Thursday, September 07, 2017

ស្ពានជ្រោយចង្វារចាស់ នឹងត្រូវផ្អាកទាំងស្រុងចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧

កាលបរិច្ឆេទ នៃការផ្អាកធ្វើចរាចរណ៍លើស្ពានមិត្តភាព កម្ពុជា-ជប៉ុន ឬស្ពានជ្រោយចង្វារទី១ ត្រូវបានរដ្ឋបាល រាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងប្រកាសថា នឹងត្រូវផ្អាកចរាចរណ៍ឆ្លងកាត់ទាំងស្រុង ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧តទៅ រហូតការដ្ឋានជួសជុលត្រូវបានចប់ជាស្ថាពរ នៅអំឡុងឆ្នាំ២០១៩។
នេះបើយោងតាមសេចក្តីជូន ដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងថា ការផ្អាកចរា ចរណ៍ឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះតទៅ ប៉ុន្តែការ សម្រេចនេះ មានការរិះគន់ និងការលើកឡើងជាច្រើនថា អាជ្ញាធរគួរតែទុកពេលឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅ ស្រុកកំណើតសិន នៅអំឡុងបុណ្យភ្ជំបិណ្ឌសិន។ ទើបនៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសផ្លាស់ ប្តូរ កាលបរិច្ឆេទនេះឡើងវិញតែម្តងទៅ ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានថ្លែងបន្ថែមថា «មូលហេតុលើកពេលបន្តទៀត នេះ ដោយសារកៀកនឹងពិធីបុណ្យភ្ជុំបិណ្ឌ ដែលពេលនោះ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាន ដើម្បីទៅកាន់ ស្រុកកំណើត ប្រាកដជានឹងកើនឡើងទ្វេរដង។ ដូច្នេះដើម្បីដោះស្រាយកាកស្ទះនេះ សាលារាជធានីភ្នំពេញ ត្រូវពន្យាពេលបន្តទៀតជាចំបាច់»។
ជាមួយគ្នានេះដែរលោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ក្រោយពេលផ្អាកធ្វើចរាចរណ៍ លើស្ពានជ្រោយចង្វារ ទី១នេះ អាជ្ញាធររាជធានីបានត្រៀមកម្លាំងរួចជាស្រេចទៅហើយ ក្នុងការសម្រួលចរាចរណ៍ ដោយសារ ប្រជាពលរដ្ឋត្រូវធ្វើដំណើរ ទៅមកលើស្ពានមិត្តភាព កម្ពុជា-ចិន ឬជ្រោយចង្វារទី២។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ ស្នើប្រជាពលរដ្ឋយោគយល់ក្នុងរយៈពេលនៃការជួសជុលនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ច ព្រមព្រៀងជួសជុលស្ពានជ្រោយចង្វារទី១ឡើងវិញ ជាមួយប្រធានទីប្រឹក្សាសាជីវកម្ម central consultant Inc, បន្ទាប់ពីអ្នកជំនាញពិនិត្យឃើញថា ស្ពានមានសភាពទ្រុឌទ្រោម។
បើតាមក្រសួងសាធារណការ ថវិកាសម្រាប់ជួសជុលស្ពានមិត្តភាពកម្ពុជា ជប៉ុននេះ គឺជាជំនួយឥត សំណង របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ចំនួន៣០លានដុល្លារ។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ ការជួស ជុលឡើងវិញនេះ ត្រូវការរយៈពេល២២ខែ។

គួររំលឹកថា ស្ពានជ្រោយចង្វារទី១ ត្រូវបានបំផ្លាញក្នុងឆ្នាំ១៩៧២។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ពោលគឺ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណង ពីរាជរដ្ឋាភិបាលជប៉ុនដើម្បីតភ្ជាប់ស្ពាន និងដាក់ឱ្យប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ៕

No comments:

Post a Comment