Monday, November 20, 2017

លិខិតពីពាណិជ្ជករ៖ កម្ពុជាកំពុងដើរលើផ្លូវស្របគ្នានៃតម្លៃអាស៊ានក្នុងសករាជថ្មីដើម្បីការរីកចម្រើនដោយចីរភាព!

ប្រទេសអាស៊ានទាំង១០ ដែលមានចំនួនប្រជាជនជាង៦៥០លាននាក់ គឺកំពុងក្លាយជាប៉ូលមួយដ៏សំខាន់របស់ពិភពលោកទាំងខាងសេដ្ឋកិច្ច និងខាងភូមិសាស្ត្រនយោបាយ។ ចំណុចខ្លាំងរបស់អាស៊ាននៅក្នុងសករាជថ្មីនៃយុគ្គសម័យទំនើបនេះ គឺអាស៊ានបានរះឡើងយ៉ាងត្រ​ដែត និងមានតម្លៃក្នុងភាពជាដៃគូស្មើភាពជាមួយមហាអំណាចទាំងអស់ដែលរួមមានសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាដើម។

ទោះបីមហាអំណាចខ្លះបានព្យាយាមប្រើឥទ្ធិពលលូកចូលមកប្រទេសខ្លះជាសមាជិកអាស៊ាន ក្នុងគោលដៅប្រើប្រាស់ទីនេះជាឈ្នាន់ប្រកួតប្រជែងឥទ្ធិពលនយោបាយ និងផលប្រយោជន៍ ជាមួយមហាអំណាចមួយទៀត តែមហាអំណាចទាំងនោះពិតជាមានការប្រយ័ត្នប្រយែងជាងពេលណាៗក្នុងការដែលអាចធ្វើឱ្យអន្តររាយជាពិសេសលើធនធានសេដ្ឋកិច្ច។ យើងត្រូវទទួលស្គាល់ថា អាស៊ានតែមួយតែអាស៊ានបច្ចុប្បន្នគឺនៅមិនទាន់មានលក្ខណៈរួមលើរបៀបរបបដឹក​នាំរដ្ឋនោះទេ។ ក៏ប៉ុន្តែ អាស៊ានមានស្មារតីរួមមួយគឺមិនចំណុះឱ្យមហាអំណាចណាមួយ ហើយក៏មិនអនុញ្ញាតឱ្យមហាអំណាចណាមួយដាក់អាណានិគមលើប្រទេសខ្លួនដូចអតីតកាលដែរ។ ពីព្រោះក្នុងអតីតកាលជាង៦០ឆ្នាំមុន ប្រទេសជាច្រើននៅក្នុងអាស៊ានសុទ្ធតែធ្លាប់មានបទពិ​សោ​ធន៍ជូរចត់ស្ថិតនៅក្រោមអាណានិគមបរទេស។ ឥឡូវនេះ គឺប្រទេសនីមួយៗសុទ្ធតែបានខិតខំមិនឱ្យមេរៀនអាណានិគមអតីតកាលវិលត្រឡប់មកវិញទេ។

លើចំណុចដូចគ្នាវិញ គឺអាស៊ានមានកង្វល់រួម និងការគិតគូរប្រយោជន៍សេដ្ឋកិច្ចដូចៗគ្នា។ បើនិយាយភាសាសាមញ្ញ សករាជថ្មីនេះគឺ «អាស៊ានចេះបោកមហាអំណាចយកលុយកសាងប្រទេសជាតិខ្លួន»។ ពីមុន អាណានិគមបានប្រមូលធនធានពីអាស៊ានយកទៅកសាងប្រទេសខ្លួន។ ឥឡូវនេះ ដល់ពេលវេលាដែលអាស៊ាន ចេះប្រើវិធីយកលុយពីមហាអំណាចមកកសាងប្រទេសជាតិខ្លួនវិញដែរហើយ។

តើអ្វីជាតម្លៃនិងស្មារតីអាស៊ាន ក្នុងការកេងយកចំណេញពីមហាអំណាចវិញ? ប្រសិនបើមើលពីចំណុចរបៀបរបបដឹកនាំនិងអភិបាលកិច្ច គឺប្រទេសនីមួយៗក្នុងអាស៊ានមិនដូចគ្នាទេ។ ប្រ​ទេសសឹង្ហបុរី ប្រកាន់យកការដឹកនាំតាមរបបសាធារណរដ្ឋ គឺ «វិន័យ និង ច្បាប់»។ ប្រទេសថៃ ជាប្រទេសរាជានិយម គឺធ្វើរដ្ឋប្រហារជាច្រើនដងហើយបច្ចុប្បន្ននៅក្រោមការដឹកនាំដោយរបបសឹកយោធា។ ប្រទេសវៀតណាម គឺដឹកនាំជាឯកបក្សដូចគ្នានឹងប្រទេសឡាវ។ ប្រទេសមីយ៉ាន់មា គឺកំពុងមានបញ្ហាសិទ្ធិមនុស្ស និងពាក់កណ្តាលយោធា។ ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ឌូតឺតេ គឺហ៊ានរហូតជេរប្រទេចចំពោះប្រទេសមហាអំណាច។

