Thursday, September 07, 2017

កូនប្រុសលោក ហ៊ុន សែន លើកឡើងថា ៖ លោក កឹម សុខា ពឹងបរទេសផ្តួលរំលំរដ្ឋាភិបាលកម្ពុជា មិនខុសពីសម័យ លន់ ណុល

គណបក្សនយោបាយមួយ បោះឆ្នោតមិនដែលឈ្នះគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែបែរជាទៅពឹងបរទេស និងបានធ្វើបាតុកម្មប្រឆាំងផ្តួលររំលំរដ្ឋាភិបាលកម្ពុជា។ លោក កឹម សុខាបាននិយាយអួតពីខ្លួនឯងថា មានបរទេសជួយធ្វើផែនការយុទ្ធសាស្រ្តផ្តួលរំលំរដ្ឋាភិបាលតាមបែបយូហ្គស្លាវី។ ការធ្វើបែបនេះ មិនខុសពីអតីតកាលសម័យ លន់ ណុល ប៉ុន្តែប្រទេសមានច្បាប់គេធ្វើតាមច្បាប់ដើម្បីថែរក្សាសុខសន្តិភាព។
នេះជាប្រសាសន៍លើកឡើង របស់លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី និងភរិយា នាពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាម អាល់មូហាជីរីន ស្ថិតនៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ការចូលរួមនៅក្នុងវិស័យសាសនា គឺជាការបង្ហាញពីការរីកលូតលាស់ខាងវិស័យសាសនា ក្រោមដំបូលសន្តិភាពដែលធ្វើឱ្យមនុស្សធ្វើអំពើល្អ ស្រលាញ់រាប់អានគ្នាដែលនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់លើសាសនាផ្សេងៗ។ នេះគឺជាជោគសំណាងរបស់ប្រជាពលរដ្ឋខ្មែរដែលស្រលាញ់គ្នា មិនរើសអើងគ្នា ហើយចូលរួមថែរក្សាសុខសន្តិភាពទាំងអស់គ្នា។ សូមឱ្យស្មារតីនៃការស្រលាញ់ស្រលាញ់ រាប់អានគ្នានេះស្ថិតនៅក្នុងទឹកចិត្តប្រជាពលរដ្ឋខ្មែរជានិច្ច។
លោកបន្តថា ការអប់រំបានលើកតម្កើនឱ្យយើងស្រលាញ់គ្នាហើយក៏ជាការផ្តល់ឱកាស និងជាការចូលរួមរបស់ប្រជាពលរដ្ឋ សាសនិកឥស្លាមជាមួយរាជរដ្ឋាភិបាល។ នេះគឺជាការចាក់គ្រឹះយ៉ាងជ្រៅចំពោះការរីកចម្រើនរបស់ប្រទេសជាតិ។ ការកសាងប្រទេសទៅមុខទៀត គឺអាស្រ័យលើសន្តិភាពដែលពាក្យនេះ មានន័យច្រើនណាស់សម្រាប់ការរស់នៅលែងមានភាពភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋនិងមានជីវភាពធូធារ។

លោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា យើងរស់នៅជាមួយគ្នា យើងស្រលាញ់រាប់អានគ្នាជាយូមកហើយ មិនឱ្យប្រេះឆាជាមួយគ្នាទេព្រោះពេលវេលាដែងយើងខំកសាងជាយូមកហើយប៉ុន្តែបើយើងឈ្លោះគ្នានោះមិនដឹងថាពេលណាយើងត្រូវគ្នានោះទេ។ ដូច្នេះយើងត្រូវថែរក្សាទឹកចិត្តថែរក្សាស្រលាញ់រាប់អានគ្នា។ អ្នកនយោបាយគួរតែប្រកួតប្រជែងតាមការបោះឆ្នោតកុំយកប្រជាពលរដ្ឋធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល។
ជាចុងក្រោយលោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកជីវិតមកផ្សងហើយបោះបង់គ្រួសារដើម្បីស្វែងរកសុខសន្តិភាពបញ្ចប់សង្គ្រាមសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
រាជរដ្ឋាភិបាល បានខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសឡាវ កុំអោយមានការពិបាកសម្រាប់កូនចៅជំនាន់ក្រោយ។ ភាពក្លាហានរបស់សម្តេចតេជោធ្វើសម្រាប់ប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល។ សូមប្រជាពលរដ្ឋជឿទុកចិត្តចុះ។ លោកសូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាមដែលបានជឿទុកចិត្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានិងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕














No comments:

Post a Comment