Wednesday, July 05, 2017

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចេញសារអប​អរសាទរ​ សារមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់មីន​ នៅកម្ពុជា​

យោងតាមការបង្ហោះផ្សាយនៅលើទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលមានឈ្មោះថា Samdech Hun Sen Cambodian Prime Minister នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអបអរសាទរ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា។

ទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងទៀតថា កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹងនិងយល់ច្បាស់នូវលទ្ឋផលសង្រ្គាម។ ពិតណាស់ គឺកម្ពុជាឆ្អែតនឹងសង្រ្គាម។ ប្រសិនបើគ្មានសង្រ្គាម និងរបបប្រល័យពូជ សាសន៍ គឺកម្ពុជាពិតជារីកលូតលាស់យ៉ាងខ្លាំង។

ដោយសារសង្គ្រាមជាច្រើនទសវត្សកន្លងមកនេះ គឺបានបន្សល់ទុកនូវគ្រាប់មីនជាច្រើនកប់ក្រោមដី ដែលធ្វើអោយប្រជាពលរដ្ឋបានស្លាប់ និងរបួសពិការ។ ទន្ទឹមនឹងនេះ គ្រាប់មីនគឺបានរារាំងដល់ការដាំដុះដំណាំកសិកម្មរបស់ប្រជាពលរដ្ឋផងដែរ។

កន្លងមកគឺមាន មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា ដែលមានឈ្មោះថា Cambodian Mines Action Center -CMAC បាន ធ្វើការបោសសំអាតគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះអោយអស់ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅ និង ប្រកបរបរកសិកម្មដោយគ្មានការភ័យខ្លាច។ មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា មិនត្រឹមតែបោសសំអាត មីននៅកម្ពុជាទេ ប៉ុន្តែពេលនេះកំពុងជួយបោសសំអាតមីននៅប្រទេសនានា ក្រោមបេសកកម្មអង្គការ សហប្រជាជាតិផងដែរ។

បើតាម Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងទៀតថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា បានបង្កើតសារមន្ទីរមីន និងគ្រាប់មិនទាន់ផ្ទុះមួយដែលមានឈ្មោះថា “សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន” ដែលទទួលបានការគាំទ្រ និងឧបត្ថម្ភពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងទីបញ្ជារការស៊ីម៉ាក់ CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។

សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ ប្រមាណ១២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះហើយ។

ទំព័រ Facebook បានបន្ថែមថា សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នេះក៏មានការរៀបចំដាក់បង្ហាញអំពី ប្រវត្តិសង្គ្រាម សកម្មភាព ក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍ ក្រោយពេលបោសសំអាតសំណល់ជាតិផ្ទុះរួច។ សារមន្ទីរនេះ គឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់យុវជន យុវតីជំនាន់ ដែលកើតមិនទាន់សង្រ្គាម ដើម្បីសិក្សាស្វែងយល់អំពីសង្រ្គាម និងផលប៉ះពាល់នានាដែលបានកើតមាន ឡើងនៅក្នុងប្រទេសយើង។ ហេតុដូច្នេះហើយ បានជាយើងត្រូវរួមគ្នាខិតខំថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បី យើងមានឱកាសកសាងប្រទេសអោយរីកចម្រើន។ ទាំងកម្ពុជា និងប្រទេសក្នុងពិភពលោក គឺត្រូវការសន្តិភាព!៕









No comments:

Post a Comment