Thursday, September 07, 2017

លិខិតមិត្តអ្នកអាន៖ កម្ទេចស្ពានហើយ ពេលអាសន្ននាំគ្នារំឭកពីគុណនៃវប្បធម៌សន្ទនា

សហគមន៍ជាតិ និងអន្តរជាតិប្រាកដជានៅចងចាំអំពីភាពល្អូកល្អិន នៃមេដឹកនាំនយោបាយកម្ពុជា ដែលកើត ចេញពីវប្បធម៌សន្ទនា។ ប៉ុន្តែវប្បធម៌សន្ទនានេះ ត្រូវបានស្លាប់ទៅវិញកាលពីចុងឆ្នាំ២០១៥ ដោយសារតែ សម រង្ស៊ី មានភាពមិនស្មោះត្រង់ជាមួយដៃគូសន្ទនាសម្តេចតេជោ ហ៊ុន សែន ប្រើយុទ្ធសាស្ត្រ សម រង្ស៊ី ចាប់ដៃទុក ឱ្យ កឹម សុខា ជាន់ជើង និងវាយប្រហារដៃគូគ្រប់ឱកាសដោយចោទរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ថា ជារដ្ឋាភិបាលផ្តាច់ការ ឬអសមត្ថភាពក្នុងការដឹកនាំជាដើម ដែលការលើកឡើងនេះ គឺផ្ទុយទាំង ស្រុងពីស្មារតី នៃវប្បធម៌សន្ទនា។វប្បធម៌សន្ទនា ដែលបានបង្កើតឡើងដោយប្រមុខដឹកនាំបក្សនយោបាយ ធំទាំងពីរនៅកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម រង្ស៊ី ប្រធានគណ បក្សសង្រ្គោះជាតិ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ក្រោយពីបញ្ចប់ការខ្វែងយោបល់ គ្នាលើលទ្ធផល បោះ ឆ្នោតឆ្នាំ ២០១៣។ រយៈពេលប៉ុន្មាន ថ្ងៃមកនេះក្រោយពី កឹម សុខា មេបក្សប្រឆាំងត្រូវបានចាប់ខ្លួន និងចោទ ប្រកាន់ពីបទក្បត់ជាតិ មន្ត្រីគណបក្ស សង្គ្រោះជាតិ និងអ្នកយុទ្ធសាស្ត្រស្ទើរភ្លើងខ្លះៗ បានព្យាយាមដង្ហើយរក វប្បធម៌សន្ទនានេះសាជាថ្មី ខណៈគណ បក្សខ្លួនគឺជាអ្នកដែលបានកម្ទេចស្ពាន នេះចោលដោយ មិនស្តាយ ស្រណោះ។
ហេតុអ្វីបានជាគណបក្សសង្គ្រោះ ជាតិព្យាយាមចង់ប្រោះ វប្បធម៌សន្ទនាឱ្យរស់មកវិញនៅពេលនេះ?ទី១៖ សម រង្ស៊ី និង កឹម សុខា រួមនឹងមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនបានមាក់ងាយវប្បធម៌សន្ទនា ហើយ ឆ្លៀតគេងចំណេញពីវប្បធម៌នេះដោយរំលោភលើស្មារតី នៃកិច្ចព្រមព្រៀង និងបានបន្តវាយប្រហារ លើបុគ្គល សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយសារតែនៅ អំឡុងឆ្នាំ ២០១៤ និង ២០១៥ ពួកគេជឿថា មានកម្លាំងនយោបាយខ្លាំងជាងមុន ហើយអាមេរិកដែលជា​ឪរបស់ បក្សប្រឆាំង បានផ្តល់ការគាំទ្រខ្លួនពេញទំហឹង បន្ទាប់ពីបានធ្វើការសាកល្បងកម្លាំងបាតុកម្ម ក្រោយការបោះ ឆ្នោតស្ថិតក្នុងក្របខ័ណ្ឌនៃផែនការផ្តួលរំលំរបបដឹកនាំ និងមេដឹកនាំនៃប្រទេសកម្ពុជាតាមផែនការ របស់ អាមេរិក  ហើយនឹងត្រៀមអនុវត្តផែនការសម្ងាត់នេះតាមលំដាប់លំដោយ ឈានទៅរកការផ្លាស់ប្តូរមេដឹកនាំ នៅកម្ពុជា ហើយដាក់មេដឹកនាំដែលរណបអាមេរិកដូច សម រង្ស៊ី និង កឹម សុខា។ហេតុដូច្នេះហើយបានជា សម រង្ស៊ី និង កឹម សុខា ព្រមទាំងថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិមួយចំនួនដែលបាន ដឹង និងទទួលអនុវត្តផែនការ ទុច្ចរិតនេះ បានដាក់ក្តីរំពឹងខ្ពស់ លើការឡើងកាន់អំណាចនៅ កម្ពុជាក្រោមការរុញ គូថពីក្រោមរបស់អាមេរិក។
ប៉ុន្តែទីបំផុតផែនការសម្ងាត់ដើម្បីបំផ្លាញកម្ពុជាដែលបានមកដល់ពាក់កណ្តាល នៃ ផែនការត្រូវបានបែកធ្លាយ ហើយត្រូវបានបង្ក្រាបពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល ហើយ កឹម សុខា មេក្លោង ពិតនៃផែនការទុច្ចរិតបដិវត្ត ន៍ពណ៌ គាំទ្រដោយអាមេរិក ក៏ត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ពីបទក្បត់ជាតិ។មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិមួយចំនួនទៀតដូចជា យ៉ែម ប៊ុញ្ញាឫទ្ធិ ប៉ុល ហំម អ៊ូ ច័ន្ទឫទ្ធិ និងកូនស្រី ទាំងពីររបស់ កឹម សុខា ក៏ត្រូវបានប្រភពព័ត៌មានដាក់ ការសង្ស័យថាមានការជាប់ពាក់ព័ន្ធ នឹងការអនុវត្តផែន ការផ្តួលរំលំរដ្ឋាភិបាល កម្ពុជាផងដែរ។ ដោយសារតែការជាប់ជំពាក់ដូចសម្លកំពឹស ដូច្នេះហើយបាន ជាមន្ត្រី បក្សសង្គ្រោះជាតិទាំងជើង ចាស់និងជើងថ្មីព្យាយាមស្នើឱ្យមានវប្បធម៌សន្ទនាឡើងវិញ ដើម្បីជួយដោះស្រាយ ភាពជំពាក់ជំពិននឹងច្បាប់ ឬបទល្មើស ដែលក្រុមខ្លួនបានប្រព្រឹត្ត។ប៉ុន្តែគណបក្សសង្គ្រោះជាតិគួរយល់ដឹងថា មិនអាចយកវប្បធម៌សន្ទនាមកដោះស្រាយបញ្ហាល្មើសច្បាប់ឡើយ។ទី២៖ នៅពេលនេះ គណបក្សសង្គ្រោះ ជាតិកំពុងជួបគ្រោះអាសន្ន មន្ត្រីគណបក្សនេះស្វះស្វែងរកការសន្ទនា ដើម្បីជួយមេបក្សខ្លួន ប៉ុន្តែអ្វីដែលគេ មើល ឃើញ គណបក្សនេះគ្រាន់តែជាសត្វកញ្ជ្រោងពាក់ស្បែកចៀម ឬខ្លា លាក់ចង្កូមប៉ុណ្ណោះ។
