Wednesday, July 05, 2017

ត្រាំ​ និងចិន៖ ​ផលវិបាក​សម្រាប់​អាស៊ីអាគ្នេយ៍​

មុន​ពេល​ពិធី​ចូល​កាន់តំណែង​របស់​គាត់​ អ្នក​ជំនាញ​ចិន​បាន​វិនិច្ឆ័យ​ថា ត្រាំ ដែល​ជា​អ្នក​ជំនួញ​ជោគ​ជ័យ​ម្នាក់នោះអាច​ត្រូវបាន “សម្រប” ឲ្យ​ធ្វើ​តាម​ផល​ប្រយោជន៍​របស់​ចិន​ និង​​ជា​យ​ថា​ហេតុ​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុងការ​ធ្វើ​ជា​មួយ​ជាង​ គ្លីន​តុន។ ភ្លាម​បន្ទាប់​ពី​ជាប់​ឆ្នោត ត្រាំ បាន​បញ្ចប់​ក្តី​រំពឹង​នេះ​ជា​មួយ​នឹង​កាយវិការ​ ពាក្យ​សម្តី ​និង​ការ​សរសេរ​នៅ​ធ្វីតធើ​របស់​គាត់។ បន្ទាប់​​ពី​ទទួល​ការ​ហៅ​ទូរស័ព្ទ​​អបអរសាទរ​​ពី​ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen មក ត្រាំ បាន​​សួរ​ថា ហេតុ​អ្វី​បាន​ជា​​អាមេរិក​ត្រូវ​តែ​គាំទ្រ​ជំហរ “ចិន​តែ​មួយ” និង​ជៀស​វាង​ការ​បង្កើន​​​ទំនាក់ទំនង​ជា​មួយ​តៃវ៉ាន់។
ប្រធានាធិបតី​ ត្រាំ នៅទីបំផុត​ ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឲ្យ​ទស្សនៈ​ដើម​របស់​អាមេរិក​អំពី​គោល​នយោ​បាយ “ចិន​តែ​មួយ”។ ទោះបីជា​កិច្ចប្រជុំ​កំពូល​មិន​ផ្លូវ​ការ​របស់គាត់​ជា​មួយ​ប្រធានាធិបតី​ ស៊ី ជីនពីង​​ នៅ​ដើម​ខែមេសា​មាន​ដំណើរការ​ល្អ​ក៏​ដោយ ក៏​ ត្រាំ បាន​ដាក់​ឲ្យ​សមភាគី​ចិន​របស់​គាត់​ស្ថិត​ក្នុងការ​ការ​ពារ​ដែរ។ គាត់​បាន​បង្ហាញ​ច្បាស់​ថា គាត់​អាច​ចាត់​វិធានការ​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ដែល​មាន​ផល​វិបាក​អវិជ្ជមាន​ធ្ងន់​ធ្ងរ​​ចំពោះ​ចិន។ ប៉េកាំង​ត្រូវ​បាន​បង្ខំ​​ឲ្យ​ត្រៀម​ដល់​​ភាព​មិន​ច្បាស់​លាស់​ពី​ប្រធានាធិបតី​អាមេរិក​ម្នាក់ដែល​ផ្តល់​តម្លៃ​ដល់​ភាព​មិន​អាច​ប៉ាន់​ស្មាន​ទុក​ជា​មុន ​និង​ភាព​តាន​តឹង​ដើម្បី​សម្រេច​ដល់​គោល​ដៅ។​
បន្ទាប់​​ពី​កិច្ច​ប្រជុំ​នោះ រដ្ឋាភិបាល​ត្រំា​បាន​រក្សា​សម្ពាធនយោ​បាយ​ខ្លាំង​លើ​ចិន​ដើម្បី​ប្រើ​ប្រាស់​អំណាចសេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​បញ្ឈប់​ការ​អភិវឌ្ឍន៍​​​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ក្នុង​ខណៈ​​ដែល​បង្ក​រ​ការ​ភ័យ​ថា