Thursday, December 14, 2017

មាន​ការ​ថ្កោល​ទោស​ទូទាំង​ពិភព​លោកចំពោះ​លោក Trump​ ខណៈ​ដែល​អា​មេ​រិក ​ទទួល​ស្គាល់​ទី​ក្រុង​ចេរូសាឡឹម​ជា​រដ្ឋ​ធា​នី​​របស់​អ៊ី​ស្រា​អែល

ប្រ​ធា​នា​ធិប​តី​អា​មេ​រិក Donald Trump បាន​ប្រ​កាស​ទទួល​ស្គាល់ជា​ផ្លូវ​ការពី​ទី​ក្រុង​វ៉ាស៊ីន​តោន​​នូវ​ទី​ក្រុង​​ចេរូ​សាឡឹម​​​ជា​រដ្ឋ​ធា​នី​របស់​ប្រ​ទេស​អ៊ី​ស្រាអែល​នៅ​ក្នុង​សុន្ទ​រ​កថា​ជា​ប្រ​វត្តិ​សាស្រ្ត​កាល​ពី​ថ្ងៃ​ពុធ ដែល​បង្ក​ឱ្យ​មានការ​រិះ​គន់​ពី​បណ្តា​មេ​ដឹក​នាំ​ជុំ​វិញ​ពិ​ភពលោក​ និង​មាន​ការ​គំរាម​កំហែង​ពី​ជន​ជាតិ​ប៉ាឡេ​ស្ទីន​ទាក់​ទង​ទៅ​នឹង​លទ្ធ​ភាព​នៃ​ការ​ចាប់​ផ្តើមឡើង​វិញ​នូវ​​ដំណើរ​ការ​សន្តិ​ភាព​។
ប្រ​មុខ​អង្គ​ការ​សហ​ប្រ​ជា​​ជាតិ លោក Antonio Guterres បាន​ព្រ​មាន​ថា «​គ្មាន​ជម្រើស​ណា​ផ្សេង​ចំពោះ​ដំណោះ​ស្រាយ​រដ្ឋ​​ពីរ​ ពុំ​មាន​ផែន​ការ​ទី​ពីរ​ទេ» គាត់​បាន​និយាយ​ថា គាត់​នឹង​ «​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​នៅ​ក្នុង​អំណាច​របស់​គាត់​​ដើម្បី​គាំទ្រ​មេ​ដឹក​នាំ​អ៊ី​ស្រាអែល និង​ប៉ា​ឡេ​ស្ទីន​ឱ្យ​ត្រឡប់​ទៅ​រក​ការ​ចរ​ចាប្រ​កប​ដោយ​អត្ថ​ន័យ»។
កាល​ពី​ថ្ងៃ​ពុធ អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ទូទាំង​មជ្ឈឹម​បូព៌ាបាន​ព្រ​មាន​ពី​ផល​វិ​បាក​ដ៏​មហន្តរាយ​ ដែល​ជា​លទ្ធ​ផល​នៃ​ការ​ទទួលស្គាល់​​របស់​លោក​ Trump នូវ​ទី​ក្រុងចេរូសាឡឹម​ជារដ្ឋ​ធា​នី​​របស់​ប្រ​ទេស​អ៊ី​ស្រាអែល។
ការ​លើក​ឡើង​ដោយ​ឡែក​មួយទៅ​កាន់​សារ​ព័ត៌​មាន Haaretz លោក Saeb Erkat ប្រ​ធាន​អ្នក​ចរ​ចា​សន្តិ​ភាព​របស់​ប៉ា​ឡេ​ស្ទីន​បាន​និយាយ​ថា «​ប្រ​ធា​នា​ធិប​តី Trump បានផ្តល់​សារ​ទៅ​កាន់​ប្រ​ជាជន​ប៉ា​ឡេ​ស្ទីន​ថា ដំណោះ​ស្រាយ​រដ្ឋ​ពីរចប់​ហើយ។ ឥឡូវ​នេះ គឺ​ជា​ពេល​វេលា​ដែល​ត្រូវ​ប្រែក្លាយ​ឱ្យ​មាន​ការ​តស៊ូ​សម្រាប់​រដ្ឋ​មួយដោយ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មនុស្ស​គ្រប់​រូប​ដែល​កំពុង​តែ​រស់​នៅ​លើទឹក​ដី​ប៉ា​ឡេ​ស្ទីន​ជា​ប្រ​វត្តិ​សាស្រ្ត​នេះ គឺ​ចាប់​ពី​ទន្លេរ​រហូត​សមុទ្រ»។
ប្រ​ធា​នា​ធិប​តី​លីបង់ លោក Aoun និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក Trump បាន​គំរាម​កំហែង​ដល់​ដំណើរ​ការ​សន្តិ​ភាព និង​ស្ថិរ​ភាព​នៅ​ក្នុង​តំបន់​។ ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន​រាប់​រយ​នាក់​បាន​ធ្វើ​ដំណើរចេញ​​តាម​ដង​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ជំរុំ​ជន​ភៀស​ខ្លួន​ Rashidiyeh ដែល​ស្ថិត​នៅ​ភាគខាង​ត្បូង​ប្រ​ទេស​លីបង់​ដើម្បី​តវ៉ា​នូវ​សេចក្តី​ប្រ​កាស​នេះ ដោយ​ស្រែក​ថា «ព្រះ​ប្រទាន​ពរ​ដល់​ប៉ា​ឡេ​ស្ទីន»។
ក្រសួង​ការ​បរ​ទេស​តួក​គី​បាន​ថ្កោល​ទោស​ចំពោះ​ទង្វើ​នេះ​ ខណៈ​ដែល​មាន​មនុស្ស​រាប់​រយ​នាក់​បាន​ប្រ​មូល​ផ្តុំ​គ្នា​នៅ​ក្រៅ​ស្ថានកុង​ស៊ុល​អា​មេ​រិក​ក្នុង​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​ដើម្បី​តវ៉ា​ចំពោះ​សេចក្តី​ប្រ​កាស​របស់​លោក Trump»។ ក្រសួង​ការ​បរ​ទេស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​ថា «​យើង​សូម​ថ្កោល​ទោស​ចំពោះ​សេចក្តី​ថ្លែង​ការ​ណ៍​ដែល​មិន​ទទួល​ខុស​ត្រូវ​នៃ​រដ្ឋ​ការ​អា​មេ​រិក…ដែល​បាន​ប្រ​កាស​ថា អា​មេ​រិក​ទទួល​ស្គាល់​ទី​ក្រុងចេរូសាឡឹម​ជា​រដ្ឋ​ធា​នី​​របស់​អ៊ី​ស្រាអែល ហើយ​ខ្លួន​នឹង​ផ្លាស់ប្តូរ​​ស្ថាន​ទូត​អា​មេ​រិក​ដែល​ស្ថិត​នៅ​ក្នុង​ប្រ​ទេស​អ៊ី​ស្រាអែល​ទៅ​កាន់​ទី​ក្រុងចេរូសាឡឹម»។
សេចក្តី​ថ្លែង​ការ​ណ៍​ដដែល​នេះ​បាន​និយាយ​ថា «​យើង​សូម​អំពាវ​នាវ​ដល់​រដ្ឋ​ការ​អា​មេ​រិក​ឱ្យ​ពិ​ចារ​ណា​នូវ​ការ​សម្រេច​ចិត្ត​ដ៏​ខុស​ឆ្គង​នេះ ដែល​អាច​ជា​លទ្ធ​ផល​ក្នុង​ការ​ធ្វើ​ឱ្យមាន​​ផល​អវិជ្ជ​មាន​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ និង​ចៀស​វាង​នូវ​ស្ថាន​ភាព​ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អត្ត​សញ្ញាណ​ពហុ​វប្ប​ធម៌​ និង​ឋានៈ​ជា​ប្រ​វត្តិ​សាស្រ្ត​នៃ​ទី​ក្រុង​ចេរូ​សាឡឹម​»។
​ក្រសួង​ការ​បរ​ទេស​អេហ្ស៊ីបក៏​បាន​ច្រាន​ចោល​ផង​ដែរ​នូវ​សេចក្តី​ប្រ​កាស និង​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ស្ថាន​ទូត​នោះ។ ក្រសួង​នេះ​បាន​បន្ថែម​ថា ការ​ទទួល​ស្គាល់​ទី​ក្រុង​ចេរូ​សាឡឹមរបស់​លោក Trump ​ជា​រដ្ឋ​ធា​នី​នៃ​ប្រ​ទេស​អ៊ី​ស្រាអែល​ គឺ​មិន​បាន​ផ្លាស់​ឋានៈ​ស្រប​ច្បាប់​របស់​ទី​ក្រុង​នេះឡើយ។
ប្រ​ទេស​អ៊ី​រ៉ង់​បាន​ចូល​រួម​ «​ថ្កោល​ទោស​យ៉ាង​ធ្ងន់​ធ្ងរ​»​ ដល់​​សហ​រដ្ឋ​អា​មេ​រិក ដែល​សាធា​រណរដ្ឋ​ឥស្លាម​មួយ​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​​ពី​ក្រសួង​ការ​បរ​ទេស​​កាល​ពី​ថ្ងៃ​ពុធ​។ សេចក្តី​ថ្លែង​ការ​ណ៍​បាន​និយាយ​ថា ទង្វើ​របស់​អា​មេ​រិក​បាន​រំលោភ​សេចក្តី​សម្រេចរបស់​​​អន្តរ​ជាតិ។ មេ​ដឹក​នាំ​ជាន់​ខ្ពស់​ Ayatolah Ali Khem​enei បាននិយាយ​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា សហ​រដ្ឋ​អា​មេ​រិក​កំពុង​តែ​ព្យា​យាម​ធ្វើ​ឱ្យ​មាន​អស្ថិរ​ភាព​នៅ​ក្នុង​តំបន់​នេះ និង​ចាប់​ផ្តើម​សង្រ្គាម​ដើម្បី​ការ​ពារ​សន្តិ​សុខ​របស់​អ៊ី​ស្រាអែល។
ប្រ​ទេស​ហ្ស៊ក​ដង់ ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏​សំខាន់​របស់​ប៉ាឡេ​ស្ទីន​ និង​ជា​អ្នក​ថែរក្សា​ទី​កន្លែង​ដ៏សក្តិ៍សិទ្ធ​របស់​សាសនា​ឥស្លាម​នៅ​ក្នុង​ទី​ក្រុង​ចេរូ​សាឡឹម បាន​ច្រាន​ចោល​នូវ​ការ​សម្រេច​ចិត្ត​នេះ​ផង​ដែរ ដោយ​និយា​យថា ទង្វើ​នេះ​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ឡើង​ និង​បាន​រំលោភ​ភាព​ស្រប​ច្បាប់​ជា​អន្តរ​ជាតិ។
ក្រសួង​ការ​បរ​ទេស​កាតា​បាន​ប្រាប់​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន Al Jazeera ថា ការ​សម្រេចចិត្តរបស់​លោក​ Trump ក្នុង​ការ​​ផ្លាស់​ប្តូរ​ទី​តាំង​ស្ថាន​ទូត​អា​មេ​រិក​ គឺ​ជា​ការ​បង្ក​​គ្រោះ​ថ្នាក់​ឱ្យ​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​សម្រាប់​អ្នក​​ដែល​ស្វែង​រក​សន្តិ​ភាព។
អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្រ្តី​អង់​គ្លេស​បាន​ថ្លែងកាល​ពីថ្ងៃ​ពុធ​​ថា នាយក​រដ្ឋ​ន្រ្តី​អង់​គ្លេស លោក​ស្រី Theresa May មិន​បាន​ឯក​ភាព​នឹង​សហ​រដ្ឋ​អា​មេ​រិក​ទេ ពី​ព្រោះ​វា​ទំនង​ជា​មិន​បាន​ជួយ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​នាំ​មក​នូវ​សន្តិ​ភាព​ដល់​តំបន់​នេះ។
គាត់​បាន​និយាយ​ថា «​យើង​មិន​ឯក​ភាព​ជា​មួយ​នឹង​ការ​សម្រេច​ចិត្ត​របស់​អា​មេ​រិក​ក្នុង​ការ​ផ្លាស់​ប្តូរ​​ស្ថាន​ទូត​របស់​ខ្លួន​ទៅ​កាន់​ទី​ក្រុង​ចេរូ​សាឡឹម​ និង​ទទួល​ស្គាល់​ទី​ក្រុង​ចេរូ​សាឡឹម​ជា​រដ្ឋ​ធានី​របស់​អ៊ី​ស្រាអែល​មុន​​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​បង្អស់។ យើង​ជឿថា វា​មិន​បាន​ជួយអ្វី​​ទេ​ក្នុង​ទិដ្ឋ​ភាព​សម្រាប់​សន្តិ​ភាព​នៅ​ក្នុង​តំបន់​នេះ»៕

​​​​​ប្រភព: Reuter/DPA ចុះថ្ងៃទី១៣ ខែ​​​​​​ធ្នូ​​​ ឆ្នាំ២០១៧

No comments:

Post a Comment