Wednesday, July 05, 2017

ក្រសួង​ទេសចរណ៍​រៀបចំបង្កើត​បណ្តាញអ្នក​ជំនាញ សាស្រ្តា​ចារ្យ និង​អ្នកស្រាវ​ជ្រាវ ដើម្បី​អភិវឌ្ឍន៍ និងលើកស្ទួយវិស័យទេសចរណ៍

នៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការបង្កើតបណ្តាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍ និងពិគ្រោះយោបល់លើនិតិវិធី នៃការប្រឡងប្រណាំង សរសេរអត្ថបទស្រាវជ្រាវទេសចរណ៍ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧នេះ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ លោក ណេប សមុត អគ្គនាយកទេសចរណ៍ បានមានប្រសាសន៍ថា ការបង្កើតបណ្តាញអ្នកជំនាញ សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ ក្នុងវិស័យទេសចរណ៍នេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលជំនាញទេសចរណ៍។
លោក ណេប សមុត បន្តថា សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍នេះ មានភារកិច្ចចូលរួមសិក្សា ពិគ្រោះយោបល់លើការកសាងឯកសារសម្រាប់គំាទ្រដល់ការបណ្តុះបណ្តាល ជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច សិក្សាស្រាវជ្រាវ ផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាឲ្យបានទូលាយ។
លោកបន្តថា ម្យ៉ាវិញទៀត ក្រុមនេះ ក៏មានតួនាទីសិក្សាលើលទ្ធផល នៃការសិក្សាដែលបានមកពីក្រុមបច្ចេកទេសស្រាវជ្រាវរដ្ឋ និងឯកជន ដើម្បីចូលរួមបង្កើតតាមដានវាយតម្លៃការអនុវត្ត និងកែលម្អយុទ្ធសាស្រ្ត នៃផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ផងដែរ។ លោកបញ្ជាក់ថា បណ្តាញអ្នកជំនាញសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍នេះ នឹងដើរតួនាទីសំខាន់ក្នុងការបង្កើនឧត្តមភាព ភាពប្រគួតប្រជែង និងនិរន្តរភាព នៃការអភិវឌ្ឍន៍វិស័យទេសចរន៍ តាមរយៈផ្តល់របកគំហើញ និងការចូលរួមលើកកម្ពស់ការអប់រំ សិក្សាស្រាវជ្រាវ។
លោក មាន វ៉ាន់ដេត ប្រធាននាយករដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍បើកទូលាយចំពោះសាធារណៈជនទូទៅ សាស្រ្តាចារ្យ និស្សិតដែលមានចំណេះដឹង និងជំនាញលើការស្រាវជ្រាវក្នុងវិស័យទេសចរណ៍ ឲ្យចូលបណ្តាញអ្នកជំនាញសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងវិស័យទេសចរណ៍នេះ។
លោកបន្តថា អត្ថប្រយោជន៍នៃការចូលរួមក្នុងបណ្តាញនេះ គឺមានឱកាសទទួលបានអាហារូបករណ៍សិក្សាលើជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច អាចចូលរួមសិក្សាក្នុងគម្រោងស្រាវជ្រាវក្នុងវិស័យទេសចរណ៍ដែលគាំទ្រដោយក្រសួងផ្សេងៗ មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ទាំងផ្នែកសិក្សាធិការ និងជំនាញវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានេះ សមាជិកនៃបណ្តាញនេះ ត្រូវបានជ្រើសរើសជាគ្រូឧទេស គ្រូបង្គោលក្នុងការចូលរួម បណ្តុះបណ្តាលជំនាញទេចរណ៍ និងអត្ថប្រយោជន៍ជាច្រើនទៀត។
លោកបានបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំក្នុងវិស័យទេចរណ៍នេះ ក្រសួងទេសចរណ៍បានចេញប្រកាសមួយ ស្តីពីការគ្រប់គ្រង និងទទួលស្គាល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលមានវិសាលភាពគ្របដណ្តប់ លើសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់នៅកម្ពុជា៕







No comments:

Post a Comment