នឹង​មាន​ជម្លោះ​នៅ​ឧបទ្វីបកូរ៉េនោះ ប្រធានាធិបតី​ ត្រាំ បាន​សម្តែង​ក្តី​គោរព​ផ្ទាល់​ខ្លួន​គាត់​ដល់​ប្រធានាធិបតី ស៊ី។ គាត់​បាន​សន្យា​ដល់​ក្រុង​ប៉េកាំង​​អំពី​ការ​ទុក​មួយ​អន្លើ​សិន​​នូវ​ការ​ចរចា​​ពី​អតុល្យ​ភាព​​ពាណិជ្ជកម្ម​ធំៗ​របស់​ប្រទេស​ទាំង​ពីរ​ និង​បញ្ហា​សេដ្ឋកិច្ច​ផ្សេងទៀត។​
ភាព​មិន​ច្បាស់លាស់​ថ្មី​របស់​ចិន​លើ​ប្រធានាធិបតី​អាមេរិក​​បាន​បន្ថែម​​ដល់​មូល​ហេតុ​សម្រាប់​ក្រុង​ប៉េកាំង​ក្នុងការ​ជៀសវាង​ យ៉ាង​ហោច​សម្រាប់​ពេល​ឥឡូវនេះនូវ​ការ​ពង្រីក​ទឹកដី​ដ៏ចម្រូង​ចម្រាស់​នៅ​សមុទ្រ​ចិនខាងត្បូង។ ថាតើ​រឿង​នេះ​នឹង​មាន​រយៈ​ពេល​យូរ​ប៉ុន្មាននោះ​គឺ​​ស្ថិត​នៅ​ជា​ការ​ប៉ាន់​ស្មាន​ប៉ុណ្ណោះ។​
ជាង​នេះទៅទៀត ការជាប់​រវល់​​របស់​រដ្ឋការ ត្រាំ ជា​មួយ​នឹង​កូរ៉េខាង​ជើង​និង​ចិន​នោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​រសាត់​អណ្តែត​​ក្នុងគោល​នយោ​បាយ​អាមេរិក​នៅ​អាស៊ីអាគ្នេយ៍។ ត្រាំ និង​មន្ត្រី​របស់​គា​ត់​បាន​ប្រកាស​បញ្ចប់​គោល​នយោ​បាយ “ងាក​កម្លាំង​ទៅ​អាស៊ី” របស់​រដ្ឋការ​ អូបាម៉ា​ និង​លប់​ចោល​​​គោល​នយោ​បាយ​សេដ្ឋកិច្ច​ដ៏សំខាន់​នោះគឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក។​
អ្វីដែល​មាន​នៅ​ក្នុង​គោល​នយោបាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​របស់ ត្រាំ​ នោះ​បាន​បង្ហាញ​ពីការ​យក​ចិត្ត​ទុក​ដាក់​​​យឺតយ៉ាវ​ និង​​​ចោះៗ​ដោយ​សារតែ​​រដ្ឋការ​ដែល​មិន​មាន​មន្ត្រី​គ្រប់​គ្រាន់ ​​និង​គ្មាន​ទស្សនៈ​យុទ្ធ​សាស្ត្រ​ច្បាស់លាស់។ ទើប​តែ​ពេល​ថ្មី​ៗ​នេះទេ​ដែល​ពួក​គេ​ចាប់​ផ្តើម​​បង្ហាញ​​ចំណាប់​អារម្មណ៍​ក្នុងការមាន​ទំនាក់​ទំនង​វិជ្ជមាន​ជា​មួយ​អាស៊ី​អាគ្នេយ៍។​
ស្តីពីជម្លោះ​នៅ​សមុទ្រ​ចិនខាងត្បូវ រដ្ឋាភិបាល​ ត្រាំ បានជ្រើស​យក​វិធី​សាស្ត្រ​​ប្រុង​ប្រយ័ត្ន​។ ខ្លួន​បាន​ជៀសវាង​​មួយ​រយៈ​នូវ​ការ​អនុវត្ត​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ម្តងម្កាល​ដោយ​នាវា​ជើងទឹក​អាមេរិក​ដែល​មាន​គោល​ដៅ​ប្រឆាំង​នឹង​សណ្ឋា​ន​កោះ​របស់​ចិន​ដែល​បាន​ចាត់​ទុក​ថា