Thursday, December 14, 2017

ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICA រៀបចំសិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) តំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីកំពង់ផែ និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។

អញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ លោក Suzuki Hironori ទីប្រឹក្សាស្ថានទូតជប៉ុន, លោក Sugano Yuichi ប្រធានការិយាល័យតំណាងរបស់អង្គការ JICA ប្រចាំកម្ពុជា, លោក Asawa Takamitsu អគ្គនាយករងទទួលបន្ទុកកំពង់ផែ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងសមាសភាពមកពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជាមួយចំនួនទៀត។

សិក្ខាសាលានេះរៀបចំឡើង ដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអង្គការ JICA ដោយផ្តោតជាសំខាន់ លើការធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងកំពង់ផែ និងការសម្រួលដល់ ការដឹក ជញ្ជូនតាមផ្លូវទឹក។

លោក តូច ចាន់កុសល បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃប្រព័ន្ធគ្រប់គ្រងកំពង់ផែ Port EDI ព្រម ជាមួយ នីតិវិធីជម្រះបញ្ជីទំនិញកប៉ាល់ នៅតាមកំពង់ផែ ដែលអាចកត់ត្រាតាមប្រព័ន្ធកុំព្យូទ័រ និងមានស្តង់ដាអន្តរជាតិ។

លោក តូច ចាន់កុសល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ JICA ដែលបាន សហការបន្ត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងគម្រោងជាច្រើនដូចជា៖ គម្រោងសាងសង់កំពង់ផែ កុងតឺន័រថ្មី នៅកំពង់ផែក្រុងព្រះសីហនុ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ Port EDI ។ កុងតឺន័រផ្ទុកទំនិញនាំ ចេញ/នាំចូលរបស់កម្ពុជា សរុបប្រមាណ៦០% ត្រូវបានដឹកជញ្ជូនឆ្លងកាត់ក្រុងព្រះសីហនុ ចំណែកឯ ៣០%ផ្សេងទៀត ត្រូវបានដឹកជញ្ជូនតាមកំពង់ផែរាជធានីភ្នំពេញ និងទន្លេមេគង្គ។ កំពង់ផែ និងការដឹក ជញ្ជូនតាមផ្លូវទឹក មានតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើអោយមានកំណើនសេដ្ឋកិច្ចកាន់តែខ្លាំងនៅកម្ពុជា ៕







No comments:

Post a Comment