Monday, November 20, 2017

លិខិតមិត្តអ្នកអាន៖ កម្ពុជារួចផុតគ្រោះធំហើយ!

ការរំលាយគណបក្សសង្គ្រោះជាតិគឺជារបត់នយោបាយដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ បើទោះបីជាមានការបកស្រាយផ្សេងៗ គ្នាផ្នែកនយោបាយក៍ដោយ អ្នកខ្លះ អបអរសាទរ អ្នកខ្លះសោកស្តាយ អ្នកខ្លះថាជាការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអ្នកខ្លះទៀតព្រួយបារម្ភពីសម្ពាធអន្តរជាតិមកលើរាជរដ្ឋាភិបាលជាដើម។ ទាំងនេះគឺជាទស្សនៈយល់ឃើញរបស់បងប្អូនម្នាក់ៗ។

ប៉ុន្តែ សម្រាប់រូបខ្ញុំផ្ទាល់ ខ្ញុំចាត់ទុកថា ព្រឹត្តិការណ៍នេះ គឺជាការរំដោះគ្រោះដ៏ធំមួយពីប្រទេសកម្ពុជាទៅវិញទេ។ វាមិនមែនជាការសម្លាប់ប្រជាធិបតេយ្យទេ តែជាការគាស់រំលើងភាពអនាធិបតេយ្យដែលកំពុងរីករាលដាលពេញផ្ទៃប្រទេស។ វាមិនមែនជាដំណើរឈានទៅរកអំណាចផ្តាច់ការនោះទេ តែជាការរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញតែប៉ុណ្ណោះ។ វាក៏មិនមែនជាជំហានទៅរកការដឹកនាំតាមបែបឯកបក្សនោះឡើយ តែផ្ទុយទៅវិញ ពន្លកប្រជាធិបតេយ្យ និងសេរីពហុបក្សដែលជាគ្រឹះនៃប្រព័ន្ធនយោបាយកំណត់ក្នុងរដ្ឋធម្មនុញ្ញ ពោល គឺ របបរាជានិយមអាស្រ័យធម្មនុញ្ញ នឹងបន្តរីកលូតលាស់ និងមានសណ្តាប់ធ្នាប់ជាងមុន។ សូមកុំភ្លេចថា ប្រសិនបើយើងបណ្តោយទុកឲ្យស្ថានភាពកន្លងទៅនៅបន្ត កម្ពុជាពិតជាមិនបានសុខឡើយ ហើយប្រទេសជាតិកាន់តែឈានទៅរកភាពអនាធិបតេយ្យខ្លាំងឡើងៗ ហើយមិនយូរមិនឆាប់ ប្រទេសនេះនឹងធ្លាក់ក្នុងសភាពវឹកវរមិនអាចគ្រប់គ្រងបានរហូតបង្ហូរឈាមគ្នាជាក់ជាមិនខាន។

ក្នុងប្រវត្តិសាស្ត្រប្រទេសយើងរយៈពេលកន្លះសតវត្សរ៍ចុងក្រោយ មានព្រឹត្តិការណ៍ធំៗមួយចំនួនដែលគេបានកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រដោយចាត់ទុកជាគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជន ដែលគ្មានអ្នកណាអាចបញ្ចៀសបាន។ គ្រោះមហន្តរាយទាំងនោះមាន៖ ព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្តេចព្រះប្រមុខរដ្ឋ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី ១៨ មីនា ១៩៧០ ដែលធ្វើឲ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមចុះដុនដាបរហូត។ បន្ទាប់មកទៀតគឺ ព្រឹត្តិការណ៍មហាសោកនាដកម្មធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ក៏ដូចជារបស់មនុស្សជាតិ នោះគឺឡើងកាន់អំណាចនៃរបបវាលពិឃាដប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីថ្ងៃទី ១៧ មេសា១៩៧៥។

ទម្រាំតែយើងអាចរើខ្លួនរួចចេញពីសុបិនដ៏អាក្រក់ទាំងនោះ ប្រជាពលរដ្ឋខ្មែរយើងបានស្លាប់ស្ទើរផុតពូជ។ ហេដ្ឋារចនាសម្ព័ន្ធសង្គមត្រូវបានបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ធនធានមនុស្សត្រូវបានកម្ទេចស្ទើរតែអស់ ខណៈដែលអ្នកនៅរស់រានមានជីវិតរងការបំផ្លាញយ៉ាងខ្ទេចខ្ទាំទាំងផ្នែកស្មារតី និងរូបរាងកាយ។ នៅពេលដែលប្រទេសយើងចាប់ផ្តើមងើបឡើងវិញពីគំនរផេះផង់ដោយលំបាក មានព្រឹត្តិការណ៍មួយចំនួនទៀតដែលបានកើតឡើងក្នុងបំណងរុញច្រានប្រទេសឲ្យធ្លាក់ក្នុងសភាពវឹកវរសារជាថ្មី។ ជាក់ស្តែង ព្រឹត្តិការណ៍ថ្ងៃទី ៥និង ៦ កក្កដា ១៩៩៧ គឺជាគ្រោះមួយទៀតដែលប៉ុនប៉ងនាំប្រទេសទៅរកមហន្តរាយជាថ្មី ប៉ុន្តែ វាត្រូវបានរាំងខ្ទប់ទាន់ពេលវេលា។ ប្រទេសក៏បានស្ងប់ស្ងាត់រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ក៏មានគ្រោះធំមួយទៀតបានមកលងបន្លាចកម្ពុជាសារជាថ្មី។ បាតុកម្ម កុប្បកម្ម វឹកវរ ហិង្សា វាយកម្ទេច ដុតបំផ្លាញ មនុស្សស្លាប់ របួស និងទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើនបានខូចខាត។ សំណាងល្អគ្រោះនេះក៏ត្រូវទប់ស្កាត់បានម្តងទៀតដោយស្នាដៃបុរសខ្លាំងកម្ពុជា។