ខុស​ច្បាប់​ដោយ​តុលាការ​មជ្ឈត្តិកម្ម​អន្តរជាតិ​នៅ​ឆ្នាំ ២០១៦។ នៅ​ឥណ្ឌូនេស៊ី អនុប្រធានាធិបតី Pence បាន​លើក​ឡើង​នូវ​កា​រ​ប្តេជ្ញាចិត្ត​របស់​អាមេរិក​លើ​ “ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌” ជា​មួយ​ឥណ្ឌូនេស៊ី ជា​ប្រទេស​មួយនៅ​អាស៊ី​ដែល​មាន​ពាណិជ្ជកម្ម​លើស​​ជា​មួយ​អាមេរិក ​និង​ស្ថិត​ក្រោម​ការពិនិត្យ​ឡើង​វិញ​ដោយ​រដ្ឋបាល​ថ្មី​របស់​អាមេរិក។​
បញ្ហា​សិទ្ធិមនុស្ស​នៅ​អាស៊ីអាគ្នេយ៍​ មាន​តាំងពី​រឿង​ការ​កាន់អំណាច​​ផ្តាច់ការ​​របស់​បុរស​ខ្លាំង​នៅ​កម្ពុជា​ និង​ការ​មាន​កម្លាំង​ខ្លាំង​របស់​របបកុម្មុយនីស្ត​នៅ​វៀតណាម​​រហូតដល់​រឿង​ការ​បង្ក្រាប​ដ៏​ចម្រូង​ចម្រាស់​របស់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ថ្មី​មីយ៉ាន់ម៉ា​លើ​សហគមន៍​ Rohingya ដែល​ត្រូវ​បាន​គេ​​​សង្កត់សង្កិន បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​តិច​តួច​ណាស់​ពី​រដ្ឋបាល​ ត្រាំ ជាង​ពី​រដ្ឋបាល​មុនៗ។ ការ​អញ្ជើញរបស់​ប្រធានាធិបតី​នាពេល​ថ្មីៗ​នេះ​ដល់​​មេដឹកនាំ​ហ្វីលីពីន​ និង​ថៃ​នោះ​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ថ្មី​របស់​អាមេរិក​លើ​បញ្ហា​សិទ្ធិ​មនុស្ស។​
មន្ត្រី​​អាស៊ី​អាគ្នេយ៍​​​ត្អូញ​ត្អែ​​ត្រឹម​ត្រូវ​ថា ពួក​គេ​មាន​សមភាគី​តិច​តួច​ណាស់​នៅ​ក្នុង​រដ្ឋការ​របស់​ត្រាំ ជា​ពិសេស​នៅក្នុង​ក្រសួងការបរទេស ​និង​ការ​ពារជាតិ ដោយ​សារតែ​​ភាព​យឺត​យ៉ាវ​ខ្លាំង​របស់​រដ្ឋបាល​នោះ​ក្នុងការ​តែងតាំង​មន្ត្រី។ នៅពេល​ពួក​គេ​កំពុង​រង់ចាំ អ្នកដែល​ស្វែង​រក​យុទ្ធ​សាស្ត្រ​អាមេ​រិក​ដែល​មាន​សមាហរណ​កម្ម​ល្អ​មក​លើ​តំបន់​អាស៊ី​អាគ្នេយ៍​​នោះ​ទំនង​ជា​មាន​ការ​ខក​ចិត្ត។ ដោយ​មានការ​ទប់​ស្កាត់​វិបត្តិ​មិន​រំពឹងទុក​ណា​មួយនោះ ការ​ជាប់​រវល់​​ខ្លាំង​របស់​រដ្ឋបាល​ត្រាំ​លើ​ចំណុច​អាទិភាព​ផ្សេង​ៗទៀត​នោះ​ហាក់ដូចជា​នឹង​បន្ត​​ទៀត​សម្រា​ប់​អនាគត​ខាង​មុខ។
