Thursday, September 07, 2017

គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទី២​

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧នេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ រយៈពេល ៦ខែ (ចាប់ពីថ្ងៃ០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧) ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត តំណាងប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត ឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត ឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ឧត្ដមសេនីយ៍ត្រីមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រី ឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំងអស់ក្នុងខេត្ត អធិការនគរបាល មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សមត្ថកិច្ចនៅតាមព្រំដែន និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សរុបចំនួន២៩០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ អភិបាលខេត្តស្វាយរៀងបានសម្ដែងនូវការអបអរសាទរចំពោះលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីនគរបាល កងរាជអាវុធហត្ថ មន្ត្រីអនុវត្តច្បាប់ មន្ទីរ-អង្គភាពពាក់ព័ន្ធ និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចាត់ចែងសម្របសម្រួល និងអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់។
អភិបាលខេត្តស្វាយរៀង បានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ដែលទាមទារប្រើប្រាស់ពេលវេលាបន្ថែមទៀត ដើម្បីគាស់រំលើងឲ្យដល់ឬសគល់នៃបទល្មើស តាមរយៈការប្រមូលផ្ដុំកម្លាំងសរុបធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២បន្តទៀត ។
ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត លោកអភិបាលខេត្ត បានណែនាំ និងផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនដល់អ្នកពាក់ព័ន្ធទាំងអស់ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អភិបាលក្រុង ស្រុក អធិការនគរបាល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងសមត្ថកិច្ចនៅតាមព្រំដែន ត្រូវបង្កើនកិច្ចសហការទាំងក្នុងក្របខ័ណ្ឌក្នុងស្រុក និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលមានលក្ខណៈប្រទាក់ក្រឡា ក្ដាប់ឲ្យបាននូវមុខសញ្ញាសង្ស័យពាក់ព័ន្ធ ដើម្បីទប់ស្កាត់ បង្រ្កាបឲ្យបាននូវរាល់ការប៉ុនប៉ងជួញដូរ ចរាចរ និងចែកចាយគ្រឿងញៀន ជាពិសេសត្រូវបន្តផ្សព្វផ្សាយខ្លឹមសារអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបានទូលំទូលាយ និងការកៀរគរប្រមូលផ្ដុំឲ្យមានការចូលរួម សហការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ គ្រឹះស្ថានឯកជន ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ខារ៉ាអូខេ ក្លឹបកម្សាន្ត ឲ្យមានសកម្មភាពផុលផុសថែមទៀតនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់អវិជ្ជមាន និងការគំរាមកំហែងនានា ដែលបង្កឡើងដោយគ្រឿងញៀន។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៕



No comments:

Post a Comment