ប្រ​សិនបើមើលពីយុទ្ធសាស្ត្រសេដ្ឋកិច្ចវិញ ទោះបីប្រទេសខ្លះក្នុងអាស៊ានប្រកាន់យករបប សា​ធារណរដ្ឋនិយម របបសង្គមនិយម ឬរបបរាជានិយម ក៏ប៉ុន្តែ ប្រទេសក្នុងអាស៊ាននីមួយៗប្រ​កាន់យកគោលការណ៍ «សេដ្ឋកិច្ចទីផ្សារសេរី» ដូចគ្នាគឺដើម្បីឱ្យប្រទេសជាតិមានការរីកចម្រើន​ខាងសេដ្ឋកិច្ច។ ដូច្នេះតើអាស៊ានចង់បានអ្វីពិតប្រាកដ? គឺចង់បានការរីកចម្រើនខាងសេដ្ឋកិច្ច​និងជីវភាពសង្គម ច្រើនជាងនយោបាយនិងមនោគមន៍វិជ្ជា។

មហាអំណាចប្រើឥទ្ធិពល២យ៉ាងដើម្បីយកសមាណចិត្តប្រទេសក្នុងអាស៊ាន គឺ «ជំនួយហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍន៍» និង «មនោគមន៍វិជ្ជា»។ លើភាពជាក់ស្តែង មនោគមន៍វិជ្ជា លែងមានឥទ្ធិពលហើយនៅពេលដែលជំនួយអភិវឌ្ឍន៍ជាក់ស្តែងគឺមានឥទ្ធិពលជាងឆ្ងាយណាស់។ យើ​ង​ត្រូវហ៊ាននិយាយត្រង់ថា សហរដ្ឋអាមេរិក នៅតែបន្តប្រើប្រាស់ «មនោគមន៍វិជ្ជា» ខណៈដែ​លមហាអំណាចចិនផ្តោតលើជំនួយជាក់ស្តែងដ៏មានប្រសិទ្ធភាព។ ឬអាចនិយាយម្យ៉ាងទៀត អាមេរិកស្នេហាបានត្រឹមសន្យា ខណៈចិន ហ៊ានឱ្យលុយ ឡាន និងផ្ទះជាក់ស្តែង។ ចំ​ណុចមួយដែលអាស៊ានមានស្មារតីយល់ស្របដូចគ្នា ហើយកម្ពុជាក៏យល់ដូចគ្នាដែរនៅត្រង់ថា៖ «បើមនោគមន៍វិជ្ជារីក គឺប្រជាជនបែកបាក់ ប្រទេសជាតិចុះខ្សោយ។ បើមនោគមន៍វិជ្ជារស់ គឺប្រែមកថា មនុស្សស្លាប់»។ តម្លៃម្យ៉ាងទៀត៖ «បើសេដ្ឋកិច្ចរីក ប្រជាជនរស់។ បើសេដ្ឋកិច្ចរស់ ប្រជាជនរីកចម្រើន»។

ប្រជាជនកម្ពុជា ក៏បានបង្ហាញភាពខ្លាំងរបស់ខ្លួនលើចំណុចនេះ តាមរយៈការរួមគ្នាបំផ្លាញចោលតាមផ្លូវច្បាប់នូវភ្នាក់ងារមនោគមន៍វិជ្ជាបរទេសដែលភ្នាក់ងារនេះមិនត្រឹមជាឧបករណ៍បំផ្លាញសេដ្ឋកិច្ចជាតិ គឺនឹងរាលដាលដល់ការបើកឱកាសឱ្យអាណានិគមបែបថ្មីវិលចូលមកត្រួតត្រាកម្ពុជាជាថ្មីផង។ ប៉ុន្តែ កម្ពុជា រួមគ្នាធ្វើបានសម្រេចដើម្បីចាប់យកស្ថិរភាពជាតិ ដែលជាគ្រឹះសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ជាចម្បង។ អាស៊ាន ពិតជាឆ្លាតជាងមុន ប្រ​សិនបើយើងមើលពីការអនុវត្តន៍ថ្មីៗបន្ថែមទៀត។ ប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ ទោះបីជាប្រើសម្តីធំដាក់រដ្ឋការអាមេរិក និងមានភាពតានតឹងជាមួយ ចិន ក៏ប៉ុន្តែ លោក ឌូតឺតេ ធ្វើឱ្យលោក ដូណាល់ ត្រាំ កក់ក្តៅហើយអាចយកលុយជំនួយពីមហាអំណាចចិនជាច្រើនយកមកកសាងប្រទេសខ្លួន។ ករណីប្រទេសវៀតណាមវិញ បើទោះបីមានអតីតកាលជូរចត់ជាមួយសហរដ្ឋអាមេរិកយ៉ា​ងណា ទោះបីជាត្រូវគេហៅថា ជាប្រទេសកុម្មុយនិស្ត ក៏ប៉ុន្តែ វៀតណាម អាចយកការវិនិយោគ ជំនួយយោធា និងជំនួយដ៏ទៃទៀតពីអាមេរិកបាន។

