Thursday, September 07, 2017

សមាជិកភាពរបស់កម្ពុជាក្នុងកម្មវិធីភាពជាដៃគូប្រចាំប្រទេស(PCP) របស់ UNIDO គឺឆ្លើយតបជាវិជ្ជាមានចំពោះគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥

នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីកំណត់អាទិភាព សម្រាប់ភាព ជាដៃគូប្រចាំប្រទេស (PCP) ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអង្គការ សហប្រជា ជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO ) នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ថ្លែងក្នុងឱកាសនៃការបើកកិច្ចប្រជុំនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើក ឡើងពីសមិទ្ធិផលនៃជំនួបពិភាក្សារវាងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោក លី យ៉ុង អគ្គនាយកអង្គការ UNIDO ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជាកាលពី ដើមខែមេសា កន្លងទៅ។
ក្នុងជំនួបនោះលោកនាយករដ្ឋមន្រ្ដី បានស្វាគមន៍ និងចាប់អារម្មណ៌យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ UNIDO ដែលបានបង្កើតនូវកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដោយជ្រើសរើសគុណសម្បត្តិនៃប្រទេស ណាមួយ ដើម្បីបានចូលជាសមាជិក។
លោក ចម ប្រសិទ្ធ បានបន្ថែមថា កន្លងមក អង្គការ UNIDO បានជ្រើសរើសប្រទេសចំនួន ៣ ក្នុងការអនុវត្ត កម្មវិធីខាងលើនេះ រួមមាន ប្រទេសអេត្យូពី សេណេហ្គាល់ និង ប្រទេស ប៉េរូ។ ដោយឡែកសម្រាប់តំបន់អាស៊ី អង្គការ UNIDO បានជ្រើសរើសប្រទេសកម្ពុជា ចូលជាសមាជិក PCP ជាមួយនិងប្រទេសកៀហ្ស៊ីស៊ីស្ថាន តាម លក្ខណៈវិនិច្ឆ័យ ដោយក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការនេះ។
លោកក៏បានបន្តថា កម្ពុជាពិតជាមានមោទនភាព និងកិត្តិយសណាស់ ក្នុងការចូលជាសមាជិក PCP នេះ ពីព្រោះវាមានអត្ថប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងឆ្លើយតបជាវិជ្ជាមាន​ទៅលើគោល​នយោ​​​​បាយអភិវឌ្ឍវិស័យឧស្សាហកម្ម ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា។
ការអនុវត្តជោគជ័យនៃកម្មវិធីនេះ ពិតណាស់ត្រូវមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងត្រូវ​រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ប្រតិបត្តិមួយ សមស្របសម្រាប់កិច្ចសហការការងារឱ្យទទួលបានជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ ។
លោក ចម ប្រសិទ្ធ សង្ឃឹមថាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះនឹងស្វែងយល់ ហើយនឹងផ្តល់ធាតុចូលសំខាន់ៗ ក្នុងបទឧទ្ទេសនាមរបស់ខ្លួន សម្រាប់ជាទុន ក្នុងកិច្ចប្រជុំទាំងមូល ។
ក្នុងឱកាសនោះដែរ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជា (CDC) បានមានថ្លែងចាត់ទុក PCP ជាធាតុចូលដ៏សំខាន់ ដើម្បីពន្លឿនការអនុវត្ត និងធ្វើ​ឱ្យស៊ីជម្រៅនូវលទ្ធផលជាវិជ្ជមាននៃការអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥ ដែលគោលនយោបាយនេះមានទិសដៅជាអាទិភាពមួយចំនួនដូចជា លើកកម្ពស់ការវិនិយោគក្នុងស្រុក អភិវឌ្ឍទំនើបកម្មវិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ជម្រុញទំនាក់ទំនងរវាងដៃគូក្នុងស្រុក និងការ​វិនិយោគផ្ទាល់ពីបរទេស និងបង្កបរិយាកាសល្អប្រសើរសម្រាប់ការវិនិយោគ ការងារ និងការប្រកួត​ប្រជែង​ជាដើម។
ជាមួយគ្នានេះ លោក Steffen Kaeser និងលោក karl Schebesta តំណាង UNIDO បានលើកឡើងពីទំនាក់​ទំនងរវាងកម្ពុជា និង UNIDO តាំងពីឆ្នាំ២០០២ ក្នុងកិច្ចសហការជាច្រើនលើវិស័យអភិវឌ្ឍធនធានមនុស្ស និង​ជំនួយបច្ចេកទេស ទាក់ទងវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចជាដើម។ ក្នុងបទឧទ្ទេសនាមតំណាង UNIDO បានលើកឡើងនូវគំនិតជាគោលបំណងរបស់ PCP នៅកម្ពុជា គឺដើម្បីរួមចំណែកការកាត់បន្ថយភាពក្រីក្រ ដោយការបង្កើតការងារ និងប្រាក់ចំណូល តាមរយៈការពន្លឿនកំណើនសេដ្ឋកិច្ច, ប្រមូលផ្តុំនូវគ្រប់​ភាគីមក​ក្នុងវេទិកាពហុភាគី ដើម្បីសម្របសម្រួល និងធ្វើឱ្យប្រសើរឡើងនូវការចូលរួមចំណែករបស់ភាគីនីមួយៗ ជាគំរូ​មួយដែល UNIDO បានអនុវត្តក្នុងអាណត្តិរបស់ខ្លួនសម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ប្រកបដោយ​ចិរភាព និងបរិយាប័ន្ន ។

ដោយឡែកកម្មវិធីប្រចាំនៅប្រទេសកម្ពុជារបស់UNIDO ពីឆ្នាំ២០១៦-២០២០ សម្រាប់មូលដ្ឋាន PCP រួមមាន ការអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ការពង្រឹងសក្តានុពលផ្នែកពាណិជ្ជកម្មនាំចេញ ការអភិ វឌ្ឍន៍វិស័យ SME ប្រកបដោយបរិយាប័ន្ន និងគាំទ្រដល់ពលរដ្ឋក្រីក្រ និងធានាការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ប្រកបដោយចិរភាព ៕



No comments:

Post a Comment