Thursday, December 14, 2017

ថ្ងៃនេះជាខួប២៥ឆ្នាំដែលអង្គរបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ អង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកអស់រយ:​ពេល២៥ឆ្នាំហើយ។ រយៈពេល២៥ឆ្នាំមកនេះ អង្គរត្រូវបានសង្គ្រោះឱ្យរួចផុតពីភាពគ្រោះថ្នាក់ផ្សេងៗ ហើយកិត្តិស័ព្ទអង្គរក៏បានខ្ចរខ្ចាយទៅកាន់ពិភពលោកគ្រប់ទិសទីទាំងអស់។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអភិរក្សបេតិកភណ្ឌបច្ចុប្បន្ន អង្គរក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក និងភ្ញៀវទេសចរអន្តរជាតិរាប់លានអ្នកបានចាត់ទុកអង្គរជាគោលដៅទស្សនាក្នុងក្តីស្រមៃរបស់ខ្លួន។

ដើម្បីអបអរសាទរឱកាសដ៏ពិសេសនេះ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីខួប២៥ឆ្នាំដែលអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាមុខប្រាសាទអង្គរវត្តចាប់ពីម៉ោង៤ល្ងាចរហូតដល់ម៉ោង៨យប់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ។ ពិធីនេះនឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនាញការជាន់ខ្ពស់នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

ការប្រារព្ធពិធីនេះឡើងគឺដើម្បីរំឭកស្មារតីកូនខ្មែរគ្រប់រូបឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឱ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល៕




No comments:

Post a Comment