបណ្តាលជំនាញក្រុមគ្រូពេទ្យឲ្យកាន់តែល្អប្រសើរទៀត។ អគារថ្មីនេះមានកម្ពស់៥ជាន់ និងចំណាយថវិការសាងសង់ប្រមាណជា២លានដុល្លារសហរដ្ឋអាមេរិក៕



No comments:

Post a Comment