Wednesday, July 05, 2017

ក្រសួងមហាផ្ទៃ បញ្ជាក់ថា លិខិតធ្វើដំណើរត្រូវផ្តល់ដោយឥតគិតថ្លៃសម្រាប់ពលករស្របច្បាប់តាមរយៈក្រសួងការងារ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ បានឱ្យដឹងថា ពលករទៅបំពេញការងារស្របច្បាប់នៅក្រៅប្រទេស តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវផ្តល់លិខិតធ្វើដំណើរដោយ ឥតគិតថ្លៃ ដោយអាករជាបន្ទុករបស់រដ្ឋ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លៀតឱកាសយកកម្រៃ សេវា​លើសការកំណត់ពីសំណាក់ក្រុមហ៊ុនជ្រើសរើសពលករ ឬមេខ្យល់ ឬអ្នករត់ការយកកម្រៃជើងសារ សូមប្រជាពលរដ្ឋដែលមានបំណងសុំផ្តល់លិខិតឆ្លងដែនធម្មតា ទាក់ទងមក នាយកដ្ឋានលិខិតឆ្លងដែនដែលមានអាសយដ្ឋានស្ថិតនៅក្នុង ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ចំពោះពលករបំពេញការងារស្របច្បាប់នៅក្រៅ ប្រទេស ដោយមានការទទួលស្គាល់ និងមានលិខិតបញ្ជាក់ពីក្រសួងការងារ សូមទាក់ទងមកនាយកដ្ឋានលិខិតឆ្លងដែន ឬសាខាលិខិតឆ្លងដែនប្រចាំខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ហើយសាខាលិខិតឆ្លងដែនទាំងពីរខេត្តខាងលើ ផ្តល់ជូនតែលិខិតធ្វើដំណើរជូនពលករ ធ្វើការនៅបរទេសប៉ុណ្ណោះ៕


No comments:

Post a Comment