Wednesday, July 05, 2017

តើការ​ធ្វើបាតុកម្ម​ គ្រប់គ្រាន់​ដើម្បីផ្អាក​កិច្ចប្រជុំ​កំពូល​ G20 ទេ?​

យោងតាមការស្ទង់មតិមួយនាពេលថ្មីៗនេះបានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមបីនាក់ ដែលរស់នៅទីក្រុង Hamburg ប្រទេសអាឡឺម៉ង់ចង់ចាកចេញពីទីក្រុងអំឡុងពេលកិច្ចប្រជុំកំពូល​G20 នាថ្ងៃទី ៧-៨ ខែកក្កដាខាងមុខនេះ។ សេចក្តីសម្រេចចិត្តរបស់ពួកគេគឺមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ។ អ្នកណាល្ងង់នៅទីក្រុងជាមួយលោក Trump លោក Erdogan លោក Putin លោកស្រី Merkel និងមេដឹកនាំប្រទេស Saudi Arabia នោះ? កិច្ចប្រជុំកំពូលនេះត្រូវបានគេដឹងថា នឹងមានប៉ូលិសការពារប្រមាណជា ២ម៉ឺននាក់ ហើយក៏មានប្រជាជនប្រមាណជា ១០ ម៉ឺននាក់ចេញធ្វើបាតុកម្មតាមដងផ្លូវប្រឆាំងផងដែរ។
នៅពេលកិច្ចប្រជុំ G20 ធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិនបានដោះស្រាយបានយ៉ាងល្អចំពោះបញ្ហាបាតុកម្មនេះ។ គឺថា ប៉ុន្មានសប្តាហ៍មុនកិច្ចប្រជុំ G20 ឆ្នាំ ២០១៦ ចិនបានប្រកាសពីផ្តល់សច្ចប័នលើកិច្ចព្រមព្រៀងអាកាសធាតុក្រុងបារីស (Paris Agreement)។ ពេលនោះ រដ្ឋាភិបាលចិនបានប្រកាសថ្ងៃឈប់សម្រាករយៈពេល ១សប្តាហ៍ពេញ ហើយលើកទឹកចិត្តឱ្យប្រជាជនទៅដើរកំសាន្ត ជាពិសេសនៅក្រៅទីក្រុង។
បន្ទាប់ពីកិច្ចប្រជុំ G20 នៅប្រទេសចិនបានប្រព្រឹត្តទៅបានយ៉ាងល្អនោះ មានមនុស្សម្នាក់បានចង្អុលលើផែនទីសំដៅលើប្រទេសអាឡឺម៉ង់ ហើយបាននិយាយថា “កិច្ចប្រជុំ G20 លើកក្រោយ សូមទៅធ្វើនៅទីក្រុង Hamburg”។ ក៏ប៉ុន្តែ ទីក្រុង Hamburg ប្រហែលជាមិនមែនជាទីក្រុងដែលអាចបើកកិច្ចប្រជុំ G20 នេះ ដោយរលូតដូចនៅទីក្រុង Hangzhou ទេ។ ពីព្រោះ កិច្ចប្រជុំ G20 លើកនេះ នឹងពិភាក្សាលើបញ្ហានយោបាយអន្តរជាតិដ៏សំខាន់បំផុតនៃឆ្នាំនេះ។
ទីមួយ បន្ទាប់ពីការសម្រេចចិត្តដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងបារីស របស់លោក Donald Trump មក ភាពលំបាក និងការចរចាជាច្រើននឹងធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនេះ។
ទីពីរ បន្ទាប់ពីការវាយប្រហារដោយភេរវកម្មនៅទីក្រុងឡុងដ៏មក នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May បានអំពាវនាវឱ្យមានបទបញ្ញត្តិស្តីពីអ៊ីនធឺណិត ហើយពេលនោះ លោកស្រី Angela Merkel និងលោក Emanuel Macron ក៏បានគាំទ្រលោកស្រីផងដែរ។ មេដឹកនាំកំពូលទាំងបីរូបនេះ ច្បាស់ណាស់ចង់ប្រើប្រាស់កិច្ចប្រជុំ G20 លើកនេះ ដើម្បីជំរុញឱ្យមានការរិតត្បិតលើសេរីភាពអ៊ីនធឺណិត។