យ៉ាងណាក៏ដោយ ចំហាយបិសាចនៃគ្រោះចង្រៃដ៏ធំមួយនេះមិនទាន់រលាយសាបសូន្យទេ។ ពួកគេបានព្យាយាមធ្វើឲ្យវាផ្ទុះឡើងជាថ្មីនៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខ។ លើកនេះ គ្រោះអាសន្នកាន់តែរីកធំជាងពេលណាៗទាំងអស់ ហើយប្រទេសជាតិនឹងធ្លាក់ក្នុងភាពវឹកវរ បង្ហូរឈាមគ្នាជាថ្មីប្រសិនបើចំហាយបិសាចអាចផ្តុំគ្នាក្រោមមន្តអាគមន៍ពីខ្មោចខាងក្រៅ ដូចពាក្យចាស់បូរាណពោលថា ខ្មោចស្រុកឲ្យដៃ ទើបខ្មោចព្រៃអាចចូលបាន។ ខ្មោចស្រុក និងខ្មោចព្រៃកំពុងត្រូវរ៉ូវគ្នា ហើយខ្មោចស្រុកបានសុខចិត្តបើកដៃឲ្យខ្មោចព្រៃបង្ខិលក្បាលទាំងស្រុង។ នេះគឺជាគ្រោះធំណាស់សម្រាប់កម្ពុជា។ ប៉ុន្តែ ជាមហាភ័ព្វសំណាងម្តងទៀត ដែលព្រលឹងបិសាចដ៏ធំមួយនេះត្រូវបានវាយបំបែកសារជាថ្មីដោយស្នាដៃបុរសខ្លាំងកម្ពុជា។ អរគុណបុព្វបុរសខ្មែរ អរគុណទេវតាថែរក្សាព្រះរាជាណាចក្រដែលបានប្រទានបុរសខ្លាំងម្នាក់ដែលអាចនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិ ហើយនៅចាំថែរក្សាសន្តិភាពនេះជារៀងរហូតមកដោយមិនឲ្យអ្នកណាមកបំផ្លាញបាន កុំអីប្រទេសជាតិមិនដឹងជាត្រូវធ្លាក់ដល់បាតដាលណាទេ។

ពិតណាស់ពេលនេះ មនុស្សមួយចំនួនមានការព្រួយបារម្ភពីសម្ពាធអន្តរជាតិ ព្រួយបារម្ភពីវាសនាអនាគតប្រទេសជាតិ ប៉ុន្តែ សម្រាប់ខ្ញុំ ដោយផ្អែកលើជំនឿ និងភាពឡូហ្ស៊ិក ទាំងខាងអាណាចក្រ និងពុទ្ធចក្រ កម្ពុជាពេលនេះបានឆ្លងផុតគ្រោះធំហើយ។ ពីពេលនេះតទៅ ប្រជាជនកម្ពុជាអាចរស់នៅក្នុងសុខសន្តិភាព និងក្នុងស្ថិរភាពសង្គមបានរាប់សិបឆ្នាំទៅមុខទៀត។ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតក្នុងទ្វីបអាស៊ីដែរ សន្តិភាព សណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយជារបស់មានតម្លៃបំផុតជាងគេ។ ចំណែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ គឺជារបស់ចាំបាច់មិនអាចខ្វះបាន ប៉ុន្តែ របស់អស់ទាំងនេះត្រូវឲ្យវាកើតឡើងសន្សឹមៗក្រោមការគ្របដណ្តប់ដោយសន្តិភាព សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គម។ ដរាបណាប្រជាជនយើងមិនទាន់មានចំណះដឹងសមល្មម មិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ និងមិនទាន់មានការទទួលខុសត្រូវខ្ពស់ទេនោះ ពាក្យថាប្រជាធិបតេយ្យងាយណាស់នឹងក្លាយជាអនាធិបតេយ្យ។

