Thursday, September 07, 2017

គណៈកម្មការសន្តិសុខលម្ហសមុទ្រ សហការជាមួយរដ្ឋបាលខេត្តទម្លាក់ថ្មសប្បនិមិត្ត ១០០ដុំនៅតំបន់កោះរ៉ុង

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មការសន្តិសុខលម្ហសមុទ្រ សហការជាមួយរដ្ឋបាលខេត្ត បានទម្លាក់ថ្មសិប្បនិមិត្តចំនួន ១០០ដុំ ក្នុងតំបន់សមុទ្រកោះរ៉ុង ក្រុង ខេត្តព្រះសីហនុ ក្រោមអធិបតី នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម យន្ត មីន អភិបាននៃគណៈអភិបាលខេត្តព្រះសីហនុ ។
លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការងមូលដ្ឋានសមុទ្រ និងជាប្រធានគណៈកម្មការជាតិសន្តិសុខលម្ហសមុទ្រមាន ប្រសាសន៍ថា ការទម្លាក់ដុំថ្មសិប្បនិមិត្តនាពេលនេះ ដើម្បីធ្វើជាជម្រកមច្ឆាជាតិនៅតំបន់កោះរ៉ុង ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខលម្ហ សមុទ្រ រក្សាផលប្រយោជន៍សេដ្ឋកិច្ច ធនធានធម្មជាតិ ធនធានមច្ឆាជាតិ ការពារបរិស្ថាន ជួយសង្គ្រោះគ្រោះមហន្តរាយ ទប់ស្កាត់ការនេសាទខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ចោរសមុទ្រ ប្រឆាំងអំពើភេរវកម្ម និងបទល្មើសផ្សេងៗកើតឡើងនៅលើផ្ទៃសមុទ្រ នៃព្រះ រាជាណាចក្រកម្ពុជា ពិសេសបានយកចិត្តទុកដាក់ក្នុងការអភិរក្ស និងការអភិវឌ្ឍន៍ ក៍ដូចជាការការពារធនធានក្នុងបាទសមុទ្រ ហើយការទម្លាក់ដុំថ្មសិប្បនិមិត្តនាពេលនេះ គឺដើម្បីធ្វើជាជម្រកត្រី ។ យើងបានធ្វើការអភិរក្សក្នុងតំបន់កោះតាង កោះកុង និងក្នុងតំបន់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ធ្វើអនាម័យក្នុងបាទសមុទ្រដោយបានដាក់ប៉ោល ទម្លាក់កុងតឺន័រ ដាំផ្កាថ្ម និងសារាយសិប្បនិមិត្ត ។ល។ ជាជម្រកត្រីពង កូន និងអភិរក្សជីវៈចម្រុះបាទសមុទ្រ និងការបង្កើតឧទ្យានជាតិក្រោមបាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែស្រស់ស្អាត និងមានភាពទាក់ទាញថែមទៀត ។
លោកឧត្តមនាវីឯក ទៀ សុខា បញ្ជាក់ថា ការទម្លាក់ដុំថ្មសិប្បនិមិត្តក្នុងតំបន់កោះរ៉ុងនាពេលនេះចំនួន ១០០ដុំ ក្នុងមួយដុំមានទម្ងន់ ៣,៦០០គីឡូក្រាម ហើយពេលនេះយើងទម្លាក់ ១០ដុំ នៅក្នុងចន្លោះទឹកដែលមានជម្រៅចាប់ពី ១០ ម៉ែត្រឡើងទៅ ហើយនឹងបន្តទម្លាក់បន្ថែមទៀត ។
នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើង ទឹក និងជាអគ្គលេខាធិការសន្តិសុខលម្ហសមុទ្រមាន ប្រសាសន៍ថា ការទម្លាក់ថ្មសិប្បនិមិត្ត រក្សាភោគផលនៅក្នុងសមុទ្រដែលនៅជុំវិញយើងនេះ ហើយកម្ពុជាមានសមិទ្ធិផលល្អស្អាតជាច្រើននៅខេត្តព្រះសីហនុ ពិសេសនៅតាមបណ្តាកោះមួយចំនួនទៀត ដូច្នេះយើងចូលរួមសហការថែរក្សាការពារ និងអភិរក្សឱ្យបានគង់វង្សនៅតាមតំបន់នានា ជា ពិសេសផ្កាថ្ម ត្រី និងភោគផលសមុទ្រនានានៅតំបន់កោះ មានដូចជាកោះតាង ហើយក៍មាននៅតាមតំបន់កោះ ដ៍ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ។ តំបន់កោះរ៉ុងក៍ជាតំបន់ដែលមានផ្កាថ្មដុះល្អស្អាត ហើយយើងបានទម្លាក់ដុំថ្មសិប្បនិមិត្ត ដើម្បីការពារដល់ផ្កាថ្ម មច្ឆាជាតិ និងជីវៈចម្រុះផ្សេង ទៀត ហើយតំបន់នេះជាតំបន់ហាមឃាត់ការធ្វើនេសាទ ដែលមានប្រជាពលរដ្ឋក្នុងសហគមន៍ រដ្ឋបាលជលផល និងមន្ត្រីជំនាញជាច្រើនទៀតជួយការងារទាំងអស់គ្នា ដើម្បីរក្សាបានផ្កាថ្ម និងមច្ឆាជាតិ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិមកមុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាទសមុទ្រនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង ។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទម្លាក់ដុំថ្មសិប្បនិមិត្តក្នុងតំបន់កោះរ៉ុងនាពេលនេះ និងបានអំពាវនាវប្រជានេសាទក្នុងសហគមន៍ ចូលរួមជាមួយអគ្គលេខាធិការសន្តិសុខលម្ហសមុទ្រថែរក្សា ការពារ និងគៀងគររកសប្បុរសជនចូលរួមសហការទម្លាក់ថ្មសិប្បនិមិត្តនេះបន្ថែមទៀត ដោយកន្លងមករដ្ឋបាលខេត្តបានធ្វើការអំពាវនាវសប្បុរសជនចូលរួមជាបន្តបន្ទាប់ មានដូចជាការដាំដុះកូនឈើឡើងវិញនៅតំបន់ក្បាលឆាយ ការលែងកូនត្រីរាជចំនួន២០០ក្បាលចូលបឹងធម្ម ជាតិនាពេលថ្មីនេះ ហើយក៍មានសប្បុរសជនបានចូលរួមជាបន្តបន្ទាប់ ដើម្បីផលប្រយោជន៍សាធារណៈ បំរើផលប្រយោជន៍ប្រទេសជាតិ ប្រជាពលរដ្ឋជាអ្នកទទួលបានផលប្រយោជន៍ពីការចូលរួមការពារថែរក្សាអភិរក្ស នៅតំបន់កោះរ៉ុង នៅពេលខាងមុខ ។ ក្នុងឱកាសនោះលោកអភិបាលខេត្តប្រកាសជួយថ្មសិប្បនិមិត្តចំនួន០២ដុំ ក្នុងមួយដុំតម្លៃ ៤០០ដុល្លាអាមេរិកផងដែរ ជាការរួមចំណែកក្នុងការអភិរក្សផ្កាថ្ម ជាជម្រកមច្ឆាជាតិ និងជីវៈចម្រុះ នៅតំបន់កោះរ៉ុង ៕






No comments:

Post a Comment