Thursday, December 14, 2017

(សូមទស្សនាវីដេអូ) ការកសាងហេដ្ឋា​រចនាសម្ព័ន្ធថ្មីៗ​ក្នុងព្រលានយន្តហោះកម្ពុជា គឺដើម្បីឆ្លើយតប​នឹងកំណើន​ភ្ញៀវទេសចរ​ដែលចេះតែកើន​ឡើងពីមួយឆ្នាំ​ទៅមួយឆ្នាំ



មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលថ្មីសម្រាប់ទទួលអ្នកដំណើរមកដល់ និងសាលថ្មី សម្រាប់ភ្ញៀវរង់ចាំចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចការដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Cambodia Airports ក៏ដូចជាដៃគូទាំងអស់ក្នុង វិស័យ ទេសចរណ៍ បានសហការរួម គ្នាធ្វើការអភិវឌ្ឍជាបន្តបន្ទាប់មកនេះ គឺដើម្បីឆ្លើយតបនឹងកំណើន ភ្ញៀវទេស ចរណ៍ ដែលបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានមានប្រសាសន៍ថា ជាមួយនឹងហេដ្ឋាចរនាសម្ព័ន្ធថ្មីៗទាំងនេះ បានសបញ្ជាក់ឱ្យឃើញថា គឺជាការវិនិយោគដ៏ច្រើន និងមានប្រយោជន៍យ៉ាងខ្លាំង សម្រាប់ប្រទេសកម្ពុជា ជាអាទិ៍គឺការបង្កើតការងារក្នុងស្រុករបស់យើង។ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា វិស័យអាកាសចរណ៍ គឺគ្របដណ្តប់លើការដឹកជញ្ជូន អ្នកដំណើរ និងទំនិញ ហើយវិស័យនេះមាន​សារៈសំខាន់​ខ្លាំងណាស់ នៅក្នុងពិភពលោកបែប សាកលភារូប នីយកម្ម។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា វិស័យ​អាកាសចរណ៍ បានរួមចំណែកសម្រួលដល់ការធ្វើ ដំណើររបស់មនុស្ស ការងារដឹកជញ្ជូនទំនិញនានា ការចែករំលែកនូវវប្បធម៌របស់ប្រទេសនីមួយៗ ការ ទំនាក់ ទំនងខាងផ្នែកវិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាកម្មនានា ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅអាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញមានការ​កើនឡើងនូវភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករគួរឱ្យកត់សម្គាល់។

គួររំលឹកឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកសាងឡើងនៅដើមទសវត្សរ៍ឆ្នាំ៦០ ក្រោមកិច្ច សហប្រតិបត្តិការរបស់បារាំង (កម្ពុជា-បារាំង) ប៉ុន្តែអាកាសយានដ្ឋាននេះត្រូវបានបិទដំណើរការទៅវិញ ក្នុងសម័យកាលដែលកម្ពុជាមានសង្គ្រាមក្នុងស្រុក។ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល​កម្ពុជាបច្ចុប្បន្ន និងក្រុមហ៊ុន Cambodia Airports អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ផ្តើម​ដំណើរការឡើងវិញនៅឆ្នាំ១៩៩៥ ក្នុងគោលបំណងបើក ចំហរកម្ពុជាទៅកាន់ពិភពលោក និងពីពិភព​លោកមកកាន់កម្ពុជា។បន្ទាប់ពីបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនានានៅអាកាសយាន​ដ្ឋានអន្តរជាតិភ្នំពេញ រហូតឈានដល់កម្រិតស្តង់ដាអន្តរជាតិ រាជរដ្ឋា ភិបាល កម្ពុជាបច្ចុប្បន្ន និងក្រុមហ៊ុន Cambodia Airportsបានអភិវឌ្ឍន៍ខ្សែបណ្តាញអាកាស យានដ្ឋាន អន្តរជាតិជាបន្តបន្ទាប់ ដែលដំបូងឡើយ បានបន្ថែម អាកាសយានដ្ឋានអន្តរជាតិសៀមរាបនៅឆ្នាំ២០០១ និងបន្ទាប់មកទៀត គឺអាកាសយានដ្ឋាន ក្រុងព្រះសីហនុនៅឆ្នាំ២០០៦។

គួរបញ្ជាក់ថា អាកាសយានដ្ឋាននៅក្នុងរាជធានីភ្នំពេញ រួមទាំងអាកាសយានដ្ឋាននៅខេត្តសៀមរាប និង ខេត្តព្រះសីហនុ គឺមានសមត្ថភាពពេញលេញក្នុងការទទួលអ្នកដំណើរបានរហូតដល់៧លាននាក់ ដែលនឹង​មកទស្សនានៅប្រទេសកម្ពុជា ហើយតួលេខនេះក្រសួងទេសចរណ៍បានប៉ាន់ប្រមាណថា ចំនួនភ្ញៀវ​ទេសចរណ៍​អាចនឹងកើនឡើងរហូតដល់៧លាននាក់នៅឆ្នាំ២០២០។យោងតាមប្រសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ព្រលាន្តយន្តហោះអន្តរជាតិទាំងបីរបស់កម្ពុជានេះ គឺបានរួមចំណែក​ដល់ភាពរុងរឿងរបស់កម្ពុជា ដោយបានអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍រាប់លាននាក់ ក្នុងមួយ ឆ្នាំៗ ធ្វើការហោះហើរមកទស្សនាប្រទេសកម្ពុជា បានមើលឃើញនូវការរីកចម្រើន និងវប្បធម៌ដ៏ប្រពៃរបស់​កម្ពុជា។​​ លោកបន្ថែមទៀតថា នៅថ្ងៃខាងមុខនេះ ជើងហោះហើរថ្មីៗនឹងត្រូវបានបើកជាបន្តបន្ទាប់​ជារៀង​រាល់ឆ្នាំ ហើយគោលដៅហោះហើរដ៏ពេញនិយមជាងគេ នឹងកាន់តែខិតជិតកៀកបង្កើយ ដែលក្នុងឆ្នាំងកន្លងទៅ និងប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា មាន​ក្រុម​ហ៊ុនអាកាសចរណ៍ធំៗលំដាប់ពិភពលោកជាច្រើន បានហោះហើរមកកាន់រាជធានីភ្នំពេញ និង​ខេត្តសៀមរាប ៕

No comments:

Post a Comment