Thursday, December 14, 2017

ក្រុមប្រឹក្សាខេត្តរតនគិរី បន្តចុះរៀបចំវេទិកាសាធារណៈ និងពិគ្រោះយោបល់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋបាល​ខេត្តរតនគិរី បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៧ នៅសាលា​ស្រុកតាវែង ។ វេទិកានេះ មានការអញ្ជើញចូលរួម ជាអធិបតីភាពពីលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោកប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។

វេទិកានេះបានលើកយកប្រធានបទចំនួន ០៧ រួមមាន៖ ការផ្តល់សេវាសុខាភិបាល ការផ្តល់សេវាវិស័យអប់រំ បញ្ហាស្ថានភាពយេនឌ័រ សមធម៌សង្គម និងបរិយាប័ន្ន បញ្ហាវិស័យកសិកម្ម ការផ្តល់ជូនសេវារបស់រដ្ឋបាលឃុំ សង្កាត់ ការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។

អង្គវេទិកានេះត្រូវបានដំណើរការយ៉ាងផុលផុស ដោយមានការចូលរួមលើកជាសំនួរ មតិយោបល់សំណូមពរ ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ពីបញ្ហាផ្សេងៗដែលពួកគាត់ជួបប្រទះ និងមានការឆ្លើយតបពី​សំណាក់​អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព ជំនាញនានាជុំវិញខេត្ត ។

លោក សុខ ហម បានមានប្រសាសន៍ថា វេទិការបស់ក្រុមប្រឹក្សាខេត្តត្រូវបានធ្វើឡើង១ឆ្នាំម្តង សំដៅស្វែង​រក​ដំណោះស្រាយបញ្ហានានា ផ្តោតសំខាន់លើឧត្តមប្រយោជន៍របស់ប្រជាលរដ្ឋ ។ បញ្ហាសំណូមពរទាំងអស់ ដែលប្រជាពលរដ្ឋបានលើកឡើង ក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពជំនាញ​នឹងបន្តខិតខំរិះរកវិធានការដោះស្រាយ និងឆ្លើយតបឲ្យបានសមស្របចំពោះប្រជាពលរដ្ឋ ៕








No comments:

Post a Comment