ពួកគេបានពើងទ្រូងទាត់ចោលវប្បធម៌សន្ទនា តែឡូវបែរជាធ្វើជាជនស្លូតត្រង់ស្រេកឃ្លាន វប្បធម៌សន្ទនា ងាក មកសុំបង្កើតវប្បធម៌សន្ទនា ក្រោមលេសដើម្បីផល ប្រយោជន៍មហាគ្រួសារខ្មែរតែ មួយទៅ វិញ។ អ្វីៗវាហាក់ ដូចជាហួសពេលទៅហើយ ព្រោះពេលនេះជាដំណាក់កាលនៃការអនុវត្តច្បាប់ ការសម្រេច ចិត្តនៅលើតុលាការ ហើយតួអង្គដែលដង្ហើយស្វែងរកវប្បធម៌សន្ទនាមកវិញមិនមានទម្ងន់ នយោបាយឡើយ។
ពួកគេព្យាយាមនិយាយពីវប្បធម៌សន្ទនា ប៉ុន្តែសារដែលគេបង្ហើរទៀតសោតជាការយល់ឃើញបុគ្គល និងបង្កប់ ដោយការគំរាមកំហែង។ប៉ុន្តែពួកគេមិនបានគិតថា តើពួកគេកំពុងស្ថិតនៅក្នុងដំណាក់កាលណាពិតប្រាកដ។ គណបក្សនេះកំពុងប្រើ យុទ្ធសាស្ត្ររនៅស្ងៀមដើម្បីបង្កើតជាស្ថានភាព ពីប្រព្រឹត្តល្មើសមកជាជនរង គ្រោះ ដោយចំណាត់ ការរបស់ រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ហើយរំពឹងថា នឹងទទួលបានការអាណិត អាសូរពីប្រជាជនក្នុងការ បោះឆ្នោត នៅឆ្នាំ ២០១៨ ខាងមុខ។
ប៉ុន្តែគេពិតជាដឹងថាតើគណបក្សសង្គ្រោះជាតិកំពុងធ្វើអ្វីពិតប្រាកដ! ពួកគេដឹងថា គីឡូនយោបាយបច្ចុប្បន្ននេះ មិនអាចធ្វើអ្វីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ឡើយព្រោះ ទង្វើដែល មេបក្សខ្លួនបានធ្វើគឺជាទង្វើខុស ច្បាប់ ក្បត់ជាតិ ត្រូវរ៉ូវជាមួយបរទេសដើម្បីបំផ្លាញ ប្រទេសជាតិខ្លួន។ ពួកគេ សុខចិត្តនៅស្ងៀម ហើយទុកឱ្យ សម រង្ស៊ី និងដៃជើងរបស់ខ្លួន សហគមន៍អន្តរជាតិ និងអង្គការបរទេស ដែលជាដៃគូរបស់ខ្លួនធ្វើប្រតិកម្មជំនួស ហើយមន្ត្រីបក្សនេះបន្តធ្វើសោកនាដ កម្មលើស្ថានភាពនយោបាយ បច្ចុប្បន្ន របស់កម្ពុជាដោយនិយាយថា ស្ថានភាពនយោបាយកម្ពុជាស្ថិតក្នុងសភាពធ្ងន់ធ្ងរដល់កំពូល។
សម្រាប់ប្រជាជនភាគច្រើនដែលយល់ដឹងពីច្បាប់ និងមានមនសិការជាតិនិយម ស្ថានភាពនយោបាយកម្ពុជា មិនធ្ងន់ធ្ងរឡើយ ប៉ុន្តែស្ថានភាពរបស់គណបក្ស សង្គ្រោះជាតិទេដែលកំពុងតែធ្ងន់ធ្ងរនោះ។ ពេលនេះរចនា សម្ព័ន្ធបក្សរបស់ខ្លួននៅមូលដ្ឋានកំពុងតែបាត់ម្ចាស់ការ ហើយបក្សសង្គ្រោះជាតិក៏កំពុងតែប្រឈមនឹងការ រំលាយ បើ កឹម សុខា ត្រូវបានរកឃើញថាមានទោសចំពោះបទចោទអំពីអំពើក្បត់ជាតិ ហើយមិនលាលែងពី ប្រធានបក្ស នោះបក្សនេះនឹងត្រូវប្តឹងរំលាយចោល តាមច្បាប់ស្តីពីគណបក្សនយោបាយ។ ពេលនោះបក្ស សង្គ្រោះជាតិនឹងបាត់បង់អ្វីៗទាំងអស់ ហើយក្តីស្រម៉ៃ និងការទទួលបានតួនាទីអំណាចរបស់ សកម្មជនខ្លួន នឹងរលាយដូចអំបិលត្រូវទឹក។ទី៣៖ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាគាំទ្រជានិច្ចនូវវប្បធម៌សន្ទនា ប៉ុន្តែជាវប្បធម៌សន្ទនា ដែលស្មោះ ត្រង់។ នៅពេលនេះ ទោះបីជាវប្បធម៌សន្ទនា ក៏មិនអាចជួយស្រោចស្រង់ កឹម សុខា កើតដែរ ព្រោះសំណុំ រឿងបានដល់ដៃតុលាការរួចទៅហើយ ហើយគ្រប់ប្រទេសទាំងអស់នៅ លើសកលលោក គ្មានប្រទេសណា មួយលើកលែងឱ្យជនក្បត់ជាតិឡើយ។
កម្ពុជាមានកាតព្វកិច្ចការពារជាតិខ្លួនពីការជ្រៀតជ្រែកបរទេស រំលោភ លើបូរណភាពដែនដី ឯករាជភាពរបស់ កម្ពុជាដូចដែលប្រទេសនានារួមទាំងមហាអំណាចអាមេរិក រុស្ស៊ី ចិន ធ្វើដើម្បីប្រទេសខ្លួន។ កម្ពុជាមិនអាចលើក លែងឱ្យក្រុមដែលសមគំនិតជាមួយជនបរទេស ដើម្បីអំណាចផ្ទាល់ខ្លួន បម្រើមហិច្ឆតា ចៅហ្វាយនាយបរទេស ហើយបំផ្លិចបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍឡើយ។ ប្រជាជនកម្ពុជារីករាយដែល ឃើញការអនុវត្តច្បាប់ ប្រឆាំងនឹងជនក្បត់ជាតិដូច កឹម សុខា និងកូនអ្នកក្បត់ជាតិ សម រង្ស៊ី។ គេក៏កំពុងរង់ចាំ មើលចំណាត់ការ បន្ត បន្ទាប់ទៀត ប្រឆាំងនឹងអ្នកពាក់ព័ន្ធនឹង ផែនការក្បត់ជាតិដែល បានអនុវត្តចាប់តាំង ពីឆ្នាំ១៩៩៣ ជាដំណាក់ កាលរហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយទំនង មន្ត្រីជាន់ខ្ពស់មួយចំនួនដែលជាប់ ពាក់ព័ន្ធនឹងកុបកម្ម រំដោះ ទីលានប្រជាធិបតេយ្យនាពេលកន្លងទៅ ដែលស្ថិតក្នុងផែនការបដិវត្តន៍ពណ៌ គាំទ្រ ដោយ អាមេរិក ក៏ទំនងគេច មិនរួចពីសំណាញ់ច្បាប់ឡើយ ក្នុងនោះមានតំណាងរាស្ត្រចំនួន ៥រូបរួមាន មូរ សុខហួរ, ហូរ វ៉ាន់, នុត រំដួល, ឡុង រី, ម៉ែន សុថាវរិន្ទ្រ, រៀល ខេមរិន្ទ្រ, កែវ ភិរម្យ ជាដើម ដែលធ្លាប់ត្រូវបាន ជាប់ចោទពីបទដឹកនាំធ្វើកុបកម្ម ញុះញង់ឱ្យមានការប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទផ្តើមគំនិតក្នុងការប្រព្រឹត្ត អំពើហិង្សា ដោយចេតនាដោយ មានស្ថានទម្ងន់ទោស។ កុកអាចភ្លេចជុង តែជុងមិនអាចភ្លេចកុកបានទេ! កម្ពុជាក៏មិនត្រូវការអ្នកនយោបាយ ប្រកបដោយពុតត្បុត និងបម្រើផលប្រយោជន៍បរទេសឡើយ៕

ដោយ៖ ចៅចាក់ស្មុក

No comments:

Post a Comment