រូបខ្ញុំផ្ទាល់ក៏ដូចជាពលរដ្ឋខ្មែរទូទៅដែរ មិនប្រាថ្នាចង់បានប្រជាធិបតេយ្យបែបអនាធិបតេយ្យទេ, មិនចង់ឃើញបាតុកម្មរញ៉រញ៉ៃតាមដងផ្លូវទេ, មិនចង់ឃើញមនុស្សដើរកាន់ដំបង, កាំបិត ដបសាំង, គប់ដាក់គ្នាដូច្នេះទេ ។ យើងមិនចង់ឃើញសេរីភាពនៃការបញ្ចេញមតិតាមបែបជេរប្រទិចគ្នាដូចសព្វថ្ងៃនេះទេ តែចង់ឃើញការបញ្ចេញមតិតាមបែបផ្តល់គំនិត យោបល់ល្អៗដែលជាការចែករម្លែកចំណេះដឹងថ្មីៗដល់គ្នាទៅវិញទៅមកប្រកបដោយន័យស្ថាបនា។ យើងមិនចង់ឃើញពហុបក្សដើម្បីកាប់ចាក់គ្នាគ្រាន់តែឈោងចាប់អំណាចដូចកន្លងទៅនោះទេ តែយើងចង់ឃើញ ពហុបក្សដែលមានប្រកួតគ្នាដោយគំនិត ដោយគោលនយោបាយ និងដោយទង្វើជាក់ស្តែងដើម្បីបង្ហាញស្នាដៃជូនម្ចាស់ឆ្នោត។ យើងមិនចង់ឃើញអ្នកនយោបាយដែលយកពលរដ្ឋធ្វើឈ្នាន់ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួនទេ តែយើងចង់ឃើញអ្នកនយោបាយដែលស្វែងរកសុខសន្តិភាព និងភាពរីកចម្រើនជូនពលរដ្ឋរបស់ខ្លួន។ យើងក៏មិនចង់ឃើញពលរដ្ឋខ្មែរគាំទ្រនយោបាយផ្កាប់មុខ ងងឹតងងុល ដោយគ្មានពិចារណានោះដែរ តែយើងចង់ឃើញពលរដ្ឋយើងចេះជួយតម្រង់អ្នកនយោបាយតាមរយៈការហ៊ាននិយាយកែលម្អចំណុចខ្សោយរបស់អ្នកនយោបាយជាពិសេសកែលម្អគណបក្សដែលខ្លួនស្រឡាញ់។

ដូច្នេះព្រឹត្តិការណ៍ថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ ២០១៧ មិនមែនជារឿងសោកសៅសោះឡើយ ប៉ុន្តែ វាជាការរំដោះគ្រោះធំណាស់ចេញពីប្រទេស។ ពីពេលនេះទៅ ប្រទេសយើង និងប្រជាជនយើងនឹងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងរយៈពេលយ៉ាងយូរដោយគ្មានការរំខានធំដុំទេ ដូចពាក្យសុភាសិតបូរាណពោលថា ក្រោយពេលភ្លៀងធ្លាក់មេឃស្រឡះ។ សូមបងប្អូនខ្មែរចងចាំថា សេចក្តីសុខរបស់ខ្មែរគឺជាការរស់នៅតាមរបៀបខ្មែរ។ សង្គមខ្មែរមិនអាចមានសេចក្តីសុខទេបើយើងចេះតែចង់ចម្លងវប្បធម៌ពីលោកខាងលិចយកមកដាក់នោះ។ វាគ្រាន់តែជាការស្រម៉ៃតែប៉ុណ្ណោះ។ បិតាស្ថាបនិកប្រទេសសិង្ហបូរីដែលបានដឹកនាំប្រទេសលើដីកោះដ៏តូចមួយឲ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជាងគេមួយក្នុងលោកបានមានប្រសាសន៍ថា គេមិនអាចយកប្រជាធិបតេយ្យបែបលោកខាងលិចមកអនុវត្តក្នុងប្រទេសអាស៊ីបានឡើយ។ នេះជាទស្សនៈវិជ្ជាដែលយើងគ្រប់គ្នាគួរសិក្សា និងពិចារណាឡើងវិញ ហើយឈប់ស្រមើស្រមៃអំពីប្រជាធិបតេយ្យដែលខុសពីផ្នត់គំនិតសង្គមរបស់ខ្លួនតទៅទៀតពីព្រោះយើងពិតជាមិនអាចកាត់ក្បាលតម្រូវមួកបានឡើយ។
លទ្ធផលជាក់ស្តែងបានបង្ហាញហើយនៅប្រទេសកម្ពុជាយើង អ្នកដែលប៉ុនប៉ងចម្លងតាមវប្បធម៌លោកខាងលិចមកដាក់នៅស្រុកខ្មែរ បាននាំប្រទេសឲ្យជួបភាពអនាធិបតេយ្យ បែកបាក់ និងពោរពេញដោយគំនុំគំគួនគ្នាកាន់តែខ្លាំងឡើងៗ។ នេះមិនមែនជាប្រជាធិបតេយ្យដែលពួកគេអួតចង់បាននោះទេ តែជាភាពអនាធិបតេយ្យដ៏គ្រោះថ្នាក់បំផុត។ យ៉ាងណាក៏ដោយ ពេលនេះ កម្ពុជាយើងបានឆ្លងផុតពីគ្រោះដ៏ធំនោះហើយ។ សូមបងប្អូនពលរដ្ឋខ្មែរជួបតែសំណាងល្អគ្រប់ៗគ្នា!






ដោយ៖ សូរ គងជ័យ

No comments:

Post a Comment