Thursday, December 14, 2017

បទអត្ថាធិប្បាយ៖ តើលោក ប៉ា ងួនទៀងកំពុងបំផុសបំផុល និងញុះញុង់កំម្លាំងមហាជន ងើបប្រឆាំងនឹងរាជរដ្ឋាភិបាល?

កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោក ប៉ា ងួនទៀង ប្រធាន​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ និង​ជាអតីតជំនួយការរបស់លោក កឹម សុខា បាន​ថ្លែងប្រាប់វិទ្យុ​អាស៊ីសេរី​ក្នុងន័យបន្ទរការដុតកំហឹង និងញុះញុងមហាជន​ថា អ្នក​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ ​ប្រសិនបើ​សហគមន៍ អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​កម្ពុជា ​មហាជន​ទូទៅ​នឹង​ក្រោក​ឈរ​បះបោរ​តតាំង​ជាមួយ​រដ្ឋាភិបាលជាមិនខាន។ មហាជនទូទៅកំពុងមានការងៀងឆ្ងល់ថា តើការថ្លែងរបស់លោក ប៉ា ងួនទៀង គឺ ជាការផ្តល់ព័ត៌មានតាមវិជ្ជាជីវៈសារព័ត៌មាន ឬ ជាក្រុមបក្សនយោបាយប្រឆាំងក្រៅច្បាប់ ហើយព្យាយាមបំផុសបំផុលកម្លាំងមហាជនប្រឆាំងនឹងរាជរដ្ឋាភិបាល?

ប្រជាជនទូទៅកំពុងហាក់ងឿងឆ្ងល់នូវការលើកឡើងរបស់លោក ប៉ា ងួនទៀង ដែលកំពុងដើរតួរជាអ្នកបំផុសបំផុលមានលក្ខណៈញុះញង់កម្លាំងមហាជនឱ្យងើបតតាំងនឹងរាជរដ្ឋាភិបាល ច្រើនជាងដើរតួរនាទីជាអ្នកផ្តល់ព័ត៌មានតាមបែបវិជ្ជាជីវៈ។ មហាជនទូទៅមានការសោកស្តាយយ៉ាងខ្លាំងនូវការអធិប្បាយមួយ ដែលមានលក្ខណៈធ្វើឱ្យមហាជនភ័ន្តច្រឡំ ហើយនឹងអាចនាំទៅដល់ការរំខាននូវសេចក្តីសុខសាន្ត សុខសន្តិភាព និងស្ថេរភាពសង្គមទាំងមូលផងដែរ។

ប្រសើនបើការថ្លែងរបស់លោក ប៉ា ងួនទៀង មានបំណងបំផុសបំផុល និងញុះញង់កម្លាំងមហាជនមែននោះ   នោះប្រាកដជាផែនការជាយុទ្ធសាស្រ្តដែលមានការគិតគូរទុកជាមុនយ៉ាងប្រាកដ     ក្នុងការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីងើបឡើងផ្តួលរំលំរាជរដ្ឋាភិបាលដោយកម្លាំងមហាជនតាមរូបភាពណាមួយជាក់ជាមិនខាន។ បើវាជាការពិត នេះគឺជាសេណារីយ៉ូដ៏អាក្រក់ដែលនឹងនាំទៅដល់ការបង្ករការវឹកវរ និងអស្ថេរភាពក្នុងសង្គមតែម្តង។ ការតទល់ជាចំហ និងការងើបតតាំងដោយចំពោះនៃកម្លាំងមហាជន គឺជាផែនចុងក្រោយរបស់ក្រុមប្រឆាំងក្នុងចេតនានាំឆ្ពោះទៅរកការផ្តួលរំលំរដ្ឋអំណាចតែម្តង។

