Thursday, December 14, 2017

រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបដ៏ធំមួយ នៅផ្នែកខាងត្បូងក្រុងសៀមរាប

ថ្លែងនៅក្នុងកិច្ចពិភាក្សាបញ្ចប់ការសិក្សាបច្ចេកទេស នៃគម្រោងដឹកជញ្ជូនពណ៌បៃតង និងការកែលំអប្រព័ន្ធប្លង់​មេក្នុងក្រុងសៀមរាប នៅថ្ងៃអង្គារ ៩រោច ខែ មិគសិរ ឆ្នំារការ នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា​មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ក្រុងសៀមរាប​ដ៏ធំមួយនៅផ្នែក​ខាងត្បូងក្រុងសៀមរាប ស្របតាមបឹងទន្លេសាប ចាប់ពីស្រុកប្រាសាទបាគង ទៅដល់ស្រុកពួក ដែលមានពីរ​គន្លងប្រវែងសរុប៤២គីឡូម៉ែត្រ និងមានទទឹងប្រវែង១៣ម៉ែត្រ ប្រភេទកៅស៊ូAC និងមានសំណង់សិល្បៈ​មួយចំនួន។

លោកបានមានប្រសាសន៍ទៀតថា គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ដំណោះស្រាយដល់ការដឹក​ជញ្ជូន​និងការស្តាឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុងសៀមរាប ការអភិវឌ្ឍន៍​លក្ខខណ្ឌ​បច្ចេកទេស ចរាចរណ៍ ការដឹកជញ្ជូន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនភាពងាយស្រួលរបស់​ប្រជាពលរដ្ឋ ហើយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ ត្រូវបានធ្វើការសិក្សាបច្ចេកទេស​ដោយ​អ្នកជំនាញកូរ៉េ ហើយបន្ទាប់ពីការបញ្ចប់ការសិក្សានេះ រាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកដៃគូអភិវឌ្ឍ​ក្នុងការ​យកថវិកាមកអនុវត្តគម្រោងនេះឱ្យបានឆាប់ៗនាពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ ឃើញថា រដ្ឋាភិបាល​កូរ៉េអាចជាដៃគូក្នុងជួយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ។

លោកស្រី សាង មីលី តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា ទំនាក់ទំនង​ការ​ទូត​កម្ពុជា-កូរ៉េ បច្ចុប្បន្ននេះ គឺកាន់តែមានភាពល្អប្រសើរ ហើយកន្លងមករដ្ឋាភិបាល​កូរ៉េក៍បានផ្តល់ជំនួយដល់​ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ដែរ ហើយចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ អ្នកជំនាញកូរ៉េ ក៏បានជួយធ្វើការសិក្សាបច្ចេកទេស ដែលត្រូវបានពិភាក្សាបញ្ចប់នៅថ្ងៃនេះ ។

លោកស្រី សាង មីលី បានបញ្ជាក់ទៀតថា សម្រាប់ការស្វែងរកដៃគូអភិវឌ្ឍក្នុងការយក​ថវិកាមកអនុវត្តគម្រោង​របស់កម្ពុជា លោកស្រីរំពឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងពិភាក្សាគ្នា និងឈាន​ទៅរកភាពល្អប្រសើរមួយក្នុងការអនុវត្តគម្រោងនេះ ៕




No comments:

Post a Comment