ក្នុង​បញ្ហា​សំខាន់​ៗ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ហាក់បីដូចជា​មាន​កិច្ច​ព្រមព្រៀង​ទូលាយ​នៅ​ក្នុង​រដ្ឋាភិបាល​ ត្រាំ អំពី​ការ​ចាំបាច់​ក្នុងការ​ពង្រឹង​​ជំហរ​សន្តិសុខ​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ទាំង​មូល។ សំណើរ​បង្កើនចំណាយ​ការពារជាតិ​​​របស់​ប្រធានាធិបតី​ ត្រាំ ​នោះ​នឹង​គាំ​ទ្រ​ដល់​ការ​តាក់​តែ​ងច្បាប់​របស់​សភា​ដូចជា​​ ការ​ផ្តួច​ផ្តើម​គំនិត​ស្ថិរ​ភាព​តំបន់​អាស៊ីប៉ាស៊ី​ហ្វិក (Asia Pacific Stability Initiative) និង​ច្បាប់​​ផ្តល់​ទំនុក​ចិត្ត​​អាស៊ី (Asian Reassurance Initiative Act)។
ប៉ុន្តែ ការ​សម្រេច​បាន​ជំហរ​​បង្រួបបង្រួម​និង​ចីរភាព​លើ​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អាមេ​រិក​ ជា​មួយ​តំបន់​អាស៊ី​អាគ្នេយ៍​ ឬ​កន្លែង​ផ្សេង​នោះ មើល​ទៅ​មាន​ការ​លំបាក​ជាង​​បញ្ហា​សន្តិ​សុខ​និង​គោល​នយោ​បាយ​ការបរទេស។ មន្ត្រី​សំខាន់​ៗ​មាន​ប្រវត្តិ​មិនចុះ​សម្រុងគ្នា​។ អ្នក​ខ្លះ​មាន​ប្រើ​សម្តី​វោហារសាស្ត្រ​ក្នុង​យុទ្ធ​នាការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​សន្យា​​ចាត់​ការ​យ៉ាង​ចាស់​ដៃ​ជា​មួយ​បណ្តារដ្ឋ​ដែល​ “ចាត់​ទុក​អាមេរិក​មិន​ស្មើភាព” និង​ “ដណ្តើម​ការងារ” ពី​កម្មករអាមេរិក។ អ្នក​ផ្សេង​ទៀត​​បាន​ប្រកាន់​ភ្ជាប់​នឹង​​ទ្រឹស្តី​​អភិរក្ស​របស់​ពួក​សាធារណរដ្ឋ​នៅ​ក្នុងការ​គាំទ្រ​​ពាណិជ្ជកម្ម​សេរី។ ​គេ​និយាយថា គោល​នយោ​បាយ​នោះ​បាន​រុញ​ទៅ​វិញ​ទៅ​មក​រវាង​ក្រុម​ទាំង​ពី​រនោះ។
គេ​នៅតែ​រង់ចាំ​មើល​ថា តើ​ឥទ្ធិពល​ច្រើន​កម្រិត​ណា​ដែល​អាមេរិក​នឹង​បាត់​បង់ ឬ​ទទួល​បាន​​នៅ​ក្នុង​បរិយា​កាស​មិន​ច្បាស់លាស់​ទាំង​នេះ​​។ រឿង​ច្រើន​នឹង​អាស្រ័យ​លើ​ថា តើ​ចិន​នឹង​ “បំពេញ​ចន្លោះ​ប្រហោង” នោះ​បាន​ល្អ​កម្រិត​ណា​ ឬ​អន់​កម្រិតណា​ ដោយ​សារតែ​​ភាព​មិន​ច្បាស់លាស់​របស់​គោល​នយោ​បាយអាមេរិក។ សម្រាប់​ពេល​នេះ វា​ហាក់ដូចជា​ថា ការ​ប្រណាំង​ប្រជែង​រវាង​អាមេរិក​​និង​ចិន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​​នឹង​ទំនង​ជា​នៅតែ​មានភាព​​ខ្លាំង​ក្លានៅពេល​ខាងមុខ៕

ប្រភព៖ East Asia Forum ចុះថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment