Thursday, December 14, 2017

ប្រធានក្រុមហ៊ុន MARUHAN កោតសរសើរពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Han Chang Woo ប្រធាន និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន MARUHAN ។ ក្នុងឱកាសនោះ លោក Han Chang Woo បានជម្រាបថា ១០ឆ្នាំកន្លងទៅនេះ កម្ពុជាមានការរីកចម្រើនយ៉ាងលឿនដែលនេះគឺដោយសារភាពប៉ិនប្រសព្វ និងឈ្លាសវៃរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការដឹកនាំប្រទេស។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឆ្លើយតបនឹងការលើកឡើងរបស់អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MARUHAN លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើនរបស់កម្ពុជា គឺដោយសារនយោបាយរបស់កម្ពុជា ពិសេសការបើកចំហរលើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិ រួមទាំងការអនុញ្ញាតឱ្យវិនិយោគិនបរទេស អាចមកវិនិយោគផ្ទាល់១០០% នៅកម្ពុជា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជំរុញឱ្យលោក Han Chang Woo បន្តវិនិយោគនៅកម្ពុជា ហើយបន្តចូលរួមជួយក្នុងវិស័យសង្គម ជាពិសេសវិស័យកីឡាដោយសារកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ខាងមុខនេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អំពីការពិភាក្សាជាមួយ លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzō Abe ដើម្បីជំរុញអ្នកវិនិយោគទុនជប៉ុនមកកម្ពុជា ដោយបានជំរុញជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា (Anna Aire) ហើយក្នុងនោះក៏មានការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន MARUHAN បានទិញយកស្ថាប័នមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ឈ្មោះថា ស្ថាបនាដែលបច្ចុប្បន្ននេះ ប្តូរពីមីក្រូហិរញ្ញវត្ថុទៅជាធនាគារស្ថាបនាវិញ ដែលមានអ្នកបច្ចេកទេស និងអ្នកទទួលខុសត្រូវមកពីប្រទេសជប៉ុនផង និងនៅកម្ពុជាផងដែរ។ ក្រុមហ៊ុនមានគម្រោងសាងសង់អគារទីស្នាក់ការកណ្តាលស្ថិតនៅផ្លូវនរោត្តម រាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ដែលនឹងសាងសង់រួចរាល់នៅឆ្នាំ២០២០ខាងមុខ ដោយមានកម្ពស់២២ជាន់អស់ទឹកប្រាក់ប្រមាណ ៦០ លានដុល្លារ។ សព្វថ្ងៃនេះធនាគារ មានទឹកប្រាក់ប្រមាណ ១២០លានដុល្លារអាមេរិក ដែលមានសាខា ១៦៨កន្លែងនៅទូទាំងប្រទេស មានបុគ្គលិក ៤,៣០០នាក់ ស្មើនឹង១៥% នៃបុគ្គលិកបម្រើការងារនៅក្នុងវិស័យធនាគារក្នុងប្រទេសកម្ពុជា។ ក្រៅពីមានធនាគារនៅកម្ពុជា ក្រុមហ៊ុនលោកមានការវិនិយោគទីលានវាយហ្គោលចំនួន ១៧ នៅជប៉ុនផងដែរ។ សព្វថ្ងៃនេះមានក្រុមហ៊ុនជប៉ុនជាង ២៥០ ដែលមានជំនឿចិត្តក្នុងការបណ្តាក់ទុនវិនិយោគរកស៊ីនៅកម្ពុជា។ ក្រៅពីវិនិយោគ ក្រុមហ៊ុន MARUHAN បានចូលរួមក្នុងកិច្ចការសង្គមយ៉ាងសកម្មផងដែរដូចជាជីកអណ្តូងទឹកស្អាត សាងសង់សាលារៀន និងគាំទ្រលើវិស័យកីឡាជាដើម៕




No comments:

Post a Comment