ក្នុងទ្រឹស្តីនយោបាយនិងការទូតគឺ៖ «គ្មានមិត្តអមតៈ និងក៏គ្មានសត្រូវជារៀងរហូតដែរ»។ កិច្ចសហការដែលគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ទើបមានតម្លៃយូរអង្វែង។ ក្នុងសករាជថ្មីនេះ អាស៊ាន ពិតជាបង្ហាញភាពទន់ភ្លន់ជាមួយមហាអំណាច តែគ្មានប្រទេសអាស៊ានណាមួយឱនក្បាលឲ្យមហាអំណាចដាក់អាណានិគមបែបថ្មី តាមគ្រប់រូបភាពនោះទេ។ បន្ទាត់នយោបាយរបស់អាស៊ានក្នុងសករាជថ្មីគឺ «សេដ្ឋកិច្ចកំណត់នយោ​បាយ​» ដែលមានន័យថា សេដ្ឋកិច្ចជាតិគឺមុនគេបង្អស់។ ករណីនៅប្រទេសថៃ គឺសុខចិត្តព្យួរចោលប្រជាធិបតេយ្យដើម្បីរក្សាស្ថិរភាព និងការអភិវឌ្ឍន៍ប្រទេសតទៅទៀត។ នេះក៏មិនខុសពី សហរដ្ឋអាមេរិក ក្នុងរជ្ជកាល ដូណាល់ ត្រាំ ដែលសម្រេចយកផលប្រយោជន៍អាមេរិកាំងមុនគេនោះដែរ។ ដូចគ្នាដែរ ប្រជាជនកម្ពុជា ក៏ចេះឆ្លាតជាមួយបរទេសដែលអាចចរចាជាកម្រិតទ្វេភាគី ឬពហុភាគី ជាកម្រិតវិស័យឯកជន ឬជាកម្រិតរដ្ឋ ក្នុងការទាក់ទាញយកការវិនិយោគ និងយក «លុយ» ជាជំនួយពីបរទេសមកអភិវឌ្ឍន៍ជាតិយើងបន្តទៀត។ ភាសាធានាគារ គឺ ៖ «អ្នកដែលគេឱ្យខ្ចីលុយ គឺជាអ្នកដែលមានគុណសម្បត្តិល្អណាស់»។ យើងធ្វើបាន គឺយើងជោគជ័យ។

ផលប្រយោជន៍តែងតែនៅមុខគេ ជាពិសេសផលប្រយោជន៍សេដ្ឋកិច្ច ត្រូវតែនៅខ្ពស់ជាងនយោបាយ។ នេះជាអ្វីដែលបរទេសមើលយើង ហើយយើងក៏ត្រូវចេះសំឡឹងទៅបរទេសក្នុងខ្លឹមសារដូចគ្នា។ សេដ្ឋកិច្ចកម្ពុជា គឺពិតជាស្ថិតក្នុងស្ថានភាពល្អដោយសារគ្រឹះនៃលទ្ធផលនៃកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះ ភាពឆ្លាតវៃខាងសេដ្ឋកិច្ច និងការបន្តរួមគ្នាជាធ្លុះដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជាមិនត្រឹមពង្រីកបាននូវគ្រឹះសេដ្ឋកិច្ចដ៏ល្អរឹងមាំបន្ថែមទៀតសម្រាប់អនាគតយូរអង្វែងប៉ុណ្ណោះទេ ពោលគឺកម្ពុជាក៏បានរួមចំណែកក្នុងតម្លៃអាស៊ានដោយស្មើមុខ និងស្មើភាពជាមួយបណ្តាប្រទេសក្នុងតំបន់និងសកលលោកផងដែរ។ នេះជាអ្វីដែលហៅថា «តម្លៃអាស៊ាន» មិនចំណុះអាណានិគមបែបថ្មីនោះទេ ក៏ប៉ុន្តែគឺភាពឯករាជ្យទាំងខាងសេដ្ឋកិច្ច នយោបាយ និងអធិបតេយ្យជាត៕

ដោយ៖ ពាណិជ្ជករផ្នែកអចលនទ្រព្យនិងសំណង់


No comments:

Post a Comment