Monday, November 20, 2017

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបួងសួងនៅមុខប្រាសាទអង្គរវត្តនៅថ្ងៃទី០២-០៤ ខែធ្នូ ខាងមុខ

នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១០២ សសរ ចុះថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជានៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ២០១៧ ឆ្នាំ២០១៧ នាពេលខាងមុខ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចផងដែរ។

សូមជម្រាបជូនផងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបួងសួងចម្រើនសេចក្តីសុខនេះរួចមក គណៈកម្មការក៏បានបង្កើតអនុគណៈកម្មការចំនួន ៧ទៀត ដើម្បីចូលរួមឱ្យដំណើរការពិធីបួងសួងនេះបានសម្រេចទៅដោយជោគជ័យរួមមាន៖ ទី១- អនុគណៈកម្មការខ្លឹមសារ កម្មវិធី ទស្សនីយភាព និងពិធីក្រុងពាលី (ដឹកនាំដោយ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន) ទី២- អនុគណៈកម្មការនិមន្ត រៀបចំចង្ហាន់ ការគង់នៅ របស់ព្រះសង្ឃ (ដឹកនាំដោយលោកស្រី ភឿង សកុណា) ទី៣- អនុគណៈកម្មការចាត់តាំង ដឹកជញ្ជូន និងមហាជន (ដឹកនាំដោយលោក ហ៊ុន ម៉ានី) ទី៤- អនុគណៈកម្មការផ្សព្វផ្សាយ (ដឹកនាំដោយលោក ខៀវ កញារិទ្ធិ) ទី៥- អនុគណៈកម្មការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់ (ដឹកនាំដោយ នាយឧត្តមសេនីយ៍ នេត សាវឿន) ទី៦- អនុគណៈកម្មការពិធីការ និងបដិសណ្ឋារកិច្ច (ដឹកនាំដោយលោក ឈិន កេតនា) ទី៧- អនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ (ដឹកនាំដោយលោក តឹករ៉េត សំរេច)៕







No comments:

Post a Comment