Thursday, December 14, 2017

សេរីភាព នឹងការទទួលខុសត្រូវ

មជ្ឈដ្ឋានជាតិ និងអន្តរជាតិមួយចំនួន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិខ្លះ ដែលមិនសូវមានសមានចិត្តជាមួយនឹងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន តែងតែសំដែងការព្រួយបារម្ភដដែលៗ​អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនបានសិក្សាមើលឱ្យបានស៊ីជម្រៅលើទិដ្ឋភាពរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងនិងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យភាវូបនីយកម្មនៅកម្ពុជានោះទេ។ តើអ្វីទៅជាសិទ្ធិសេរីភាព ហើយអ្វីទៅជាការទទួលខុសត្រូវក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗ?

ទិវា១០ ធ្នូ កន្លងទៅ គឺជានិមិត្តរូបអន្តរជាតិដ៏ពិសិដ្ឋ និងក៏ជាជួងពិភពលោកមួយ ដែលមនុស្សលើលោកនេះត្រូវដឹងឮ និងទទួលយកអ្វីដែលជាច្បាប់ធម្មជាតិ និងជាច្បាប់ទំនើប ឬ ជាបទដ្ឋានអន្តរជាតិដែលប្រទេសនីមួយៗព្រមទទួលយកមកអនុវត្ត។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យដ៏ខ្មៅងងឹត គ្មានទេសិទ្ធិសេរីភាពជាមូលដ្ឋាន។ សិទ្ធិសេរីភាពជាមូលដ្ឋាន ​របស់ប្រជាជនគ្រប់រូបត្រូវបានដកហូតទាំងស្រុង។ ពាក្យថា អង្គការ នៅសម័យនោះ គឺជាអ្នកកំណត់ជោគ វាសនារបស់បុគ្គលម្នាក់ៗ។

ជាភ័ព្វសំណាង សិទ្ធិសេរីភាព និងភាពថ្លៃថ្នូររស់ជាមនុស្សរបស់ប្រជាជនខ្មែរគ្រប់រូបត្រូវយកជូនប្រជាជន និងជាតិមាតុភូមិត្រឡប់មកវិញ ដោយយគុណនៃថ្ងៃប្រាំពីរ មករា ឆ្នាំ១៩៧៩។  ការពិតក្នុងប្រវត្តិសាស្រ្ត គុណថ្ងៃ ៧ មករា ពិតជាមូលដ្ឋានដ៏សំខាន់បាននាំឈានទៅដល់ការសង្គ្រោះអាយុវជីវិតប្រជាជាតិខ្មែរ ការរំលត់សង្គ្រាមស៊ីវិលដ៏មហាវិនាសកម្ម និងការបង្រួបបង្រួមជាតិខ្មែរទាំងមូលក្រោមដំបូលនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការកសាងឡើងវិញនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស និងរាជានិយមទី២នាពេលបច្ចុប្បន្ន។

វាជាការពិត សេរីភាពសំដៅយកសិទ្ធិគ្រប់បែបយ៉ាងដែលពលរដ្ឋគ្រប់រូបៗត្រូវមានក្នុងឋានៈខ្លួនជាមនុស្ស។ ដូចគ្នាដែរ បទដ្ឋានអន្តរជាតិ ដែលអនុលោមតាមសេចក្តីថ្លែងជាសកលស្តីពីសិទ្ធិមនុស្ស របស់អង្កការសហប្រជាជាតិ បានកំណត់អំពីសិទ្ធិ និងសេរីភាពទាំងឡាយដែលបុគ្គលម្នាក់ៗ ត្រូវមាន ទោះបីក្នុងរបបនយោបាយណាក៏ដោយ។ មាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានប្រកាសទទួលយក និងអនុវត្តបទដ្ឋានអន្តរជាតិទាំងអស់ទាក់ទងនឹងសិទ្ធិមនុស្ស ក្នុងនោះមានសិទិ្ធនារី និងសិទ្ធិកុមារផងដែរ។

ប្រទេសជាច្រើននៅអ៊ឺរុប និងអាមេរិកបានសាកល្បង និងស្គាល់សិទិ្ធមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យចំនួនពីរសតវត្សមកហើយ។ ដោយឡែកកម្ពុជា ត្បឹតសង្រ្គាមស៊ីវិលត្រូវបានបញ្ចប់ក្នុងឆ្នាំ១៩៩១ ហើយ​​មានការបោះឆ្នោតជាតិលើដំបូងក្នុងឆ្នាំ១៩៩៣ ក៏ពិតមែន តែសន្តិភាព ស្ថេរភាព និងការឯកភាពជាតិខ្មែរទាំង​មូល ទើបតែបានកើតមានបរិបូណ៍ក្នុងឆ្នាំ១៩៩៨ប៉ុណ្ណោះ ក្រោមមាគ៌ាឈ្នះៗ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការបើកទំព័រថ្មីនៃលទ្ធិប្រជាធិបតេយ្យភាវូបនីកម្មលើកដំបូងនេះ ពិតជាបានផ្តល់នូវឪកាសមាសសម្រាប់​ការរីកដុះដាលនៃអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល សហជីព និងគណបក្សនយោបាយ ពិសេស សេរីភាពនៃអង្គការសារព័ត៌មានជាច្រើនទៀត ដែលបានធ្វើសកម្មភាពដោយសេរី និងមិនញញើតខ្លាចក្រែងអាជ្ញាធរណាមួយឡើយនៅកម្ពុជា។ ទាំងនេះមិនមែនបានសេចក្តីថា ពលរដ្ឋម្នាក់ៗ ឬ តួរអង្គទាំងអស់ក្នុងសង្គមប្រជាធិបតេយ្យប្រើប្រាស់តាមតែអំពើចិត្ត គ្មានព្រំដែន គ្មានគិតក្រែងរអែងដល់អ្នកដទៃនោះទេ។ វាជាការពិតក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដ គឺពលរដ្ឋនីមួយៗត្រូវប្រើសិទ្ធិសេរីភាពរបស់ខ្លួនក្នុងក្របខណ្ឌច្បាប់ កុំឱ្យហួសព្រំដែនចូលទៅប៉ះពាល់សិទ្ធិរបស់អ្នកដទៃ។ ហើយបើសិនមានការប៉ះទង្គិចដល់សិទ្ធិសេរីភាពអ្នកដទៃ បុគ្គលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវដោយខ្លួនឯងនៅចំពោះមុខច្បាប់។

ជារួមប្រសិនបើចង់បានសេរីភាព គឺប្រជាជនគ្រប់រូប ក៏ត្រូវមានការទទួលយកការទទួលខុសត្រូវជាស្វ័យ​ប្រវត្តិផងដែរ។ នេះជាច្បាប់ធម្មជាតិ គឺជាធាតុពីរដែលមិនអាចបំបែកបានឡើយ។ បើមានសេរីភាព ហើយ​គ្មានការទទួលខុសត្រូវ អនាធិបតេយ្យក្នុងសង្គមមុខជាកើតឡើងជាមិនមិនខាន៕

​​​​​ដោយ ឡុង បូរិតា

No comments:

Post a Comment