Wednesday, July 05, 2017

ឯកសារថ្មីៗស្ដីពីវិនាសកម្មនៃបេតិកភណ្ឌពិភពលោកនៅ​អារ៉ាប់ ​និងឯកសារ​សំខាន់​ជាច្រើន​ទៀតមាន​នៅក្នុង​បណ្ណាល័យ​នៃអាជ្ញាធរ​ជាតិអប្សរា​

ឯកសារដ៏កម្រមួយមានចំណងជើងថា  «Patrimoines mutilés»  ស្ដីពីបញ្ហាប្រឈមនៃសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិនាពេលបច្ចុប្បន្ន ជាពិសេសការប៉ះពាល់បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរដោយ សង្គ្រាមនៅអៀរ៉ាក់ អាហ្កានីស្ដង់ និងស៊េរី ត្រូវបានយកមកតម្កល់ទុកនៅបណ្ណាល័យនៃអាជ្ញាធរជាតិអប្សរា នៅក្នុងមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។

លោកសាស្ត្រាចារ្យ Mounir Bouchenaki  ជាអ្នកចងក្រងឯកសារនេះ  ហើយលោកគឺជា ប្រធានមជ្ឈមណ្ឌលអារ៉ាប់ ដើម្បីបេតិកភណ្ឌពិភពលោក និងជាអ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ។ ឯកសារនេះ និយាយអំពីបញ្ហាប្រឈម  និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាមចំពោះសម្បត្តិបេតិកភណ្ឌពិភពលោក ការងារនិងសកម្មភាពនានាកន្លងមករបស់ UNESCO ទៅលើបញ្ហាប្រឈមទាំងនោះ និងអំពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រដើម្បីការពារ និងស្ដារឡើងវិញនូវស្នាដៃទាំងនោះ។

ក្រៅពីអត្ថបទដ៏សំខាន់ខាងលើ បណ្ណាល័យនៃអាជ្ញាធរជាតិអប្សរាក៏បានទទួលផងដែរនូវឯកសារថ្មីៗចំនួន ៤ផ្សេងទៀតគឺ ៖

១. Le Vocabulaire de l’architecture Khmère : ជានិក្ខេបបទថ្នាក់បណ្ឌិតរបស់លោកស្រី ម៉ែន ចន្ទទេវី ស្ដីពី ការបកប្រែពាក្យបច្ចេកទេសពីភាសាបារាំងមកភាសាខ្មែរ សម្រាប់ប្រើប្រាស់ក្នុងវិស័យសំណង់ស្ថាបត្យកម្មខ្មែរបុរាណ និងសម័យទំនើប។

២. Le Courrier de l’UNESCO ̏ Défis 2030; Un agenda pour tousʺ: ជាព្រឹត្តិបត្រប្រចាំត្រីមាស របស់យូណេស្កូ UNESCO ដែលប្រមូលផ្តុំនូវអត្ថបទផ្សេងៗ ដែលទាក់ទងទៅនឹងបរិស្ថាន សង្គម ការអប់រំ បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ល។

៣. Annual Report on the Research and Restoration Work of the Western Prasat Top :របាយការណ៍ប្រចាំឆ្នាំ ២០១៦ ស្ដីពីការស្រាវជ្រាវ និងជួសជុលប្រាសាទតុបខាងលិចរបស់វិទ្យាស្ថាន NARA។

៤.កម្រងសកម្មភាពការងាររបស់អាជ្ញាធរអប្សរាក្នុងឆ្នាំ ២០១៦ ដែលបានផ្សាយនៅលើគេហទំព័រ និងបណ្ដាញទំនាក់ទំនងសង្គមរបស់អាជ្ញាធរអប្សរា។ ឯកសារនេះ គឺបរិយាយអំពីសកម្មភាពថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា កិច្ចសហប្រតិបត្តិការអន្តរជាតិ ការងារអភិរក្សជួសជុល ការគ្រប់គ្រងបរិស្ថាន ទឹកនិងព្រៃឈើ ការបណ្តុះបណ្តាល ការងារស្រាវជ្រាវ ការគ្រប់គ្រងទេសចរណ៍អង្គរ ការអភិវឌ្ឍសហគមន៍ ទំនៀមទម្លាប់អ្នកស្រុកអង្គរ និងអត្ថបទជាច្រើនទៀតដែលពាក់ព័ន្ធនឹងចំណេះដឹងអំពីអង្គរ។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរអប្សរា មានតម្កល់សៀវភៅ និងឯកសារស្រាវជ្រាវជាង២៥០០ច្បាប់ ដែលជាឯកសារកម្រ ផ្នែកបុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ សាសនា សិល្បៈវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណ ភាសាវិទ្យា និងឯកសារជាច្រើនទៀតដែលស្តីពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ ជាពិសេសទំនៀមទម្លាប់ដែលកំពុងបន្តប្រតិបត្តិរបស់អ្នកស្រុកអង្គរ ត្រូវបានរក្សាទុកក្នុងបណ្ណាល័យអាជ្ញាធរជាតិអប្សរា។

មជ្ឈមណ្ឌលនេះមានទីតាំងស្ថិតនៅក្នុងភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ហើយបណ្ណាល័យបើកទទួលសាធារណជនរៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល៕








No comments:

Post a Comment