Thursday, December 14, 2017

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក្នុងការបង្កើតទូរទស្សន៍កីឡាជាតិ

ការបង្កើតទូរទស្សន៍កីឡាជាតិ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលេចចេញជាផ្លែផ្កាមួយដំណាក់កាលហើយ ក្រោយរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់អាជ្ញាប័ណ្ណដល់ស្ថាប័នកីឡាកំពូលមួយនេះ ក្នុងការរៀបចំបង្កើតស្ថានីយ៍ទូរទស្សន៍កីឡាជាតិ ដើម្បីរួមចំណែកផ្សព្វផ្សាយ ពីវិស័យកីឡាជាតិ ឱ្យកាន់តែផុសផុល និងរីកចម្រើនបន្ថែមទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសិក្ខាសាលា ស្ដីពីកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងគេហទំព័រ នៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះថា «ពេលនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កំពុងរៀបចំដំណើរសាងសង់កន្លែងផ្សព្វផ្សាយ របស់ទូរទស្សន៍កីឡាជាតិ នៅក្នុងបរិវេណនៃពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានឯកភាព និងផ្ដល់អាជ្ញាប័ណ្ណដល់ NOCC កាលពីពេលថ្មីៗកន្លងទៅ»។
អគ្គលេខាធិការ NOCC បានបន្ដថា នេះគឺជាប្រវត្ដិសាស្ដ្រហើយ ដែលកម្ពុជាបានបង្កើតឱ្យមានទូរទស្សន៍កីឡាជាលើកទី១។ លោករំពឹងថា ទូរទស្សន៍កីឡាជាតិនេះ នឹងរួមចំណែកបានច្រើនក្នុងការងារផ្សព្វផ្សាយ និងបញ្ជ្រាបពីសកម្មភាពកីឡាផ្សេងៗ ទៅដល់ប្រជាពលរដ្ឋដែលធ្វើឱ្យវិស័យកីឡាជាតិកាន់ តែរីកចម្រើន ពិសេសគឺការរួមគ្នាធ្វើដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង៕








No comments:

Post a Comment