Monday, November 20, 2017

នៅសាលាក្រុងកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចអភិបាលស្រុកជលគីរី មកជាអភិបាលក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាក្រុងកំពង់ឆ្នាំង បានប្រកាសផ្ទេរភារកិច្ចអភិបាលស្រុកជលគីរី មកជាអភិបាលក្រុងកំពង់ឆ្នាំង។ ពិធីនេះប្រារព្ធក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី លោក អម សុភា នាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សមាជិកសមាជិកាក្រុមប្រឹក្សាក្រុង លោក លោកស្រី ប្រធានការិយាល័យអង្គភាពជុំវិញក្រុង ចៅសង្កាត់ មេប៉ុស្តិ៍ និងមន្រ្តីរាជការសាលាក្រុងកំពង់ឆ្នាំង សរុបចំនួន១៦២នាក់ ។

លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំងចាស់ បានមានមតិស្វាគមន៍ដោយបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលសម្រេចបានកន្លងមក របស់ក្រុងកំពង់ឆ្នាំង មានការរីកចំរើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថេរភាព ជូនប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។

លោក អម សុភា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអានអនុក្រឹត្យលេខ១១៦៩ អនក្រ.តត ចុះថៃ្ងទី១៧ ខែតុលា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ដែលបានផ្ទេរភារកិច្ចលោក យិន សាវ៉េន ភិបាលស្រុកជលគីរី មកជាអភិបាលក្រុងកំពង់ឆ្នាំង ជំនួសលោក ហៃម នោរម្យ ដែលត្រូវផ្ទេរភារកិច្ចជាទៅអភិបាលស្រុកជលគីរី និងប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៥០៤៤ ប្រក ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រូវបានផ្ទេរភារកិច្ចលោក ក្រូច ម៉ារ៉ា ពីអភិបាលរងស្រុកសាមគ្គីមានជ័យ និងលោកស្រី ពេជ ឃន អភិបាលរងស្រុកកំពង់ត្រឡាច ត្រូវបានផ្ទេរភារកិច្ចជាអភិបាលរងក្រុងកំពង់ឆ្នាំង។

បន្ទាប់ពីគណៈអធិបតី បានប្រគល់អនុក្រឹត្យត្រានិងប្រកាស រួចមកលោក យិន សាវ៉េន បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ នៅក្នុងគណៈអភិបាលស្រុក និងជាបណ្តាការិយាល័យ អង្គភាពជុំវិញក្រុង កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋការពាររដ្ឋធម្មនុញ្ញកម្ពុជា។
លោក យិន សាវ៉េន បានបន្តថាលោកនឹង រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ។យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋចូលរួមប្រឡងប្រណាំងបន្តអភិវឌ្ឍន៍សោភ័ណ្ឌភាពរបស់ក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ដោយសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើដល់លោក យិន សាវ៉េន អភិបាលក្រុងដែលទើបផ្ទេរភារកិច្ចមកកាន់ក្រុងកំពង់ឆ្នាំងថ្មី អោយខិតខំបំពេញភារកិច្ចអោយបានល្អ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនិតិកាលទី៥ នៃរដ្ឋសភា ដែលមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ។ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយដោះស្រាយទំនាស់ដីធ្លី បញ្ហាប្រឈមដែលជាកង្វល់ របស់ប្រជាពលរដ្ឋ និងមានតម្លាភាពចំពោះមន្រ្តីរាជក្រោមឱវាទ ជាពិសេសត្រូវសហការក្នុងជួរគណៈអភិបាលក្រុងកំពង់ឆ្នាំង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅទទួលបានសូចនករមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕












No comments:

Post a Comment