ការថ្លែងរបស់លោក ប៉ា ងួនទៀង កំពុងស្របគ្នាទៅនឹងការថ្លែងរបស់ទណ្ឌិត សម រង្ស៊ី នាពេលថ្មីៗនេះ ដែលបានអំពាវនាវឱ្យកងកំលាំងប្រដាប់អាវុធទាំងអស់ងាកមកប្រឆាំងនឹងមេដឹកនាំរបស់ខ្លួននោះ វាហាក់​ដូចជាពាក្យព្រលយឱ្យដឹងនូវផែនការសកម្មភាពជាយុទ្ធសាស្រ្តរបស់ខ្លួន ដែលពួកប្រឆាំងអាចនឹងធ្វើឱ្យ​ផ្ទុះឡើងនូវកម្លាំងមហាជនក្នុងពេលខាងមុខ។ ការថ្លែងបែបនេះ វាប្រាកដណាស់ថា អាចជាការអនុវត្តនយោ​បាយរើបម្រះ ឬ នយោបាយបំផុសកម្លាំងមហាជន ឱ្យធ្លាក់ទៅក្នុងការបំពុលស្ថានការណ៍ដែលពួកគេយល់ថា ប្រជាជនមានអារម្មណអស់សង្ឃឹម និងភិតភ័យ ក្នុងអ្វីដែលក្រុមប្រឆាំងកំពុងស្មានមិនប្រាកដ។ ក្នុងនោះមានការលើកឡើងពីភាពវឹកវរក្នុងជួរកម្មករ និងអ្នកវិនិយោគបណ្តាលមកពីការកាត់ជំនួយ ការលើកលែងពន្ធពិសេស ឬ ការបញ្ឈប់ការបញ្ជាទិញទំនិញរបស់លោកខាងលិចពីឧស្សាហកម្មតម្បាញ និងកាត់ដេសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា។ល។ ដែលទាំងអស់នេះ សុទ្ធសឹងតែជាខ្យល់ បំភ័យប្រជាពលរដ្ឋ ខុសពីការពិត និងខុសពីភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជាទាំងអស់។

ជារួម វាជាការសោកស្តាយចំពោះការអធិប្បាយប្រកបដោយលក្ខណៈញុះញង់របស់ក្រុមប្រឆាំងខាងលើ គឺពិតជាមានភាពគ្រោះថ្នាក់ដល់ប្រជាជន និងជាតិមាតុភូមិរបស់យើងដែលកំពុងទទួលបានសន្តិភាព និងការអភិវឌ្ឍ ដែលជាងប្រាំរយឆ្នាំមកហើយ គឺ ខ្មែរមិនដែលមានសន្តិភាព ឯកភាពជាតិដូចពេលបច្ចុប្បន្ននេះទេ។ ដូច្នេះ លោក ប៉ា ងួនទៀង គួរគប្បីបំពេញការងារជាអ្នកផ្តល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ ប្រសើរជាងជាអ្នកតួរឯកប្រជាភិថុត ដែលអាចនាំឱ្យប្រជាជន និងប្រជាជាតិខ្មែរធ្លាក់ទៅក្នុងស្ថានការណ៍ខ្មៅងងឹតដូចក្នុងឆ្នាំ១៩៧០ ដោយសារតែមហិច្ឆិតានយោបាយ និងការសងសឹកគំនុំផ្ទាល់ខ្លួន ឬក្រុមរបស់ខ្លួននោះ។ មហាជនទូទៅស្នើសុំកុំឱ្យលោក ប៉ា ងួនទៀង ស្រឡាញ់ប្រជាធិបតេយ្យតែម្នាក់ឯង។ ហើយជាការពិតមហាជនខ្មែរស្រឡាញ់សន្តិភាពយូរអង្វែង គឺ សន្តិភាពមួយ ដែលឋិតនៅលើមាគ៌ាប្រជាធិបតេយ្យឈ លើនីតិរដ្ឋ ដែលយើងសង្ឃឹមថា នឹងអាចនាំសង្គមកម្ពុជាទាំងមូល ឱ្យមានសុខដុមរម្យនីយកម្ម ប្រកបដោយឥស្សរភាព វឌ្ឍនភាព វិបុលភាព និងការរីកចម្រើននៃប្រជាជន និងប្រជាជាតិយើង៕

ដោយ៖ ឡុង បូរិតា


No comments:

Post a Comment