Thursday, December 14, 2017

មន្ទីរកសិកម្ម​ខេត្តបាត់ដំបង​ រៀបចំពិព័រណ៍​ផ្សាណាត់​បន្លែសុវត្តិភាព​ និងផលិតផល​សុវត្តិភាព​

បាត់ដំបង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិព័រណ៍ផ្សាណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព ក្រោមអធិបតីភាពលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង កញ្ញា ចាន់ ផលលឿន អគ្គនាយិការង នៃអគ្គនាយកដ្ឋានកសិកម្ម និងជាប្រធានគ្រប់គ្រងគម្រោងផលិតកម្មស្បៀង នៅបរិវេណសួននាគសន្តិភាព ក្រុងបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីសាកលវិទ្យាធិការសាកលវិទ្យាល័យបាត់ដំបង, លោកអភិបាលក្រុង, អនុប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, សហគមន៍កសិកម្មដាំបន្លែក្នុងខេត្តបាត់ដំបង, លោកគ្រូ, អ្នកគ្រូ, សិស្ស, និស្សិត, សរុបប្រមាណ៤៥០នាក់ និងមានស្តង់ដាក់បង្ហាញចំនួន៣៦ស្តង់។

លោកអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំពិព័រណ៍នេះឡើង គឺដើម្បីជួយសម្របសម្រួលទីផ្សារ ជូនកសិករជាអ្នកផលិត និងជួយសម្របសម្រួល ដល់បងប្អូនជាអ្នកបរិភោគ មានទីកន្លែងសម្រាប់លក់ និងទិញបន្លែ ដែលធានាថា គ្មានសារធាតុគីមីពុល។ លោកក៏បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់បងប្អូនកសិករ ដែលដាំបន្លែទាំងអស់ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ដាំបន្លែតាមបទដ្ឋានបច្ចេកទេស និងរក្សានូវសច្ចៈភាព មិនលួចប្រើប្រាស់នូវសារធាតុគីមីពុល ខុសលក្ខណៈបច្ចេកទេស ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកបរិភោគ និងបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ ជួយគាំទ្រនូវផលិតផលកសិករយើង ជាពិសសេសបន្លែសុវត្តិភាពគ្មានជាតិគីមីពុល៕






No comments:

Post a Comment