Thursday, September 07, 2017

អាជ្ញាធរខេត្តសៀមរាប ដឹកនាំមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេនទី២នៅវត្តរាជបូព៌

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងភរិយា លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ភរិយា អស់លោក លោកស្រី ជាប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត រួមជាមួយនឹងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំយកទៅជាមួយនូវគ្រឿងឧបភោគបរិភោគនិងទេយ្យទានវត្ថុមួយចំនួនវេរប្រគេនដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅក្នុងវត្ត រួមមាន៖ អង្ករ ២៥០ គក្រ មី ១៥ កេស ទឹកក្រូច ១៥ កេស ទឹកសុទ្ធ ១៥ កេស ទឹកត្រី ៥ យួរ ទឹកស៊ីអ៊ីវ ៥ យួរ ត្រីខ ៥ យួរ ស្ករស ១៥ គក្រ និង ទឹកដោះគោ ២ កេស តែ ៥ កញ្ចប់ធំ បច្ច័យសម្រាប់វត្តចំនួន ៤ លានរៀល បច្ច័យប្រគេនព្រះសង្ឃ ២០០ សង្ឃ ចំនួន ៤ លាន ៤០ ម៉ឺន និងយាយជី តាជី ៥០ នាក់ ម្នាក់ៗ ក្រណាត់ស ១ ដុំ បច្ច័យ ១ ម៉ឺនរៀល ផងដែរ។

លោក ឃឹម ប៊ុនសុង បានមានប្រសាសន៍ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយក្នុងចំណោមពិធីបុណ្យប្រពៃណីជាតិដទៃទៀត ហើយពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។

លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ទៀតថា វិស័យអាណាចក្រ និងពុទ្ធចក្រនៅកម្ពុជាគឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហេតុនេះវិស័យព្រះពុទ្ធសាសនារីកចម្រើនលូតលាស់ទៅបានគឺអាស្រ័យដោយប្រជាពុទ្ធបរិស័ទមានជីវភាពសម្បូរធូរធារ ជាក់ស្តែងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អ្វីៗបាននិងកំពុងរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ ប្រទេសមានស្ថិរភាពមានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យទានទៅតាមកាលវេលាទៅតាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ៕








No comments:

Post a Comment