Thursday, September 07, 2017

ទស្សនវិភាគ៖ ការមិនចូលរួមក្នុងការបោះឆ្នោត២០១៨ ដោយសារគណបក្សសង្គ្រោះជាតិធ្វើពហិកាឬក៏បក្សនេះត្រូវរំលាយដោយច្បាប់!

បន្ទាប់ពីចំណាត់ការផ្លូវច្បាប់មកលើលោក កឹម សុខា ដែលបច្ចុប្បន្នកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនា គារ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានគំរាមធ្វើបាតុកម្មទាមទារដោះលែងលោក កឹម សុខា ហើយបញ្ជាក់ជំហរថា បើមិនដោះលែងទេនោះ គណបក្សខ្លួននឹងធ្វើពហិកាក្នុងការចូលរួមបោះ ឆ្នោតជាតិ នៅឆ្នាំ២០១៨ខាងមុខនេះ។ ប៉ុន្តែទិដ្ឋភាពបញ្ជាក់ថា ការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ គឺនៅចំហនៅ ឡើយទេថាតើបើអវត្តមានគណបក្សសង្គ្រោះជាតិមែននោះគឺមកពីអ្វី? ពហិកាដោយសាមីគណបក្ស ឬក៏ គណបក្សនេះត្រូវរំលាយ?

រឿងពហិកាជាសិទ្ធិស្វ័យសម្រេចរបស់គណបក្សសង្គ្រោះជាតិ។ រីឯការជាក់ស្តែងកន្លងមក គណបក្សប្រឆាំង មួយនេះបានត្រឹមលើកឡើងជាវោហារស័ព្ទតែប៉ុណ្ណោះ។ យោងបច្ចុប្បន្នភាពម្តងនេះ ចំណាត់ការផ្លូវច្បាប់ អាចនឹងនាំឱ្យមានទិដ្ឋភាពថ្មី ថាតើការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ មានវត្តមានចូលរួមរបស់ គណបក្សសង្គ្រោះជាតិដែរឬអត់? បើអត់ តើដោយសារពហិកាឬ ដោយសារគណបក្ស នេះត្រូវរំលាយ ដោយអំណាចច្បាប់?

ទឡ្ហីករណ៍ទី១ គឺការទម្លាក់ការចោទប្រកាន់លើលោក កឹម សុខា ពិតជាមិនអាចទេ ព្រោះអយ្យកាអមសាលា ដំបូងរាជធានីភ្នំពេញបានធ្វើការចោទប្រកាន់ជាផ្លូវការរួចហើយ និងឈានដល់ចៅក្រមស៊ើបសួរ បានសម្រេច ឃុំខ្លួនបណ្តោះអាសន្នទៀតផង បានសេចក្តីថាចូលដល់ដំណាក់កាលវិនិច្ឆ័យក្តី។ ទឡ្ហីករណ៍ទី២ គឺការដោះ លែងឱ្យនៅក្រៅឃុំ ក៏មិនអាចទៅរួចដែរ ព្រោះជាបទល្មើស «សន្ទិដ្ឋិភាពជាមួយបរទេស»។ ដូច្នេះជនជាប់ ចោទកឹម សុខា ងាយនឹងរត់ទៅជ្រកកោននៅស្ថានទូតបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួន។ ទឡ្ហីករណ៍ទី៣ បើតុលាការរកឃើញកំហុស នោះជនជាប់ចោទកឹម សុខា ក្លាយជាទណ្ឌិត។

យោងតាមច្បាប់គណបក្ស គឺមិនអនុញ្ញាតឱ្យទណ្ឌិតធ្វើជាមេដឹកនាំបក្ស ហើយគណបក្សត្រូវផ្តាច់ខ្លួនពីទណ្ឌិត។ វិសាលភាពនឹងឈានដល់បុគ្គលដទៃទៀតក្នុងជួរដឹកនាំគណបក្សសង្គ្រោះជាតិពាក់ព័ន្ធនឹង «បទក្បត់ជាតិ» ហើយបើតុលាការរកឃើញថា គណបក្សនេះត្រូវបានដឹកនាំធ្វើនយោបាយ បំពានល័ក្ខខ័ណ្ឌណា មួយដែលជា បម្រាមចែងក្នុងច្បាប់គឺគណបក្សសង្គ្រោះជាតិ ត្រូវប្រឈមនឹងការរំលាយចោល។

ដូច្នេះ៖ ១- បើកើតមានករណីរំលាយគណបក្សមុនការបោះឆ្នោត នោះគណបក្សសង្គ្រោះជាតិ នឹងគ្មានវត្តមាន ក្នុងប្រព័ន្ធពហុបក្សកម្ពុជាទៀតហើយ ទោះបក្សនេះពហិកា ក៏មិនសំខាន់ដែរ តែ ២- បើករណីរំលាយគណបក្ស ក្រោយការបោះឆ្នោត នោះពហិកា ឬមិនពហិកា ក៏គ្មានប្រយោជន៍អីដែរព្រោះសមាជិកសភា ក៏ត្រូវបាត់បង់ អាណត្តិរបស់ខ្លួនដោយស្វ័យប្រវត្តិជាមួយនឹងការរំលាយបក្ស។

អញ្ចឹងយកល្អក្រុមអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិ គួរតែរៀបចំបង្កើតគណបក្សថ្មីមួយ ឬត្រៀមយក គណបក្សសម រង្ស៊ី ឬ/និង គណបក្សសិទ្ធិមនុស្សដើម្បីបន្តជីវិតនយោបាយរបស់ខ្លួនសម្រាប់ការបោះឆ្នោតជាតិ ២០១៨ ខាងមុខ ប្រសើរជាជាងប្រើវោហារស័ព្ទ «ពហិការ»៕

(ប្រភព៖ ហ្វេសបុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)


No comments:

Post a Comment