Thursday, December 14, 2017

កម្ពុជា-អាឡឺម៉ង់​ ប្រារព្ធខួប២០ឆ្នាំ​ នៃកិច្ចសហប្រតិបត្តិការ​លើកិច្ចការ​អភិរក្សរមណីយ​ដ្ឋានអង្គរ​

រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយអាជ្ញាធរជាតិអប្សរា និងសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ តំណាងដោយស្ថាប័នគម្រោងអាឡឺម៉ង់អភិរក្សទេពអប្សរ GACP (German Apsara Conservation Project) នាល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ បានប្រារព្ធខួប២០ឆ្នាំ (១៩៩៧-២០១៧) នៃកិច្ចសហប្រតិបត្តិការលើកិច្ចការអភិរក្សរមណីយដ្ឋានអង្គរ នៅការិយាល័យ GACP ស្ថិតក្នុងបរិវេណទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាខេត្តសៀមរាប។

ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោក Daniela DEMPF អនុប្រធានបេសកកម្មរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិ ជាច្រើនរូបនៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ។

GACP បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយអាជ្ញាធរជាតិអប្សរា លើកិច្ចការអភិរក្សអង្គរក្នុងឆ្នាំ១៩៩៧ ដោយធ្វើការជួសជុលទៅលើចម្លាក់រូបអប្សរា និងអភិរក្សក្បាច់ចម្លាក់តុបតែងលម្អគ្រប់ប្រភេទនៃប្រាសាទខ្មែរនៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីកិច្ចការអភិរក្សជួសជុល GACP បានរួមចំណែកយ៉ាងសំខាន់លើការបណ្តុះបណ្តាលសមត្ថភាពមន្ត្រីបុគ្គលិកខ្មែរជាច្រើនរូបដោយកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសាកលវិទ្យាល័យ TH KÖln និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

មានប្រសាសន៍ក្នុងពិធីនេះ លោកស្រី ភឿង សកុណា បានបញ្ជាក់ថា ក្រោយពីអង្គរត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរាក៏បានបង្កើតឡើងក្នុងរយៈពេល៣ឆ្នាំបន្ទាប់ ដោយចាប់គូសហការជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីធ្វើកិច្ចការជាច្រើនក្នុងគោលបំណងសង្គ្រោះ និងជួសជុលដល់អង្គរ។

លោកស្រី បានបន្តថា គិតមកទល់នឹងពេលនេះ យើងមានភាពចាស់ទុំទាំងបទពិសោធន៍ ជំនាញ ចំណេះដឹងលើការងារអភិរក្ស និងរបៀបគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោក។ នេះជាមូលហេតុដែលយើងនឹងប្រារព្ធខួប២៥ឆ្នាំ នៃអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងឆ្នាំនេះ។ ថ្ងៃនេះយើងពិតជាមានមោទនភាពដែលបានចូលរួមក្នុងខួប២០ឆ្នាំនៃកិច្ចសហការរវាងអាឡឺម៉ង់ និងអប្សរាលើការងារអភិរក្សអង្គរផងដែរ។

លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ បន្ថែមថា ទាំងនេះគឺជាជោគជ័យដែលមានលក្ខណ:ជាប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នា។ ប៉ុន្តែមានរឿងមួយដែលយើងត្រូវចងចាំនោះគឺ “អ្វីៗគ្រប់យ៉ាងដែលមានមកដល់ពេលនេះ គឺផ្តើមចេញពីសន្តិភាព”។ ពិតណាស់ សន្តិភាពពេញលេញនៅកម្ពុជា បានធ្វើឲ្យមានការអភិវឌ្ឍ និងធ្វើឲ្យមានការអភិរក្សពេញលេញទៅលើសម្បត្តិបេតិកភណ្ឌពិភពលោកអង្គរ។ នេះគឺជាគោលដៅសំខាន់បំផុតដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូលប្រាថ្នាចង់បាន និងចង់រក្សាឲ្យបានគង់វង្សជារៀងរហូតតទៅ៕




No comments:

Post a Comment