ទីបី ក្រុមមេដឹកនាំ Saudi Arabia ក៏នឹងទៅចូលរួមកិច្ចប្រជុំ G20 នេះដែរ ហើយប្រហែលជាពួកគេនឹងជំរុញឱ្យមានកិច្ចព្រមព្រៀងអាវុធថ្មី។
ចំណុចចុងក្រោយដែលសំខាន់ផងដែរនោះ គឺថា លទ្ធភាពនៃពួករដ្ឋអ៊ីស្លាម ដែលត្រូវបានគេស្គាល់ថា ISIS នោះ អាចនឹងមានវត្តមាន។ អាឡឺម៉ង់បានចាត់វិធានការជាថ្មីឱ្យមានការត្រួតពិនិត្យតាមព្រំដែន មុនពេលកិច្ចប្រជុំ G20 នេះ ហើយអាមេរិកកំពុងមានផែនការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនៅក្នុងទីក្រុងនោះ ដែលយន្តហោះប្រភេទនេះ ជាធម្មតាប្រើប្រាស់នៅក្នុងតំបន់សង្រ្គាម។
ដូច្នោះ ប្រសិនបើទីក្រុង Hamburg នឹងក្លាយជាផ្នែកមួយនៃតំបន់សង្រ្គាមនោះ ការចល័តផ្នែកយោធានេះ នឹងធ្វើឱ្យទីក្រុងនេះ ”ធ្លាក់ក្នុងស្ថានភាពសង្រ្គោះបន្ទាន់”។
មុនពេលកិច្ចប្រជុំ G20​ នៅទីក្រុង Hamburg ប្រសិនបើចំណុចដែលស្តែងចេញយ៉ាងច្បាស់ពីបទពិសោធន៍កន្លងមកនៃការចល័តប្រជាជន និងការធ្វើបាតុកម្មរបស់ប្រជាជននោះ វាគឺជាគំរូនៃការប្រឆាំងមួយ ដែលជាក់ស្តែងមិនមានលក្ខណៈគ្រប់គ្រាន់ ដើម្បីផ្អាកកិច្ចប្រជុំនេះបានទេ។
យើងអាចនិយាយបានថា ការប្រឆាំងពីសំណាក់ប្រជាជននេះ មិនមានអំណាចគ្រប់គ្រាន់ក្នុងការរារាំងកិច្ចប្រជុំ G20 ខាងមុខនេះបានទេ ហើយកិច្ចព្រមព្រៀងអ្វីក៏ដោយ មហាអំណាចពិភពលោកនឹងអាចសម្រេចបាននៅក្នុងកិច្ចប្រជុំនាថ្ងៃទី៧-៨ ខែកក្កដាខាងមុខនេះ។
គំរូនៃការធ្វើបាតុកម្មជាសាធារណៈដ៏ធំនេះ ពិតជាមានសារៈសំខាន់ក្នុងការបង្ហាញពីការមិនពេញចិត្តរបស់ប្រជាជនទៅនឹងប្រព័ន្ធពិភពលោកសព្វថ្ងៃ។ ក៏ប៉ុន្តែ បើទោះបីជាមានប្រជាជន ១៥ម៉ឺននាក់ចេញមកធ្វើបាតុកម្មតាមដងផ្លូវក៏ដោយ ក៏ការចល័តប្រជាជនដ៏ធំនេះ នឹងមិនអាចធ្វើឱ្យអ្វីៗផ្លាស់ប្តូរនោះដែរ។
ការធ្វើបាតុកម្មនៅឆ្នាំ ២០០៣ មានប្រជាជនចូលរួមប្រមាណជា ១០ លាននាក់ នៅក្នុងទីក្រុងចំនួន ៦០០ ប្រឆាំងទៅនឹងការឈ្លានពានអ៊ីរ៉ាក់ ក៏ប៉ុន្តែ បាតុកម្មនោះ មិនអាចបញ្ឈប់សង្រ្គាមបានទេ ដូច្នោះ ការគ្រោងធ្វើបាតុកម្មនៅទីក្រុង Hamburg នេះ ក៏នឹងមិនអាចធ្វើអ្វីបានដែរ។
តើនឹងមានអត្ថន័យអ្វីនៅក្នុងបរិបទនៃកិច្ចប្រជុំ G20 នៅទីក្រុង Hamburg ខាងមុខនេះ? សូមផ្តោតលើបញ្ហាសំខាន់ចំនួនបីនៃកិច្ចប្រជុំ G20 នេះ គឺ ការប្រែប្រួលអាកាសធាតុ សេរីភាពអ៊ីនធឺណិត និងការលក់អាវុធ៕

ប្រភព៖ Al Jazeera ចុះថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៧

No comments:

Post a Comment